ទីក្រុងរីយ៉ាត (រ៉យទ័រ)៖ យោងតាមការវាយតម្លៃរបស់អារ៉ាប៊ីសាអូឌីត និងដៃគូក្នុងតំបន់បានឱ្យដឹងថា ក្រុមហ៊ូទី (Houthi) នៅយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានសហការជាមួយក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ បើកការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត ចេញពីទឹកដីនៃប្រទេសអ៊ីរ៉ាក់ កាលពីសប្តាហ៍មុន។ ការផ្លាស់ប្តូរនេះបានឆ្លុះបញ្ចាំងពីការកើនឡើងនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងកងជីវពលនានាដែលគាំទ្រដោយក្រុងតេហេរ៉ង់។

ការវាយប្រហារនេះបានគោលដៅលើទីតាំងផលិតប្រេងដ៏សំខាន់មួយ នៅខេត្តភាគខាងកើតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ជាការឆ្លើយតប អារ៉ាប៊ីសាអូឌីតបានសហការជាមួយសហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើទីតាំងមួយចំនួនក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធ ដោយចោទប្រកាន់ថាក្រុមប្រដាប់អាវុធអ៊ីរ៉ាក់មានពាក់ព័ន្ធនឹងហេតុការណ៍នេះ។ ជាមួយគ្នានេះ ក្រុមហ៊ូទីបានប្រកាសទទួលខុសត្រូវលើការវាយប្រហារ ខណៈរដ្ឋាភិបាលអ៊ីរ៉ាក់បញ្ជាក់ថាខ្លួនកំពុងបើកការស៊ើបអង្កេត។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ប្រតិបត្តិការរួមគ្នារវាងក្រុមហ៊ូទី និងក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ ស្ថិតក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)។ ក្រោយការវាយបកពីអារ៉ាប៊ីសាអូឌីត និងអាមេរិក ប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹងអ៊ីរ៉ង់បានចេញផ្សាយការកាន់ទុក្ខចំពោះការបាត់បង់សមាជិក IRGC យុទ្ធជនអ៊ីរ៉ាក់ និងសមាជិកក្រុមហ៊ូទី។

លោក Farea al-Muslimi អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Chatham House បានកត់សម្គាល់ថា បច្ចុប្បន្ន មានការបណ្តុះបណ្តាល និងការសម្របសម្រួលដោយផ្ទាល់រវាងសមាជិកនៃអ័ក្សនៃការតស៊ូ ជាមួយគ្នាតែម្តង ដោយមិនមែនឆ្លងកាត់តែប្រទេសអ៊ីរ៉ង់ដូចមុនទៀតឡើយ។ ក្រុមអ្នកវិភាគមើលឃើញថា ប្រទេសអ៊ីរ៉ាក់កំពុងក្លាយជាមជ្ឈមណ្ឌលស្នូលដ៏សំខាន់សម្រាប់សម្ព័ន្ធភាពនេះ បន្ទាប់ពីការដួលរលំនៃរបបលោក Bashar al-Assad នៅស៊ីរី និងការចុះខ្សោយយ៉ាងខ្លាំងនៃក្រុមហេស្បូឡា នៅលីបង់។

ទោះជាយ៉ាងណា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និងអ៊ីរ៉ាក់ មិនទាន់បានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។ ចំណែកក្រុមហ៊ូទីបានអះអាងថា ការវាយប្រហាររបស់ខ្លួនគឺជាការបកសងទៅនឹងប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីតនៅយេម៉ែន និងដើម្បីបំបែកការឡោមព័ទ្ធ។ ប៉ុន្តែអារ៉ាប៊ីសាអូឌីតបានបដិសេធការចោទប្រកាន់អំពីការឡោមព័ទ្ធនេះ ដោយបង្ហាញថាមានកប៉ាល់ដឹកទំនិញរាប់សិបគ្រឿងបានចូលចតនៅកំពង់ផែគ្រប់គ្រងដោយក្រុមហ៊ូទីជាបន្តបន្ទាប់។

កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ូទី និងក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ (ជាពិសេសក្រុម Kataib Hezbollah) មានប្រវត្តិសាស្ត្រយូរអង្វែងមកហើយ។ កាលពីឆ្នាំ២០២៤ មេដឹកនាំក្រុមហ៊ូទី លោក Abdul Malik al-Houthi បានប្រកាសបង្កើតបន្ទប់ប្រតិបត្តិការរួមគ្នា ហើយបានចាប់ផ្តើមប្រតិបត្តិការយោធារួមគ្នាដំបូងដោយផ្តោតលើប្រទេសអ៊ីស្រាអែល។ ក្រុមហ៊ូទីក៏មានវត្តមានផ្លូវការនៅទីក្រុងបាកដាដផងដែរ ក្រោមការដឹកនាំរបស់តំណាងផ្លូវការលោក Ahmed al-Sharafi។ អ្នកវិភាគយល់ថា ភូមិសាស្ត្រដ៏ធំទូលាយ និងព្រំដែនប្រវែងជាង ៨០០ គីឡូម៉ែត្ររវាងអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត បានផ្តល់ប្រៀបល្អប្រសើរសម្រាប់ក្រុមទាំងនេះក្នុងការលាក់ខ្លួន និងបាញ់ប្រហារឆ្លងដែន។

ការវាយប្រហារជាច្រើនលើកមុនៗលើអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែត ត្រូវបានគេជឿថាកើតចេញពីទឹកដីអ៊ីរ៉ាក់ រួមទាំងការវាយប្រហារដោយដ្រូនលើស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាត និងរោងចក្រនុយក្លេអ៊ែរ Barakah ផងដែរ។ ទោះបីជារដ្ឋាភិបាលអ៊ីរ៉ាក់សន្យាស៊ើបអង្កេតជាបន្តបន្ទាប់ក៏ដោយ អ្នករិះគន់មើលឃើញថា អ៊ីរ៉ាក់នៅតែមានសមត្ថភាពមានកម្រិតក្នុងការទប់ស្កាត់ក្រុមទាំងនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងទំនាក់ទំនងជាមួយប្រទេសជិតខាងតំបន់ឈូងសមុទ្រ។ ជាលទ្ធផលនៃភាពតានតឹងនេះ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi បានលុបចោលដំណើរទស្សនកិច្ចផ្លូវការទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីជួបព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman បន្ទាប់ពីមានការវាយប្រហារតាមអាកាស។ បច្ចុប្បន្ន លោក al-Zaidi កំពុងរៀបចំផែនការដើម្បីប្រមូលអាវុធទាំងអស់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ទោះបីជាមានការប្រឆាំងពីក្រុមប្រដាប់អាវុធមួយចំនួនក៏ដោយ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters