ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ប្រទេសអូម៉ង់បានដាក់ជូននូវបទបង្ហាញ និងសំណើថ្មីមួយទៅកាន់ប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz។ សំណើនេះមានគោលបំណងបង្កើតយន្តការគ្រប់គ្រងរួម និងស្នើឱ្យមានការបង់ថ្លៃវិភាគទានដោយ ស្ម័គ្រចិត្ត សម្រាប់តែសេវាកម្មឆ្លងកាត់ប៉ុណ្ណោះ ដែលវាផ្ទុយស្រឡះពីជំហររបស់ទីក្រុងតេអេរ៉ង់ ដែលចង់ក្ដាប់ការគ្រប់គ្រងផ្លូវទឹកនេះទាំងស្រុង និងតម្រូវឱ្យមានការបង់ថ្លៃសេវាជាកាតព្វកិច្ច។
ច្រកសមុទ្រ Hormuz គឺជាច្រកផ្លូវទឹកដ៏តូចចង្អៀត និងជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយក្នុងពិភពលោក ដោយសារប្រេងប្រមាណ ១/៥ (មួយភាគប្រាំ) នៃតម្រូវការសកលលោក រួមទាំងទំនិញសំខាន់ៗជាច្រើនទៀត ត្រូវដឹកជញ្ជូនឆ្លងកាត់ទីនេះ។ បច្ចុប្បន្ន ច្រកនេះបានក្លាយជាប្រធានបទក្ដៅ និងជាចំណុចជាប់គាំងដ៏សំខាន់ក្នុងការចរចាដោះស្រាយជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
យោងតាមប្រភពព័ត៌មានពីតំបន់ឈូងសមុទ្រ និងមន្ត្រីការទូតលោកខាងលិចបានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថា សំណើនេះត្រូវបានអូម៉ង់ប្រគល់ជូនអ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងអំឡុងជំនួបចរចានៅទីក្រុងតេអេរ៉ង់។

ខ្លឹមសារនៃផែនការនេះ គឺការបង្កើត យន្តការរួមប្រចាំតំបន់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ ដោយផ្អែកលើគោលការណ៍បង់វិភាគទានដោយស្ម័គ្រចិត្តពីនាវាដែលឆ្លងកាត់។ ប្រាក់ចំណូលដែលប្រមូលបាន នឹងត្រូវយកទៅប្រើប្រាស់លើការចំណាយផ្នែកគ្រប់គ្រងនាវាចរណ៍ ការពារបរិស្ថានជុំវិញដែនទឹក ប្រតិបត្តិការស្វែងរក និងសង្គ្រោះ ព្រមទាំងសេវាកម្មចាំបាច់ផ្សេងៗទៀត។ ផែនការរបស់អូម៉ង់ គឺដកស្រង់គំរូតាមយន្តការដែលកំពុងអនុវត្តនៅ ច្រកសមុទ្រម៉ាឡាកា ដែលភ្ជាប់មហាសមុទ្រឥណ្ឌាទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី បានស្នើសុំឱ្យនាវាដឹកជញ្ជូនបង់វិភាគទានដោយស្ម័គ្រចិត្តសម្រាប់សេវាកម្មដែលពួកគេទទួលបាន។
សង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហារតាមអាកាសពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ ជាការឆ្លើយតប អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលស្ថិតនៅចន្លោះឆ្នេរសមុទ្រអ៊ីរ៉ង់ និងអូម៉ង់។ស្របពេលដែលជម្លោះកាន់តែអូសបន្លាយ អ៊ីរ៉ង់បានអះអាងពី សិទ្ធិអធិបតេយ្យភាព ក្នុងការគ្រប់គ្រងផ្លូវទឹកនេះ និងបានទាមទារប្រមូលថ្លៃសេវាឆ្លងកាត់ដោយសហការជាមួយអូម៉ង់។
នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្ននាខែមិថុនា រវាងអាមេរិក និងអ៊ីរ៉ង់ បានចែងផ្តល់តួនាទីឱ្យអូម៉ង់ជាអ្នកសម្របសម្រួលក្នុងការរៀបចំការគ្រប់គ្រងច្រកសមុទ្រនេះ។ កិច្ចព្រមព្រៀងនោះបញ្ជាក់ថា អ៊ីរ៉ង់ត្រូវសន្ទនាជាមួយអូម៉ង់ និងរដ្ឋក្នុងតំបន់ឈូងសមុទ្រផ្សេងទៀត ដើម្បីកំណត់ការគ្រប់គ្រង និងសេវាកម្មសមុទ្រនាពេលអនាគត ឱ្យស្របតាមច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណា សកម្មភាពជាសាធារណៈតែមួយគត់របស់អូម៉ង់កាលពីខែមិថុនា គឺការប្រកាសណែនាំឱ្យនាវាឆ្លងកាត់តាមដែនទឹករបស់ខ្លួន ដោយមិនតម្រូវឱ្យមានការបង់ថ្លៃសេវានោះទេ។
ទីក្រុងតេអេរ៉ង់ចង់ឱ្យកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ណាមួយ រក្សាសិទ្ធិឱ្យខ្លួនអាចប្រមូលថ្លៃសេវាពីនាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ។ ទោះបីជាមិនទាន់មានការបញ្ជាក់ពីយន្តការគិតថ្លៃច្បាស់លាស់ ប៉ុន្តែមន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ Reuters ថា តម្លៃសេវានឹងផ្អែកលើកត្តាច្រើនយ៉ាងដូចជា ប្រភេទ និងទំហំរបស់នាវា ប្រភេទទំនិញ និងលក្ខខណ្ឌផ្សេងៗទៀត។ ក្នុងអំឡុងពេលបទឈប់បាញ់ អ៊ីរ៉ង់បានចាត់ទុកការព្យាយាមឆ្លងកាត់របស់នាវាមួយចំនួននៅជិតឆ្នេរសមុទ្រអូម៉ង់ថាជា ការបំពានបទឈប់បាញ់ ហើយបានបើកការបាញ់ប្រហារលើនាវាទាំងនោះ។ អ៊ីរ៉ង់បានបង្ខំឱ្យនាវាទាំងអស់ត្រូវតែទាក់ទងជាមួយ អាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែក្ស ដែលខ្លួនបានបង្កើតឡើងថ្មី។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានគូសបញ្ជាក់ថា ការគ្រប់គ្រងជាផ្លូវការលើច្រកសមុទ្រ Hormuz គឺជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ទីក្រុងតេអេរ៉ង់នៅក្នុងជម្លោះនេះ។ បន្ទាប់ពីបទឈប់បាញ់បានបរាជ័យកាលពីខែកក្កដា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះលើបណ្តាញសង្គមថា ទីក្រុងវ៉ាស៊ីនតោននឹងប្រមូលថ្លៃសេវា ២០% នៃតម្លៃទំនិញទាំងអស់ដែលដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz។
សេចក្តីប្រកាសនេះបានបង្កឱ្យមានការភ័ន្តច្រឡំ ដោយសារវាផ្ទុយពីជំហរមុនរបស់លោក និងមន្ត្រីជាន់ខ្ពស់អាមេរិក។ កាលពីថ្ងៃទី២៥ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ធ្លាប់បានថ្លែងយ៉ាងច្បាស់ថា គ្មានប្រទេសណាមួយមានសិទ្ធិគិតថ្លៃសម្រាប់ការប្រើប្រាស់ផ្លូវទឹកអន្តរជាតិឡើយ ហើយថ្លៃសេវាឆ្លងកាត់នឹងមិនត្រូវដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងសន្តិភាពជាដាច់ខាត។ ក្រោយមក លោក Trump ក៏បានកែតម្រូវជំហរឡើងវិញដោយប្រកាសថា មិនគួរស្នើឱ្យមានការគិតថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រនេះទេ ប៉ុន្តែលោកនៅតែយល់ថា វាអយុត្តិធម៌ដែលសហរដ្ឋអាមេរិកត្រូវរ៉ាប់រងចំណាយលើការការពារសុវត្ថិភាពផ្លូវទឹកនេះតែម្នាក់ឯង។
ច្រកសមុទ្រ Hormuz កើតឡើងដោយដែនទឹករបស់អ៊ីរ៉ង់ និងអូម៉ង់ ដោយមានព្រំដែនសមុទ្រខណ្ឌចែកចំកណ្តាល។ ផ្អែកតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ រដ្ឋជាប់ឆ្នេរសមុទ្រ មិនមានសិទ្ធិទាមទារការបង់ប្រាក់ គ្រាន់តែដើម្បីអនុញ្ញាតឱ្យនាវាឆ្លងកាត់នោះទេ។ ប៉ុន្តែ រដ្ឋទាំងនោះអាចប្រមូលថ្លៃសេវាមានកម្រិតបាន សម្រាប់តែសេវាកម្មជាក់លាក់ដូចជា សេវានាំផ្លូវ ឬសេវាកំពង់ផែ ហើយការគិតថ្លៃនេះមិនត្រូវធ្វើឡើងដោយមានការរើសអើងលើសញ្ជាតិនាវាឡើយ។ ទោះបីជាទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនទាន់បានផ្តល់សច្ចាប័នលើអនុសញ្ញា UNCLOS ក៏ដោយ ប៉ុន្តែ UNCLOS ត្រូវ បានទទួលស្គាល់ជាទូទៅថាជា ច្បាប់សមុទ្រអន្តរជាតិ ហើយច្រក Hormuz គឺជា ច្រកសមុទ្រអន្តរជាតិ។
គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៦៨ អ៊ីរ៉ង់ និងអូម៉ង់ធ្លាប់បានព្រមព្រៀងលើគម្រោងសម្រួលចរាចរណ៍ផ្លូវសមុទ្រជាមួយអង្គការដែនសមុទ្រអន្តរជាតិ (IOM)ដោយតម្រូវឱ្យនាវាធំៗប្រើប្រាស់ផ្លូវសមុទ្រនៅចំកណ្តាលច្រក។ ប៉ុន្តែយោងតាម IMO ការទម្លាក់គ្រាប់មីនរបស់អ៊ីរ៉ង់ក្នុងអំឡុងពេលសង្គ្រាមនាពេលថ្មីៗនេះ បានធ្វើឱ្យផ្លូវឆ្លងកាត់អន្តរជាតិនេះបាត់បង់សុវត្ថិភាពទាំងស្រុង។ តំណាងឧស្សាហកម្មដឹកជញ្ជូនផ្លូវសមុទ្របានគូសបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រទំនើប ពុំធ្លាប់មានការប្រកាសជាឯកតោភាគីណាមួយក្នុងការទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រធម្មជាតិបែបនេះឡើយ។
ប្រទេសនៅតំបន់ឈូងសមុទ្រ ដែលពឹងផ្អែកស្ទើរទាំងស្រុងលើច្រកសមុទ្រនេះដើម្បីនាំចេញថាមពលទៅកាន់ពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ុនប៉ងប្រមូលថ្លៃសេវានេះ។ អ្នកជំនាញបានពន្យល់បន្ថែមថា ច្រកសមុទ្រ Hormuz មានលក្ខណៈខុសប្លែកស្រឡះពី ប្រឡាយប៉ាណាម៉ា ឬ ប្រឡាយស៊ុយអេ ដែលជាប្រឡាយជីកដោយមនុស្ស ដូច្នេះហើយទើបប្រឡាយទាំងនោះមានសិទ្ធិប្រមូលថ្លៃសេវា។
ដោយឡែក ច្រកសមុទ្រទួរគី (រួមមាន Bosphorus, សមុទ្រ Marmara អនុសញ្ញាអន្តរជាតិអនុញ្ញាតឱ្យប្រទេសទួរគីប្រមូលបានត្រឹមតែថ្លៃសេវាបច្ចេកទេសជាក់លាក់ប៉ុណ្ណោះ ប៉ុន្តែមិនអនុញ្ញាតឱ្យប្រមូលថ្លៃសេវាឆ្លងកាត់ទូទៅឡើយ។ រីឯ ប្រទេសសិង្ហបុរី វិញ ក៏មិនដែលប្រមូលថ្លៃសេវាពីនាវាដែលឆ្លងកាត់ច្រកសមុទ្រសិង្ហបុរីនោះដែរ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters