[ទីក្រុងគៀវ]៖ សង្រ្គាមនៅអ៊ុយក្រែន និងបណ្តាប្រទេសផ្សេងទៀត អាចនឹងប្រឈមមុខនឹងការផ្លាស់ប្តូរទម្រង់ជាយុទ្ធសាស្ត្រក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ នៅពេលដែលប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ត្រូវបានរួមបញ្ចូលទៅក្នុងបណ្តាញតែមួយ ដែលជួយជម្រុញល្បឿននៃការសម្រេចចិត្តនៅលើសមរភូមិ។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំទី៥ នៃការវាយបកប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំពីសំណាក់រុស្ស៊ី អ៊ុយក្រែនកំពុងប្រើប្រាស់បច្ចេកវិទ្យា AI លើមុខងារជាច្រើននៅសមរភូមិជួរមុខ ចាប់តាំងពីការបញ្ជាដ្រូនឱ្យហោះសំដៅទៅរកគោលដៅ ករៀបចំផែនការយុទ្ធសាស្ត្រប្រយុទ្ធ រហូតដល់ការប្រមូលទិន្នន័យស្តីពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។ លោក ដានីឡូ ស៊្វុក (Danylo Tsvok) ប្រធានមជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត (AI) នៃក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា បញ្ញាសិប្បនិម្មិត (AI) នឹងបង្កើតរបត់ថ្មីនៃសង្គ្រាម ហើយបច្ចុប្បន្នវាជានិទិសដៅដែលកំពុងដំណើរការយ៉ាងសកម្មរួចទៅហើយ។

លោកបានព្យាករណ៍ថា ប្រព័ន្ធ AI ទាំងនេះ នឹងត្រូវបង្រួបបង្រួមទៅជាបណ្តាញតែមួយដើម្បីគ្រប់គ្រងសមរភូមិទាំងមូល ដែលវានឹងនាំទៅរក សង្គ្រាមរវាងប្រព័ន្ធប្រតិបត្តិការ ជាមួយរុស្ស៊ីក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ ប្រសិនបើជម្លោះនេះនៅតែបន្តអូសបន្លាយ។ លោកបានបន្ថែមថា ប្រព័ន្ធណាដែលមានទិន្នន័យច្រើនជាង និងយល់ដឹងកាន់តែច្បាស់ក្នុងការស្វែងរកដំណោះស្រាយពីទិន្នន័យទាំងនោះ ប្រព័ន្ធនោះនឹងទទួលបានប្រៀបជាងដៃគូប្រកួតប្រជែង។ មជ្ឈមណ្ឌល AI នេះ ត្រូវបានបង្កើតឡើងកាលពីខែមីនា កន្លងទៅ ខណៈដែលរដ្ឋមន្ត្រីក្រសួងបំប្លែងឌីជីថល លោក Mykhailo Fedorov ព្យាយាមដាក់បញ្ចូលបច្ចេកវិទ្យា AI និងការសម្រេចចិត្តផ្អែកលើទិន្នន័យ ឱ្យទៅជាបេះដូងនៃវិស័យការពារជាតិរបស់អ៊ុយក្រែន។

បច្ចុប្បន្ន យន្តហោះដ្រូនដែលភាគច្រើននៅតែបញ្ជាដោយមនុស្ស បាននិងកំពុងផ្លាស់ប្តូរទម្រង់នៃការធ្វើសង្រ្គាមរួចទៅហើយ ដោយកងទ័ពអ៊ុយក្រែន និងរុស្ស៊ី បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក រាប់ពាន់គ្រឿងក្នុងមួយថ្ងៃៗវាយប្រហារគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ទីក្រុងគៀវក៏កំពុងព្យាយាមដោះស្រាយបញ្ហាកង្វះខាតកងទ័ពជួរមុខ ដោយជំនួសមកវិញនូវការប្រើប្រាស់មនុស្សយន្តលើដី។ លោក ស៊្វុក បានពន្យល់ថា សមត្ថភាពរបស់ដ្រូនក្នុងការឈ្លបយកការណ៍នៅលើសមរភូមិឥតឈប់ឈរ និងការវាយប្រហារចំគោលដៅប្រកបដោយភាពជាក់លាក់ បានជួយពន្លឿន ខ្សែសង្វាក់សម្លាប់ ដែលជាដំណើរការនៃការរៀបចំផែនការ និងការវាយប្រហារលើសត្រូវ។ អ្វីដែលពិសេសជាងនេះ ការធ្វើការសម្រេចចិត្តដោយប្រើ AI នឹងជួយជម្រុញដំណើរការនេះឱ្យកាន់តែលឿនជាងមុន។

បច្ចុប្បន្ន អ៊ុយក្រែនដែលមានកងទ័ពប្រហែលមួយលាននាក់ កំពុងប្រើប្រាស់ឧបករណ៍ AI នៅក្នុងប្រព័ន្ធបញ្ជាការរបស់ខ្លួនរួចជាស្រេចហើយ។ ប៉ុន្តែលោក ស៊្វុក បានឱ្យដឹងថា គោលដៅចម្បងគឺការបង្កើតប្រព័ន្ធប្រតិបត្តិការរួមតែមួយ ដើម្បីជួយសម្រេចចិត្តនៅលើសមរភូមិ ចាប់តាំងពីកងទ័ពជួរមុខ រហូតដល់បញ្ជាការដ្ឋានយុទ្ធសាស្ត្រ។ យន្តការនេះនឹងជួយបង្កើនល្បឿននៃការវិភាគទិន្នន័យដែលប្រមូលបានពីខ្សែត្រៀមជួរមុខប្រវែង ១,២០០ គីឡូម៉ែត្រ (៧៥០ ម៉ាយល៍) ដើម្បីផ្តល់ជាអនុសាសន៍ដល់មេបញ្ជាការជាមនុស្ស។ គោលបំណងធំគឺការបង្រួបបង្រួមអាវុធ និងប្រព័ន្ធទិន្នន័យទាំងអស់ ឱ្យទៅជាសរីរាង្គរស់តែមួយ ដែលអាចដំណើរការក្នុងលក្ខណៈសម្របសម្រួលគ្នាខ្ពស់។ ការប្រណាំងប្រជែងសព្វាវុធបច្ចេកវិទ្យា ដែលបង្កឡើងដោយសង្រ្គាមដ៏ធំបំផុតនៅអឺរ៉ុបគិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ (១៩៣៩-១៩៤៥) បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមហ៊ុន AI បរទេស។ ក្រុមហ៊ុនទាំងនោះត្រូវការទិន្នន័យពីសមរភូមិជាក់ស្តែង ដើម្បីយកទៅបង្ហាត់ម៉ូដែល AI របស់ពួកគេ ក៏ដូចជាស្វែងរកឱកាសធ្វើតេស្តប្រព័ន្ធផ្ទាល់។

ក្រុមហ៊ុនអាមេរិកមួយចំនួន ដូចជា Palantir បានផ្តល់ប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួនដល់អ៊ុយក្រែនរួចហើយ។ ស្របពេលជាមួយគ្នានេះ ទីក្រុងគៀវបានបង្កើតគម្រោង "Brave1 Dataroom" ដែលជាកម្មវិធីចែករំលែកទិន្នន័យសមរភូមិជាមួយប្រទេសសម្ព័ន្ធមិត្ត ដើម្បីយកទៅបង្ហាត់កម្មវិធីកុំព្យូទ័រ។ លោក ស៊្វុក ដែលស្លៀកពាក់អាវយឺតពណ៌ខ្មៅ និងខោខូវប៊យ បាននិយាយថា នេះគឺជាកន្លែងតែមួយគត់ ដែលអ្នកអាចដឹងច្បាស់ថា ប្រព័ន្ធបច្ចេកវិទ្យារបស់អ្នកដំណើរការមានប្រសិទ្ធភាព ឬក៏អត់។ ចំណែកឯទីក្រុងមូស្គូ ក៏កំពុងអភិវឌ្ឍសមត្ថភាព AI របស់ខ្លួនផងដែរ។ មេបញ្ជាការការពារដែនអាកាសជាន់ខ្ពស់ម្នាក់របស់អ៊ុយក្រែន បានប្រាប់រ៉យទ័រកាលពីខែមេសាថា រុស្ស៊ីកំពុងបង្កើនការប្រើប្រាស់ AI ក្នុងការរៀបចំផែនការវាយប្រហារដោយដ្រូន និងមីស៊ីលលើទីក្រុងនានា ដែលវាជួយកាត់បន្ថយពេលវេលានៃការរៀបចំផែនការវាយប្រហារនីមួយៗបានយ៉ាងច្រើន។

លោក ស៊្វុក បានសង្កត់ធ្ងន់ថា សំណួរសំខាន់គឺ តើយើងអាចបង្កើតដំណោះស្រាយបានលឿនកម្រិតណា ហើយតើយើងអាចយកវាទៅអនុវត្តជាក់ស្តែងដើម្បីបង្កើតផលជះវិជ្ជមានដ៏ធំធេងនៅលើសមរភូមិសម្រាប់ខាងយើងដោយរបៀបណា? លោកបានបន្ថែមថា ក្រសួងការពារជាតិក៏កំពុងអភិវឌ្ឍប្រព័ន្ធជ្រើសរើសបុគ្គលិក និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សដែលដើរដោយ AI ផងដែរ ដែលនេះជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលផ្អែកលើទិន្នន័យរបស់លោក Fedorov។ ទោះបីជាអ៊ុយក្រែនប្រកាន់ខ្ជាប់នូវគោលការណ៍ ត្រូវតែមានមនុស្សជាអ្នកសម្រេចចិត្តចុងក្រោយ ក្នុងការបញ្ជាប្រយុទ្ធក៏ដោយ ក៏លោក ស៊្វុក បានកត់សម្គាល់ថា ទៅថ្ងៃអនាគត ប្រព័ន្ធ AI អាចនឹងដើរលឿនជាងមនុស្ស ដែលវត្តមានរបស់មនុស្សអាចនឹងធ្វើឱ្យការសម្រេចចិត្តមានភាពយឺតយ៉ាវទៅវិញ។ លោកបានចោទជាសំណួរចុងក្រោយថា សំណួរត្រង់ថា តើយើងត្រូវធ្វើដូចម្តេច ដើម្បីអាចតាមទាន់ល្បឿននៃការសម្រេចចិត្ត ដែលស្នើឡើងដោយប្រព័ន្ធស្វ័យប្រវត្តទាំងនោះ?

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters