[ស៊េអ៊ូល]៖ ក្រុមហ៊ុន Samsung Electronics បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនរំពឹងថាកង្វះខាតបន្ទះឈីបនឹងកាន់តែធ្ងន់ធ្ងរ ហើយអាចអូសបន្លាយរហូតដល់ឆ្នាំ២០២៨។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានបង្ហាញពីការកើនឡើងនៃប្រាក់ចំណេញផ្នែកបន្ទះឈីបជាង ២៥០ ដង ដែលជាលទ្ធផលមួយជួយលុបបំបាត់ការព្រួយបារម្ភរបស់វិនិយោគិនដែលថា ការចំណាយលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដ៏ក្តៅគគុកដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ អាចនឹងមានការយឺតយ៉ាវ ឬទប់ស្កាត់កំណើនសេដ្ឋកិច្ច។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ ធំជាងគេបំផុតក្នុងលោកមួយនេះ បានកើនឡើងរហូតដល់ ៨% មុនពេលថយចុះមកវិញ ១,១% នៅក្នុងការជួញដូរកាលពីថ្ងៃព្រហស្បតិ៍។
លោក Jaejune Kim អនុប្រធានប្រតិបត្តិនៃអាជីវកម្ម Memory របស់ Samsung បានថ្លែងទៅកាន់អ្នកវិភាគតាមទូរស័ព្ទថា កង្វះខាតការផ្គត់ផ្គង់នៅឆ្នាំ២០២៧ ត្រូវបានរំពឹងថានឹងកាន់តែអាក្រក់ទៅៗបើធៀបនឹងឆ្នាំនេះ ហើយស្ថានភាពនេះនឹងបន្តកើតមានរហូតដល់ឆ្នាំ២០២៨។ លោកបានបន្ថែមថា Samsung បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលវែងជាមួយក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ កំពូលៗទាំង ៥ លើពិភពលោក និងជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធំៗចំនួន ៥ ផ្សេងទៀត (ដោយមិនបានបញ្ចេញឈ្មោះ)។

កិច្ចព្រមព្រៀងទាំងនោះមានរយៈពេលយ៉ាងហោចណាស់ ៥ ឆ្នាំ និងគ្របដណ្តប់ពី ៦០% ទៅ ៧០% នៃសមត្ថភាពផលិតសរុបរបស់ក្រុមហ៊ុនសម្រាប់រយៈពេលវែង។ កិច្ចព្រមព្រៀងទាំងនេះរួមបញ្ចូលទាំងការទូទាត់ប្រាក់មុន និងការកំណត់តម្លៃបាត ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគដើមទុន។
លោក Ryu Young-ho អ្នកវិភាគជាន់ខ្ពស់នៅ NH Investment & Securities បានកត់សម្គាល់ថា ការអត្ថាធិប្បាយរបស់ថ្នាក់ដឹកនាំនៅក្នុងសន្និសីទតាមទូរស័ព្ទគឺល្អជាងការរំពឹងទុក ហើយវាគឺជាការផ្តល់ទំនុកចិត្តបន្ថែមទៀតដល់ទីផ្សារនាពេលថ្មីៗនេះ។ ទស្សនៈសុទិដ្ឋិនិយមរបស់ Samsung បានកើតឡើងបន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងនៃភាគហ៊ុនបន្ទះឈីបនាប៉ុន្មានខែចុងក្រោយនេះ ដោយសារក្តីបារម្ភលើការផ្តល់មូលនិធិសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ AI និងការប្រកួតប្រជែងពីប្រទេសចិនដែលកើនឡើង។ នៅក្នុងត្រីមាសទី២ ផ្នែក Semiconductor របស់ Samsung រកបានប្រាក់ចំណេញប្រតិបត្តិការចំនួន ៨៩,២ ទ្រីលានវ៉ុន (ប្រមាណ ៦១,៧ ពាន់លានដុល្លារ) ដែលកើនឡើងជាង ២៥០ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃតម្លៃបន្ទះឈីបបានប៉ះពាល់ដល់ផ្នែកទូរស័ព្ទចល័តរបស់ក្រុមហ៊ុន ដោយបានរាយការណ៍ពីការខាតបង់ចំនួន ៧០០ ពាន់លានវ៉ុន ដែលជាត្រីមាសទី១ ស្ថិតក្នុងតួលេខក្រហម (ខាតបង់)។ លោក Josh Gilbert អ្នកវិភាគនៅ eToro បានបញ្ជាក់ថា បន្ទះឈីបដែលធ្លាប់ជំរុញផ្នែកមួយរបស់ Samsung ឥឡូវនេះកំពុងធ្វើឱ្យប៉ះពាល់ដល់ផ្នែកមួយទៀត ដែលធ្វើឱ្យក្រុមហ៊ុនទាំងមូលកាន់តែប្រឈមនឹងការប្រែប្រួលតម្លៃអង្គចងចាំ និងតម្រូវការទីផ្សារ។
ប្រាក់ចំណេញនៅត្រីមាសទីពីរ ដែលបានវ៉ាដាច់ប្រាក់ចំណូលសរុបរបស់ Samsung ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយ ខណៈដែលក្រុមហ៊ុនព្យាយាមដេញតាមគូប្រជែង SK Hynix ក្នុងការផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ ដែលប្រើក្នុងដំណើរការ AI។ Samsung ដែលមានអតិថិជន HBM សំខាន់ៗដូចជា Nvidia និង AMD បានរំពឹងថា ប្រាក់ចំណូលពីបន្ទះឈីប HBM4 នឹងកើនឡើងជាង ៣ ដងនៅក្នុងត្រីមាសទីបី។ កត្តានេះនឹងជួយដំឡើងចំណែកទីផ្សារ HBM របស់ខ្លួនឱ្យស្របទៅនឹងចំណែកទីផ្សារបន្ទះឈីប DRAM សរុបនៅក្នុងឆមាសទីពីរ។ ចំពោះអាជីវកម្មផលិតបន្ទះឈីប (Foundry) ដែលប្រកួតប្រជែងជាមួយ TSMC និង Intel ក្រុមហ៊ុន Samsung រំពឹងថានឹងអាចរកប្រាក់ចំណេញបាន នាពេលអនាគតដ៏ខ្លីខាងមុខ ដោយសារការកើនឡើងនៃអត្រាប្រើប្រាស់រោងចក្រ និងតម្លៃបន្ទះឈីប។
ក្រុមហ៊ុនក៏បានបញ្ជាក់ថា រោងចក្រ Taylor នៅរដ្ឋតិចសាស់ នឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំនេះតាមផែនការ ហើយមានគោលបំណងបើកការដ្ឋានសាងសង់រោងចក្រទីពីរដែលអាចចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៅឆ្នាំ២០៣០។ ប្រាក់ចំណេញប្រតិបត្តិការសរុប ៨៩,៥ ទ្រីលានវ៉ុន (ប្រមាណ ៦១,៩៨ ប៊ីលានដុល្លារ) សម្រាប់ត្រីមាសទី២ (ខែមេសា-មិថុនា) ស្របតាមការប៉ាន់ប្រមាណ ៨៩,៤ ទ្រីលានវ៉ុន និងកើនឡើងយ៉ាងខ្លាំងពី ៤,៦៨ ទ្រីលានវ៉ុនកាលពីឆ្នាំមុន។ ប្រាក់ចំណូលសរុប កើនឡើង ១៣០% ដល់ ១៧១,៥ ទ្រីលានវ៉ុន ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន SK Hynix កាលពីថ្ងៃពុធ បានរាយការណ៍ពីលទ្ធផលប្រចាំត្រីមាសដែលមានការប្រឈម ប៉ុន្តែមិនអាក្រក់ដូចការរំពឹងទុករបស់វិនិយោគិននោះទេ។ Samsung គ្រោងបង្កើនការចំណាយដើមទុនប្រហែល ៥០% នៅឆ្នាំនេះ ដើម្បីឆ្លើយតបនឹងតម្រូវការ AI ដែលកំពុងកើនឡើង។ លោក Park Soon-cheol ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) បានថ្លែងថា Samsung មិនមានផែនការចេញវិក្កយបត្រប្រាក់បញ្ញើអាមេរិក (ADRs) បន្ទាប់ពី SK Hynix បានបង្ហាញខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិកក្នុងខែនេះទេ ព្រោះក្រុមហ៊ុនមានសាច់ប្រាក់រឹងមាំពីផលប័ត្រអាជីវកម្មចម្រុះ ហើយមិនសូវមានតម្រូវការក្នុងការកៀរគរដើមទុនថ្មីឡើយ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters