សេអ៊ូល៖ តុលាការកូរ៉េខាងត្បូងបានសម្រេចកាត់ទោសអតីតប្រធានាធិបតី លោក Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំបន្ថែមទៀត ពីបទបញ្ជាឱ្យបញ្ជូនដ្រូន (យន្តហោះគ្មានមនុស្សបើក) ចូលទៅក្នុងទឹកដីកូរ៉េខាងជើង។ ក្រុមរដ្ឋអាជ្ញាបានអះអាងថា លោក Yoon បានបង្គាប់ឱ្យធ្វើប្រតិបត្តិការនេះកាលពីខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងឌឺដងបង្កហេតុដល់ទីក្រុងព្យុងយ៉ាង ដើម្បីយកធ្វើជាលេសក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដែលបានបរាជ័យយ៉ាងអាម៉ាស់នៅចុងឆ្នាំដដែលនោះ។

កាលពីថ្ងៃទី៣ ខែធ្នូ ក្នុងអំឡុងពេលប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក លោក Yoon បានអះអាងថា សកម្មភាពនេះធ្វើឡើងដើម្បីការពារជាតិពីក្រុមកងកម្លាំងប្រឆាំងរដ្ឋ ដែលលម្អៀងទៅរកកូរ៉េខាងជើង។ ទោះជាយ៉ាងណា គេបានរកឃើញយ៉ាងច្បាស់ថា ការសម្រេចចិត្តរបស់លោកគឺត្រូវបានជំរុញដោយវិបត្តិនយោបាយក្នុងស្រុក ហើយលោកបានដកបទបញ្ជានេះវិញភ្លាមៗ បន្ទាប់ពីមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាពីមហាជន។ បច្ចុប្បន្ន លោក Yoon កំពុងអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិតរួចទៅហើយ ពីបទបះបោរពាក់ព័ន្ធនឹងការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកខុសច្បាប់នេះ។

កាលពីថ្ងៃសុក្រ តុលាការស្រុកកណ្តាលក្រុងសេអ៊ូល បានរកឃើញថា លោក Yoon រួមទាំងអតីតមន្ត្រីជាន់ខ្ពស់ ៣រូបផ្សេងទៀត មានទោសពីបទក្បត់ជាតិ និងរំលោភអំណាច។ មន្ត្រីទាំងនោះរួមមាន លោក Kim Yong-hyun អតីតរដ្ឋមន្ត្រីការពារជាតិ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣០ឆ្នាំ។ លោក Yeo In-hyung អតីតប្រធានបញ្ជាការដ្ឋានប្រឆាំងការស៊ើបការណ៍សម្ងាត់ការពារជាតិ ត្រូវជាប់ពន្ធនាគារ ១៥ឆ្នាំ និងលោក Kim Yong-dae អតីតប្រធានបញ្ជាការដ្ឋានប្រតិបត្តិការដ្រូន ត្រូវផ្តន្ទាទោស ៣ឆ្នាំ តែត្រូវព្យួរទោសរយៈពេល ៥ឆ្នាំ។

តុលាការបានគូសបញ្ជាក់ក្នុងសាលក្រមថា ជនជាប់ចោទបានប្រើប្រាស់រូបភាពនៃប្រតិបត្តិការយោធា មកធ្វើជាឧបករណ៍ដុតរំញោចឱ្យមានការឆ្លើយតបខាងយោធាពីកូរ៉េខាងជើង ក្នុងគោលបំណងបង្កើតស្ថានភាពអាសន្នដើម្បីផលប្រយោជន៍នយោបាយ។ តុលាការបានបន្ថែមថា មន្ត្រីទាំងបីរូបបានចូលរួមចំណែកបង្កហេតុ ដែលធ្វើឱ្យកើនឡើងនូវហានិភ័យនៃជម្លោះយោធា ប៉ុន្តែលោក Yoon ក្នុងនាមជាមេដឹកនាំ ត្រូវទទួលខុសត្រូវខ្ពស់បំផុតក្នុងព្រឹត្តិការណ៍នេះ។ ដោយឡែក ក្រុមមេធាវីការពារក្ដីរបស់លោក Yoon បានតវ៉ាថា សកម្មភាពនោះគ្រាន់តែជាការឆ្លើយតបស្របច្បាប់ ទៅនឹងការបង្ហោះបាឡុង និងកាកសំណល់របស់កូរ៉េខាងជើងតែប៉ុណ្ណោះ។

កាលពីឆ្នាំ២០២៤ កូរ៉េខាងជើងបានបង្ហោះបាឡុងរាប់រយគ្រឿង ដែលផ្ទុកទៅដោយកាកសំណល់និងសំរាមទម្លាក់ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង។ បើទោះបីជាប្រទេសទាំងពីរធ្លាប់បានប្រើប្រាស់បាឡុងឃោសនាបែបនេះតាំងពីសម័យសង្គ្រាមកូរ៉េក៏ដោយ ប៉ុន្តែស្ថានភាពបានឡើងកម្តៅខ្លាំងនៅឆ្នាំ២០២៤ នៅពេលដែលទីក្រុងព្យុងយ៉ាងចោទប្រកាន់ថា ខាងភាគីខាងត្បូងបានហោះហើរដ្រូនចូលទៅក្នុងរដ្ឋធានីរបស់ខ្លួន ដើម្បីរាយប៉ាយខិត្តប័ណ្ណប្រឆាំងរបបដឹកនាំខាងជើង ដែលកូរ៉េខាងជើងចាត់ទុកថាជាទង្វើបង្កសង្គ្រាម។

ចៅក្រមបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃសុក្រថា គឺលោក Yoon ខ្លួនឯងដែលជាអ្នកបញ្ជាឱ្យបញ្ជូនដ្រូនទាំងនោះទៅភាគខាងជើង ដោយរំពឹងថានឹងមានការវាយបកណាមួយកើតឡើង។ បន្ថែមលើទោសបះបោរ និងក្បត់ជាតិ លោក Yoon ក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំផ្សេងទៀតផងដែរ ពីបទរំលោភអំណាច និងរារាំងការប៉ុនប៉ងចាប់ខ្លួនរូបលោក។ ការប៉ុនប៉ងប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon បានរុញច្រានប្រទេសកូរ៉េខាងត្បូងឱ្យធ្លាក់ទៅក្នុងភាពវឹកវរផ្នែកនយោបាយអស់ជាច្រើនខែ ដែលទីបំផុតបានបញ្ចប់ទៅវិញ តាមរយៈការបោះឆ្នោតជាតិភ្លាមៗ ដោយជ័យជម្នះបានទៅលើលោក Lee Jae-myung មកពីគណបក្សប្រជាធិបតេយ្យ ដែលទទួលបានអាសនៈភាគច្រើនដាច់ខាតនៅក្នុងសភា។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC