កាលពីថ្ងៃសុក្រ លោក Elon Musk បានបង្កើតប្រវត្តិសាស្ត្រថ្មីដោយក្លាយជា មហាសេដ្ឋីមានទ្រព្យសម្បត្តិរាប់លានលានដុល្លារ ដំបូងគេបង្អស់នៅលើពិភពលោក បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX បានហក់ឡើងយ៉ាងខ្លាំង ក្នុងព្រឹត្តិការណ៍បង្ហាញខ្លួននៅលើទីផ្សារភាគហ៊ុនដ៏ធំបំផុតមួយ។ យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ទ្រព្យសម្បត្តិសុទ្ធសរុបរបស់ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX រូបនេះ បានកើនឡើងដល់ ១,១១ ទ្រីលានដុល្លារ ដែលជួយពង្រឹងតំណែងរបស់លោកជាអ្នកមានបំផុតនៅលើពិភពលោកយ៉ាងដាច់សរសៃឈាម។

ព្រឹត្តិការណ៍នេះបានកើតឡើងខណៈពេលដែល SpaceX ដែលជាក្រុមហ៊ុនរ៉ុក្កែត ទូរគមនាគមន៍ និងបញ្ញាសិប្បនិម្មិត (AI) បានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈលើកដំបូង នៅលើផ្សារភាគហ៊ុន Nasdaq ជាមួយនឹងតម្លៃវាយតម្លៃក្រុមហ៊ុនសរុបដល់ទៅ ២,២ ទ្រីលានដុល្លារ។ ក្រុមហ៊ុនបានកំណត់តម្លៃ IPO ត្រឹម ១៣៥ ដុល្លារក្នុងមួយហ៊ុន។ ការជួញដូរបានបើកភ្លាមហក់ឡើងដល់ ១៥០ ដុល្លារ និងហក់ឡើងខ្ពស់បំផុតដល់ ១៧៦,៥០ ដុល្លារ។

ព្រឹត្តិការណ៍ IPO នេះអាចរៃអង្គាសប្រាក់បានរហូតដល់ ៧៥ ពាន់លានដុល្លារ ពីវិនិយោគិន។ ជាមួយនឹងការកាន់កាប់ភាគហ៊ុន ៤២% នៅក្នុង SpaceX លោក Elon Musk មានអំណាចគ្រប់គ្រងដាច់ខាតលើក្រុមហ៊ុនមួយនេះ។ គិតត្រឹមពេលបិទផ្សារ ភាគហ៊ុនរបស់លោកនៅក្នុង SpaceX មានតម្លៃ ៧៦៧,១ ពាន់លានដុល្លារ (មិនរាប់បញ្ចូលជម្រើសទិញភាគហ៊ុនតម្លៃ ៥៣,៨ ប៊ីលានដុល្លារផ្សេងទៀតឡើយ) បូករួមនឹងភាគហ៊ុន និងជម្រើសភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla សរុបជាង ២៨៤ ពាន់លានដុល្លារទៀត។ ការក្លាយជាមហាសេដ្ឋីទ្រីលានដុល្លារដំបូងគេរបស់លោក Musk បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីវិសមភាពទ្រព្យសម្បត្តិ ព្រោះទំហំលុយរបស់លោកនាពេលនេះមានទំហំស្មើនឹងសេដ្ឋកិច្ចជាតិមួយទាំងមូលដូចជា ប្រទេសប៉ូឡូញ ឬស្វីស ទៅហើយ។

ទន្ទឹមនឹងនេះ ឥទ្ធិពលនយោបាយរបស់លោកក៏កំពុងរងការរិះគន់ផងដែរ។ លោកបានផ្តល់ប្រាក់រាប់រយលានដុល្លារដល់យុទ្ធនាការបោះឆ្នោតរបស់លោក Donald Trump ហើយថែមទាំងបានដឹកនាំ នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដោយបានកាត់បន្ថយចំណាយរហូតដល់មានការបិទទីភ្នាក់ងារ USAID ដែលអ្នកស្រាវជ្រាវនៃទស្សនាវដ្តីវេជ្ជសាស្ត្រ ព្រមានថាអាចប៉ះពាល់ដល់ជីវិតមនុស្សជាង ១៤ លាននាក់នៅឆ្នាំ ២០៣០។ លោកបានប៉ះទង្គិចពាក្យសម្តីជាញឹកញាប់ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer ជុំវិញបញ្ហានយោបាយអន្តោប្រវេសន៍ និងរឿងក្តីឃាតកម្មលើនិស្សិតម្នាក់។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Bernie Sanders និងលោកស្រី Elizabeth Warren បានថ្កោលទោសចំពោះការកើនឡើងទ្រព្យសម្បត្តិដ៏ហួសហេតុនេះ ដោយលោកស្រី Warren បានសង្កត់ធ្ងន់ថា នេះជាសញ្ញាអាសន្នដែលពិភពលោកត្រូវតែចាប់ផ្តើមអនុវត្ត ពន្ធលើទ្រព្យសម្បត្តិ។ 

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានកត់សម្គាល់ថា ទ្រព្យសម្បត្តិរបស់លោក Musk ភាគច្រើនគឺនៅលើក្រដាសប៉ុណ្ណោះ (ផ្អែកលើតម្លៃភាគហ៊ុន) ហើយលោកមិនត្រូវបានអនុញ្ញាតឱ្យលក់ភាគហ៊ុន SpaceX របស់លោកចេញក្នុងរយៈពេលយ៉ាងហោចណាស់មួយឆ្នាំនោះទេ។ ម៉្យាងវិញទៀត ការឡើងផ្សារហ៊ុននេះក៏បានធ្វើឱ្យបុគ្គលិក និងអតីតបុគ្គលិករបស់ SpaceX ជាង ៤.៤០០ នាក់ ក្លាយជាមហាសេដ្ឋីដុល្លារផងដែរ តាមរយៈភាគហ៊ុនដែលពួកគេទទួលបានពីប្រាក់បំណាច់។បច្ចុប្បន្ន SpaceX មិនទាន់រកប្រាក់ចំណេញបាននៅឡើយទេ ដោយបានខាតបង់ប្រាក់ជាង ៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ និង ២០២៦ នេះ ដោយសារតែការចំណាយយ៉ាងគំហុកលើបច្ចេកវិទ្យា AI និងហេដ្ឋារចនាសម្ព័ន្ធអវកាស។ តម្លៃវាយតម្លៃដ៏ខ្ពស់របស់ក្រុមហ៊ុន គឺផ្អែកទាំងស្រុងលើសុទិដ្ឋិនិយមនាពេលអនាគត។ ផ្អែកតាមសៀវភៅណែនាំការវិនិយោគ របស់ក្រុមហ៊ុន SpaceX មានគោលដៅបង្កើតបច្ចេកវិទ្យាដើម្បីឱ្យមនុស្សអាចរស់នៅលើភពផ្សេងៗបាន និងការកសាង សេដ្ឋកិច្ចព្រះច័ន្ទ តាមរយៈការដឹកជញ្ជូនមនុស្ស និងទំនិញទៅកាន់ព្រះច័ន្ទ និងភភពអង្គារជាប្រចាំ។

ទោះបីជាក្រុមហ៊ុនខ្លួនឯងបានទទួលស្គាល់ថា ផែនការនេះមានភាពស្មុគស្មាញផ្នែកបច្ចេកវិទ្យាខ្លាំង និងមិនទាន់ប្រាកដថាអាចជោគជ័យផ្នែកពាណិជ្ជកម្មក៏ដោយ ក៏ក្រុមវិនិយោគិននៅតែបង្ហាញទំនុកចិត្តខ្ពស់។ លោកស្រី Nancy Tengler ប្រធានក្រុមហ៊ុន Laffer Tengler Investments ដែលបានទិញភាគហ៊ុន SpaceX បាននិយាយថា លោកស្រីមើលឃើញពីសក្តានុពលរយៈពេលវែងពី ៥ ទៅ ១០ ឆ្នាំ ហើយថែមទាំងរំពឹងថា SpaceX អាចនឹងបញ្ចូលគ្នាជាមួយ Tesla ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Susannah Streeter ប្រធានផ្នែកយុទ្ធសាស្ត្រវិនិយោគនៅ Wealth Club បានព្រមានថា ការហក់ឡើងនៃតម្លៃភាគហ៊ុននេះ គឺត្រូវបានជំរុញដោយ ការឃោសនាបំផ្លើស និងការខ្វះខាតការវិភាគលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ចពិតប្រាកដ ដែលវាអាចបង្កើតជាហានិភ័យដល់កញ្ចប់ថវិកាសោធននិវត្តន៍ ឬមូលនិធិសន្សំរបស់ប្រជាពលរដ្ឋទូទៅ ដែលបានវិនិយោគក្នុងមូលនិធិលិបិក្រម ដោយអចេតនា។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC h