[ប៉េកាំង]៖ ការពិនិត្យឡើងវិញរបស់ភ្នាក់ងារព័ត៌មាន Reuters លើឯកសារសិក្សា និងប៉ាតង់របស់ចិនជាង ៨០ បានឱ្យដឹងថា អ្នកស្រាវជ្រាវយោធាចិនបានប្រើប្រាស់ទិន្នផលពីគំរូបញ្ញាសិប្បនិម្មិត (AI) ឈានមុខគេរបស់សហរដ្ឋអាមេរិក ដែលអភិវឌ្ឍដោយក្រុមហ៊ុន OpenAI និង Anthropic ដើម្បីបណ្តុះបណ្តាលប្រព័ន្ធ AI ក្នុងស្រុក សំដៅលើកកម្ពស់សមត្ថភាពការពារជាតិរបស់ខ្លួន។

របកគំហើញដែលមិនធ្លាប់បានរាយការណ៍ពីមុននេះ បានផ្តល់ទិដ្ឋភាពដ៏កម្រមួយអំពីរបៀបដែលស្ថាប័នពាក់ព័ន្ធនឹងយោធា និងសន្តិសុខចិន ប្រើប្រាស់គំរូ AI ទំនើបរបស់អាមេរិកជា ផ្លូវកាត់ ក្នុងការអភិវឌ្ឍប្រព័ន្ធកុំព្យូទ័រឯកទេសរបស់ពួកគេ។ សកម្មភាពនេះធ្វើឡើងទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីទីក្រុងវ៉ាស៊ីនតោនក្នុងការរឹតបន្តឹងការចូលប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រនានារបស់ទីក្រុងប៉េកាំងក៏ដោយ។

ឯកសារទាំងនោះបង្ហាញពីការប្រើប្រាស់យ៉ាងទូលំទូលាយនូវបច្ចេកទេសមួយដែលហៅថា ការចម្រាញ់គំរូ។ បច្ចេកទេសនេះ គឺជាការយកទិន្នផលពីប្រព័ន្ធ AI មានអានុភាពខ្លាំង ទៅបណ្តុះបណ្តាលម៉ូដែលតូចៗដែលមានទំហំឯកទេស ដើម្បីដាក់ពង្រាយក្នុងស្រុកបានដោយមិនចាំបាច់ប្រើប្រាស់ធនធានកុំព្យូទ័រដ៏ធំសម្បើមដូចការបង្កើតប្រព័ន្ធ AI កម្រិតខ្ពស់ពីចំនុចចាប់ផ្តើមនោះទេ។ 

ការពិនិត្យឡើងវិញរបស់ Reuters ដោយផ្អែកលើការស្រាវជ្រាវរបស់មូលនិធិ Jamestown Foundation (មានមូលដ្ឋាននៅវ៉ាស៊ីនតោន) បានបង្ហាញថា ការចម្រាញ់គំរូ AI ត្រូវ បានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកស្រាវជ្រាវដែលមានទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនចិន (PLA) និងស្ថាប័នយោធាផ្សេងទៀត។ ស្ថាប័នការពារជាតិចិនមើលឃើញថា គំរូ AI របស់អាមេរិកគឺជាប្រភពនៃចំណេះដឹងផ្នែកបច្ចេកទេស និងជាមធ្យោបាយលឿនរហ័សក្នុងការបិទគម្លាតសមត្ថភាពជាមួយគូប្រជែង។ បញ្ហាប្រឈមចម្បងផ្តោតលើ ការទាញយកដោយគ្មានការអនុញ្ញាត ខណៈដែលការចម្រាញ់គំរូដោយខ្លួនឯងគឺជាការអនុវត្តទូទៅក្នុងឧស្សាហកម្មនេះ។ ប្រធានបទនេះបានក្លាយជាចំណុចក្តៅមួយមុនកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងចិន ស្តីពីអភិបាលកិច្ច និងសុវត្ថិភាព AI។ មន្ត្រីអាមេរិកបានចោទប្រកាន់អង្គភាពចិនថា បានប្រើប្រាស់ការចម្រាញ់នេះដើម្បីស្រូបយកសមត្ថភាពពី AI អាមេរិក ដែលអាចធ្វើឱ្យប៉ះពាល់ដល់វិធានការគ្រប់គ្រងការនាំចេញ និងរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា។

ជាការឆ្លើយតប ប្រទេសចិនបានច្រានចោលការចោទប្រកាន់នេះ ដោយចោទទីក្រុងវ៉ាស៊ីនតោនវិញថា កំពុងអនុវត្ត អនុត្តរភាពនិយម ផ្នែក AI ហើយបានអះអាងថាក្រុមហ៊ុនអាមេរិកខ្លួនឯងក៏បានធ្វើការអនុវត្តស្រដៀងគ្នានេះដែរ។ ទន្ទឹមនឹងនេះ អ្នកអភិវឌ្ឍន៍ចិនក៏បានបដិសេធថាភាពជឿនលឿនរបស់ពួកគេមិនបានពឹងផ្អែកលើគំរូបរទេសឡើយ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន AI ចិន Moonshot បានបដិសេធការចោទប្រកាន់របស់រដ្ឋបាលលោក Trump ដែលថាគំរូ Kimi K3 របស់ខ្លួនត្រូវបានសាងសង់ឡើងដោយប្រើវិធីចម្រាញ់ទិន្នន័យ ដោយអះអាងថាវាជាការច្នៃប្រឌិតផ្ទាល់ខ្លួន។

លោក Sunny Cheung សមាជិកនៃមូលនិធិ Jamestown ដែលបានវិភាគលើឯកសារជាង ៦០ បានលើកឡើងថា អ្នកវិទ្យាសាស្ត្រយោធាចិនកំពុងទាញយកដំណើរការបកស្រាយហេតុផល របស់គំរូលោកខាងលិច ដើម្បីយកទៅសម្របសម្រួលប្រើប្រាស់ក្នុងកិច្ចការឃ្លាំមើល សង្គ្រាមតាមអ៊ីនធឺណិត និងការសម្រេចចិត្តបែបយុទ្ធសាស្ត្រ។ លោក Cheung បានបញ្ជាក់ថា ការបង្រៀនគំរូនូវចម្លើយត្រឹមត្រូវជារឿងមួយ ប៉ុន្តែការបង្រៀនវាឱ្យយល់ពីហេតុផលនៅពីក្រោយចម្លើយគឺពិបាកជាង។ឯកសារទាំងនេះបង្ហាញថា អ្នកស្រាវជ្រាវយោធាចិនកំពុងព្យាយាមផ្ទេរហេតុផលដែលមានតម្លៃថ្លៃរបស់ម៉ូដែលលោកខាងលិចទៅក្នុងប្រព័ន្ធតូចៗដែលពួកគេអាចគ្រប់គ្រង និងដាក់ពង្រាយបានដោយផ្ទាល់។

តាមរយៈការផ្ទៀងផ្ទាត់របស់ Reuters ករណីសិក្សាជាក់ស្តែងមួយចំនួនរួមមាន ឯកសារមួយដែលបោះពុម្ពផ្សាយកាលពីឆ្នាំមុនដោយអ្នកស្រាវជ្រាវនៃអង្គភាព PLA 96941 (អង្គភាពស៊ើបការណ៍យោធា និងសង្គ្រាម) បានរៀបរាប់ពីការប្រើ GPT-3.5 របស់ OpenAI ដើម្បីសង្ខេបកូដប្រភពយោធាសម្ងាត់។ បន្ទាប់មក ពួកគេបានយកសេចក្តីសង្ខេបនោះទៅបណ្តុះបណ្តាលគំរូក្នុងស្រុក ដើម្បីឱ្យវាដំណើរការបាន "ទាំងស្រុងនៅក្នុងបណ្តាញផ្ទៃក្នុងនៃយោធាចិន"។ នៅសាកលវិទ្យាល័យ North University of China ដែលជិតស្និទ្ធនឹងឧស្សាហកម្មអាវុធ អ្នកស្រាវជ្រាវបានប្រើ Claude 3 Haiku របស់ Anthropic ដើម្បីបង្កើតទិន្នន័យបណ្តុះបណ្តាលសិប្បនិម្មិត សម្រាប់ម៉ូដែលចាត់ថ្នាក់អត្ថបទ ដែលប្រើក្នុងកិច្ចការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម។ (ក្រុមហ៊ុន Anthropic បានបញ្ជាក់ថា ខ្លួនមិនបានផ្តល់ការចូលប្រើប្រាស់អាជីវកម្មដល់ប្រទេសចិនឡើយ ហើយបានព្រមានថា ម៉ូដែលដែលបានចម្រាញ់អាចនឹងបាត់បង់របាំងការពារសុវត្ថិភាពដើម)។

ឯកសារឆ្នាំ២០២៤ របស់សាកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិ PLA បានបង្ហាញពីការបង្រួមគំរូវិភាគរូបភាពសម្រាប់ដាក់លើដ្រូន ដែលជួយឱ្យដ្រូនអាចវិភាគវីដេអូផ្សាយផ្ទាល់ រុករក និងកំណត់គោលដៅក្នុងពេលជាក់ស្តែង ទោះបីជាត្រូវកាត់ផ្តាច់ការប្រាស្រ័យទាក់ទងក៏ដោយ។ លើសពីនេះ បណ្ឌិត្យសភាវិទ្យាសាស្ត្រយោធាចិន ក៏បានប្រើវិធីនេះដើម្បីដំណើរការគំរូកំណត់គោលដៅលើឧបករណ៍យុទ្ធសាស្ត្រ អំឡុងពេលធ្វើតេស្តត្រាប់តាមប្រតិបត្តិការជើងទឹកដែលមានការចូលរួមពីដ្រូន នាវា និងនាវាមុជទឹកគ្មានមនុស្សបើក។ រដ្ឋាភិបាលចិនទាំងថ្នាក់កណ្តាល និងមូលដ្ឋាន កំពុងជំរុញ និងផ្តល់ប្រាក់ឧបត្ថម្ភដល់ការអភិវឌ្ឍ AI លើឧបករណ៍ផ្ទាល់ ដើម្បីឱ្យវាអាចដំណើរការលើដ្រូន ផ្កាយរណប និងឧបករណ៍ដែលមានថាមពលកែច្នៃកម្រិតកំណត់។ទោះជាយ៉ាងណា អ្នកជំនាញបានចង្អុលបង្ហាញថា ការចម្រាញ់គំរូនេះមានដែនកំណត់ និងហានិភ័យ។

កាលពីខែមករា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវិស្វកម្មកងទ័ពចិន បានព្រមានពីហានិភ័យនៃការធ្វើវិស្វកម្មបកប្រែត្រឡប់ និងបានស្នើយន្តការការពារដើម្បីបិទបាំងព័ត៌មានឡូជីខលដែលលាក់ក្នុងទិន្នផល AI។

លោក Trevor Koverko សហស្ថាបនិកក្រុមហ៊ុន Sapien បានបញ្ជាក់ថា ម៉ូដែលដែលទទួលបានពីការចម្រាញ់ មិនអាចចម្លងបានពេញលេញនូវបញ្ញាទូលំទូលាយរបស់ម៉ូដែលដើមនោះទេ ហើយវានៅតែមានសមត្ថភាពតិចជាង ម៉ូដែលគ្រូ របស់វា។ វាគ្រាន់តែជាការផ្ទេរសមត្ថភាពជ្រើសរើសមួយចំនួនទៅក្នុងប្រព័ន្ធក្នុងស្រុកដែលមានតម្លៃថោកជាងប៉ុណ្ណោះ ប៉ុន្តែមិនទាន់អាចសម្រេចបាននូវឯករាជ្យភាពពី AI កម្រិតខ្ពស់ដើមនោះឡើយ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters