ថ្ងៃទី៣ ខែសីហា (រ៉យទ័រ) – តម្លៃមាសបានកើនឡើងនៅថ្ងៃចន្ទ ខណៈតម្លៃប្រេងបានធ្លាក់ចុះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសម្រេចផ្អាកការវាយប្រហារថ្មីលើប្រទេសអ៊ីរ៉ង់ ដោយបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងមួយអាចសម្រេចបានក្នុងពេលឆាប់ៗ។ ការវិវត្តនេះបានជួយបន្ធូរបន្ថយក្តីបារម្ភរបស់ទីផ្សារអំពីសម្ពាធអតិផរណា និងការរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់។

គិតត្រឹមម៉ោង ០៦:៥៥ GMT តម្លៃមាស Spot Gold បានកើនឡើង ០,៦% ដល់ ៤.០៦៣,៣៥ ដុល្លារក្នុងមួយអោន ខណៈកិច្ចសន្យាមាសអនាគត (U.S. Gold Futures) បានកើនឡើង ០,១% ដល់ ៤.០៥៣,៧០ ដុល្លារក្នុងមួយអោន។ ទន្ទឹមនឹងនេះ ប្រាក់ដុល្លារអាមេរិកបានស្ថិតក្រោមសម្ពាធ បន្ទាប់ពីអាជ្ញាធរជប៉ុនបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគាំទ្រប្រាក់យ៉េន។ ការធ្លាក់ថ្លៃរបស់ប្រាក់ដុល្លារបានធ្វើឱ្យមាសដែលកំណត់តម្លៃជាដុល្លារ មានតម្លៃទាក់ទាញជាងមុនសម្រាប់អ្នកទិញនៅក្រៅសហរដ្ឋអាមេរិក។

លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅ KCM Trade បានឱ្យដឹងថា មាសបានចាប់ផ្តើមសប្តាហ៍ជាមួយសញ្ញាវិជ្ជមាន ប៉ុន្តែការកើនឡើងនៅតែមានកម្រិត ដោយសារទីផ្សារនៅតែមានភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងស្ថានភាពនៅមជ្ឈិមបូព៌ា និងទិសដៅតម្លៃប្រេង។ លោកបានបន្ថែមថា ទោះបីជាទីផ្សារមានសញ្ញាប្រសើរឡើងក៏ដោយ មាសនៅតែទទួលបានការគាំទ្រជាទ្រព្យសុវត្ថិភាព។

លោក Donald Trump បានថ្លែងថា កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការឈានដល់កិច្ចព្រមព្រៀងនោះទេ។ នៅពេលដូចគ្នា តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះជិត ៦%។ ចាប់តាំងពីការផ្ទុះជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មាសបានរងសម្ពាធ ដោយសារវិនិយោគិនព្រួយបារម្ភថា សង្គ្រាមអាចជំរុញអតិផរណាឱ្យកើនឡើង និងបង្ខំឱ្យធនាគារកណ្តាលបន្តរក្សា ឬដំឡើងអត្រាការប្រាក់។ ទោះបីជាមាសត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិការពារហានិភ័យពីអតិផរណាក៏ដោយ ភាពទាក់ទាញរបស់វាជាធម្មតានឹងថយចុះនៅពេលអត្រាការប្រាក់ស្ថិតក្នុងកម្រិតខ្ពស់ ព្រោះមាសមិនផ្តល់ផលចំណេញជាការប្រាក់ដូចទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗឡើយ។

សប្តាហ៍នេះ វិនិយោគិនក៏កំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមមានទិន្នន័យឱកាសការងារ (JOLTS) របាយការណ៍ការងាររបស់ ADP ទិន្នន័យអ្នកដាក់ពាក្យសុំអត្ថប្រយោជន៍អត់ការងារធ្វើប្រចាំសប្តាហ៍ និងរបាយការណ៍ប្រាក់បៀវត្សរ៍ក្រៅវិស័យកសិកម្ម (Nonfarm Payrolls - NFP) ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទិសដៅគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

លោក Waterer បានបញ្ជាក់ថា ប្រសិនបើភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើងវិញ ហើយជំរុញឱ្យតម្លៃប្រេងកើនឡើង ឬរបាយការណ៍ NFP ចេញមករឹងមាំជាងការរំពឹងទុក ដែលពង្រឹងការរំពឹងថា Fed នឹងដំឡើងអត្រាការប្រាក់នៅខែកញ្ញា នោះការកើនឡើងរបស់មាសអាចត្រូវបានកម្រិត។ កាលពីថ្ងៃសុក្រ មន្ត្រីធនាគារកណ្តាលអាមេរិកចំនួនបីរូប ដែលបានបោះឆ្នោតជំទាស់ក្នុងកិច្ចប្រជុំគោលនយោបាយកាលពីសប្តាហ៍មុន ដោយគាំទ្រការដំឡើងអត្រាការប្រាក់ បានបង្ហាញក្តីបារម្ភថា បើគ្មានការរឹតបន្តឹងបន្ថែមលើគោលនយោបាយរូបិយវត្ថុទេ អតិផរណាអាចនៅតែខ្ពស់លើសគោលដៅ ២% របស់ Fed។

ជាមួយគ្នានេះ អ្នកវិភាគរបស់ Standard Chartered បានលើកឡើងក្នុងកំណត់ត្រាវិភាគមួយថា ពួកគេនៅតែរំពឹងថា តម្លៃមាសនឹងទទួលបានការគាំទ្រក្នុងរយៈពេលខ្លី មុននឹងងើបឡើងវិញ ដោយសារការកើនឡើងនៃតម្រូវការទិញតាមរដូវកាល។ ចំពោះលោហៈមានតម្លៃផ្សេងទៀត តម្លៃប្រាក់ (Silver) បានកើនឡើង ០,៩% ដល់ ៥៨,១៧ ដុល្លារក្នុងមួយអោន ផ្លាទីន (Platinum) កើនឡើង ០,២% ដល់ ១.៦៤៥,៨៩ ដុល្លារ ខណៈប៉ាឡាដ្យូម (Palladium) បានកើនឡើង ១,១% ដល់ ១.២៨៧,១៩ ដុល្លារក្នុងមួយអោន។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters