[តៃប៉ិ]៖ កងទ័ពតៃវ៉ាន់បានធ្វើសមយុទ្ធហាត់សមការពារស្ពាន Danjiang ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់មួយ អាចក្លាយជាផ្លូវឆ្លងសម្រាប់កងកម្លាំងចិនឆ្ពោះទៅកាន់រដ្ឋធានីតៃប៉ិ ប្រសិនបើមានការឈ្លានពាន។ សកម្មភាពនេះធ្វើឡើងក្នុងថ្ងៃទី២ នៃសមយុទ្ធយោធាប្រចាំឆ្នាំ Han Kuang ដែលមានគោលបំណងសាកល្បងសមត្ថភាពរបស់តៃវ៉ាន់ក្នុងការទប់ទល់នឹងការវាយប្រហារដែលអាចកើតមាន។

សមយុទ្ធ Han Kuang ដែលមានរយៈពេល១០ថ្ងៃ បានចាប់ផ្តើមកាលពីថ្ងៃពុធ ដោយផ្តោតលើការពង្រឹងការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពតៃវ៉ាន់ ចំពោះសេណារីយ៉ូនៃការវាយប្រហារពីប្រទេសចិន។ ទីក្រុងប៉េកាំងនៅតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានប្តេជ្ញាថានឹងនាំកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យនេះ មកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយប្រើកម្លាំងប្រសិនបើចាំបាច់ ខណៈរដ្ឋាភិបាលតៃវ៉ាន់បន្តច្រានចោលការអះអាងអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។

ស្ពាន Danjiang ដែលទើបបើកឱ្យប្រើប្រាស់នៅដើមឆ្នាំនេះ ឆ្លងកាត់ច្រកចូលទន្លេ Tamsui ដែលជាផ្លូវចូលសំខាន់ទៅកាន់រដ្ឋធានីតៃប៉ិ ទោះបីស្ថិតនៅក្នុងទីក្រុង New Taipei ក៏ដោយ។ ស្ពាននេះត្រូវបានគេចាត់ទុកថាជាស្ពានខ្សែកាបដែលមានបង្គោលតែមួយវែងជាងគេនៅលើពិភពលោក។

ក្នុងអំឡុងសមយុទ្ធពេលយប់ កងទ័ពបានដាក់របាំងលួសបន្លា បាវខ្សាច់ និងរៀបចំទីតាំងការពារនៅលើស្ពាន។ រថយន្តយោធា និងរថយន្តដឹកសម្ភារៈបានចូលទៅក្នុងតំបន់ស្ពាន ដើម្បីដាក់ពង្រាយឧបសគ្គ ខណៈអ្នកថ្មើរជើង និងអ្នកជិះកង់នៅតែអាចធ្វើដំណើរឆ្លងកាត់ផ្នែកដែលមិនត្រូវបានបិទ។

លោក Chieh Chung អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខតៃវ៉ាន់ ដែលបានសង្កេតមើលសមយុទ្ធនេះ បានថ្លែងថា ការការពារស្ពាន Danjiang មានសារៈសំខាន់ខ្លាំងក្នុងករណីមានសង្គ្រាម។ លោកពន្យល់ថា ប្រសិនបើកងកម្លាំងឈ្លានពានអាចដណ្តើម និងរក្សាស្ពាននេះឱ្យនៅបើកចំហ ពួកគេនឹងអាចផ្លាស់ទីកងទ័ព និងការផ្គត់ផ្គង់ឆ្លងកាត់ទន្លេ Tamsui បានយ៉ាងឆាប់រហ័ស ដើម្បីចូលទៅកាន់តំបន់ជាយរដ្ឋធានីតៃប៉ិ ពីតំបន់ឆ្នេរភាគខាងជើង ដែលត្រូវបានចាត់ទុកថាសមស្របសម្រាប់ការចុះចតកងកម្លាំងទ្រង់ទ្រាយធំ។

លោកបានបន្ថែមថា ប្រសិនបើស្ពាន Danjiang នៅតែបើកប្រើប្រាស់ កងកម្លាំងសំខាន់របស់ភាគីឈ្លានពាននឹងអាចឆ្លងទៅកាន់ច្រាំងខាងជើងនៃទន្លេ Tamsui និងបន្តឆ្ពោះទៅកាន់ទីក្រុងតៃប៉ិបានយ៉ាងលឿន។ ដូច្នេះ ការគ្រប់គ្រង ឬការបិទស្ពាននេះ នឹងក្លាយជាកត្តាសំខាន់ក្នុងការរារាំងការរុលចូលរបស់កងទ័ពសត្រូវ។ ទោះបីសមយុទ្ធលើកនេះមិនបានក្លែងធ្វើការបិទស្ពានទាំងស្រុងក៏ដោយ លោក Chieh Chung បានបញ្ជាក់ថា វាបានជួយឱ្យកងទ័ពប្រមូលទិន្នន័យអំពីល្បឿននៃការដាក់ពង្រាយឧបសគ្គ និងវាយតម្លៃធនធានដែលត្រូវការសម្រាប់បិទផ្លូវឆ្លងកាត់នេះ ក្នុងករណីមានសង្គ្រាមពិតប្រាកដ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters