ក្រុមហ៊ុនការពារជាតិអាមេរិក Northrop Grumman បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរយៈពេល ២ ឆ្នាំ ដែលមានតម្លៃសរុបជាង ៣ ពាន់លានដុល្លារ ដើម្បីពន្លឿនការផលិតសមាសធាតុសំខាន់ៗសម្រាប់ប្រព័ន្ធមីស៊ីលការពារដែនអាកាស និងមីស៊ីលរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះធ្វើឡើងដោយសហការជាមួយក្រសួងការពារជាតិសហរដ្ឋអាមេរិក និងក្រុមហ៊ុន Lockheed Martin ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតកម្ម ពន្លឿនការផ្គត់ផ្គង់បច្ចេកវិទ្យាមីស៊ីលសំខាន់ៗ និងពង្រឹងប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។

ក្នុងចំណោមកិច្ចព្រមព្រៀងសំខាន់ៗ មានកិច្ចព្រមព្រៀងតម្លៃប្រមាណ ២ ពាន់លានដុល្លារ សម្រាប់ពន្លឿនការផលិតម៉ូទ័ររ៉ុក្កែតរឹង និងសមាសធាតុសំខាន់ៗរបស់មីស៊ីល Patriot Advanced Capability-3 Missile Segment Enhancement (PAC-3 MSE) ដែលជាប្រព័ន្ធការពារដែនអាកាសទំនើប កំពុងមានតម្រូវការកើនឡើងយ៉ាងខ្លាំងនៅលើពិភពលោក។ ក្រោមកិច្ចព្រមព្រៀងនេះ Northrop Grumman នឹងផ្គត់ផ្គង់ម៉ូទ័ររ៉ុក្កែតរឹង ឧបករណ៍សុវត្ថិភាពបញ្ឆេះ និងសមាសធាតុសំខាន់ៗផ្សេងទៀត ដែលជាផ្នែកមូលដ្ឋាននៃប្រព័ន្ធ PAC-3 MSE ដើម្បីគាំទ្រដល់ការពង្រឹងសមត្ថភាពការពារដែនអាកាស និងការការពារមីស៊ីលរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាដៃគូ។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានចុះកិច្ចព្រមព្រៀងតម្លៃប្រមាណ ១ ពាន់លានដុល្លារ សម្រាប់បង្កើនការផលិតសមាសធាតុនៃប្រព័ន្ធការពារមីស៊ីល Terminal High Altitude Area Defense (THAAD)។ ក្រោមផែនការរយៈពេល ៧ ឆ្នាំ Northrop Grumman នឹងបង្កើនការផ្គត់ផ្គង់សមាសធាតុ THAAD ជារៀងរាល់ខែ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់កងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត។

ដើម្បីគាំទ្រដល់ការពង្រីកផលិតកម្ម ក្រុមហ៊ុនកំពុងវិនិយោគយ៉ាងច្រើនលើការរចនា បច្ចេកវិទ្យាផលិត និងរោងចក្រផលិតម៉ូទ័ររ៉ុក្កែតរឹងជំនាន់ថ្មី ដែលមានសមត្ថភាពហោះហើរឆ្ងាយ និងល្បឿនលឿនជាងមុន។ ចាប់តាំងពីឆ្នាំ២០២១ Northrop Grumman បានបង្កើនសមត្ថភាពផលិតកម្មជាបន្តបន្ទាប់ ដោយបង្កើនសមត្ថភាពផលិតម៉ូទ័ររ៉ុក្កែតរឹងទ្វេដងនៅរោងចក្ររដ្ឋ Utah បង្កើនជិតបីដងនៅ Allegany Ballistics Laboratory (ABL) រដ្ឋ West Virginia និងបង្កើនសមត្ថភាពផលិតកម្មប្រមាណ ២៥ ភាគរយនៅរោងចក្រ Elkton រដ្ឋ Maryland។ លោក Ben Davies អនុប្រធានក្រុមហ៊ុន Northrop Grumman បានថ្លែងថា ការវិនិយោគរយៈពេលវែងលើបច្ចេកវិទ្យាផលិតកម្មទំនើប និងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ បានអនុញ្ញាតឱ្យក្រុមហ៊ុនបម្លែងពីការផលិតក្នុងកម្រិតធម្មតា ទៅកាន់ការបង្កើនផលិតកម្មក្នុងល្បឿនមិនធ្លាប់មានពីមុន។

លោកបានបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនផលិតម៉ូទ័ររ៉ុក្កែតរឹងឈានមុខគេមួយរបស់សហរដ្ឋអាមេរិក Northrop Grumman កំពុងគាំទ្រយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលអាមេរិក ក្នុងការបង្កើនទិន្នផលផលិតគ្រាប់រំសេវ និងប្រព័ន្ធមីស៊ីល ដើម្បីធានាថាវិស័យការពារជាតិអាមេរិកនៅតែមានភាពរឹងមាំ និងអាចឆ្លើយតបទាន់ពេលវេលាចំពោះការគំរាមកំហែងសន្តិសុខជាសកល។ ក្រុមហ៊ុនបានឱ្យដឹងថា ក្នុងរយៈពេលនៃកិច្ចព្រមព្រៀងរយៈពេល ៧ ឆ្នាំ ខ្លួននឹងបង្កើនអត្រាផលិតម៉ូទ័ររ៉ុក្កែតរឹងសម្រាប់ប្រព័ន្ធ PAC-3 MSE នៅមន្ទីរពិសោធន៍ Allegany Ballistics Laboratory យ៉ាងខ្លាំង។ បច្ចុប្បន្ន សមត្ថភាពផលិតកម្មនៅទីនោះបានកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២១ ហើយគ្រោងនឹងកើនដល់បីដងនៅឆ្នាំ២០២៧។

ការវិនិយោគនេះនឹងគាំទ្រផែនការរបស់កងទ័ពអាមេរិក ក្នុងការបង្កើនការផលិតមីស៊ីល PAC-3 MSE ពីប្រមាណ ៦០០ គ្រាប់ក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន ទៅដល់រាប់ពាន់គ្រាប់ក្នុងមួយឆ្នាំនាពេលខាងមុខ ដើម្បីបំពេញតម្រូវការរបស់កងកម្លាំងអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្ត។ Northrop Grumman បញ្ជាក់ថា ការបង្កើនសមត្ថភាពផលិតកម្មនេះ នឹងជួយពន្លឿនការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស និងមីស៊ីល ដោយធានាបានទាំងល្បឿន ភាពជាក់លាក់ និងការត្រៀមខ្លួនឆ្លើយតប ខណៈតម្រូវការសកលសម្រាប់ប្រព័ន្ធ PAC-3 MSE និង THAAD កំពុងកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុនក៏បានបញ្ជាក់ថា ខ្លួនបានចូលរួមផ្គត់ផ្គង់សមាសធាតុសម្រាប់ប្រព័ន្ធការពារមីស៊ីល THAAD តាំងពីឆ្នាំ២០០២មក ហើយបន្តដើរតួនាទីសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសមត្ថភាពការពារមីស៊ីលរបស់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Eurasia Review