ប្រាក់ដុល្លារអាមេរិកបានស្ថិតនៅជិតកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២ខែ នៅថ្ងៃចន្ទនេះ បន្ទាប់ពីរបាយការណ៍ការងារដ៏រឹងមាំរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យវិនិយោគិនបង្កើនការរំពឹងថា ធនាគារកណ្តាលអាមេរិក (Federal Reserve) អាចដំឡើងអត្រាការប្រាក់នៅក្នុងឆ្នាំនេះ ខណៈប្រាក់យ៉េនជប៉ុនបន្តធ្លាក់ចុះកាន់តែជ្រៅទៅក្នុងតំបន់ដែលអាជ្ញាធរអាចធ្វើអន្តរាគមន៍ទីផ្សារ។
របាយការណ៍បានបង្ហាញថា ការងារក្រៅវិស័យកសិកម្ម (Nonfarm Payrolls) នៅសហរដ្ឋអាមេរិក បានកើនឡើង ១៧២,០០០ កន្លែងការងារកាលពីខែមុន ដែលលើសការរំពឹងទុករបស់ទីផ្សារយ៉ាងច្រើន ហើយទិន្នន័យនេះបានជួយគាំទ្រតម្លៃប្រាក់ដុល្លារ។

ប្រាក់អឺរ៉ូបានធ្លាក់ដល់ ១.១៥០៧ ដុល្លារ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២ខែ ខណៈផោនអង់គ្លេសបានធ្លាក់មកនៅ ១.៣៣១៦៥ ដុល្លារ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣សប្តាហ៍។
ចំណែកប្រាក់ដុល្លារអូស្ត្រាលី និងនូវែលសេឡង់ ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ខែផងដែរ។ លោក Jonas Goltermann ប្រធានអ្នកសេដ្ឋកិច្ចផ្នែកទីផ្សារនៃក្រុមហ៊ុន ​Capital Economics បាននិយាយថា ទិន្នន័យការងារថ្មីបង្ហាញថា ទីផ្សារការងារអាមេរិកនៅតែរឹងមាំ ទោះបីជាកំពុងប្រឈមនឹងការកើនឡើងតម្លៃថាមពលក៏ដោយ។
លោកបានបន្ថែមថា ស្ថានភាពនេះធ្វើឱ្យលទ្ធភាពនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ Fed កាន់តែខ្ពស់ ហើយរំពឹងថា គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) អាចដំឡើងអត្រាការប្រាក់ចំនួន ២លើក ក្នុងកម្រិត ០.២៥% ម្តងៗ នៅចុងឆ្នាំនេះ។បច្ចុប្បន្ន ទីផ្សារវាយតម្លៃថា មានឱកាសជាង ៧០% ដែល Fed នឹងដំឡើងអត្រាការប្រាក់នៅខែធ្នូ កើនឡើងពី ៤៥% កាលពីមួយសប្តាហ៍មុន។

ប្រាក់យ៉េនជប៉ុនរងសម្ពាធ ការឡើងថ្លៃរបស់ប្រាក់ដុល្លារបានធ្វើឱ្យប្រាក់យ៉េនជប៉ុនបន្តចុះខ្សោយ ដោយអត្រាប្តូរបានឈានដល់ ១៦០.៣៣ យ៉េនក្នុងមួយដុល្លារ។
 ប្រាក់យ៉េនបានបាត់បង់អត្ថប្រយោជន៍ទាំងស្រុងដែលទទួលបានបន្ទាប់ពីរដ្ឋាភិបាលជប៉ុនធ្វើអន្តរាគមន៍ទីផ្សារទឹកប្រាក់ប្រមាណ ១១.៧ ទ្រីលានយ៉េន (ប្រហែល ៧៣ ពាន់លានដុល្លារ) កាលពីជាងមួយខែមុន។  ប្រភពព័ត៌មានបានប្រាប់ Reuters ថា ធនាគារកណ្តាលជប៉ុន (BOJ) ត្រូវបានរំពឹងថានឹងដំឡើងអត្រាការប្រាក់ក្នុងខែនេះ លុះត្រាតែជម្លោះនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរហើយបង្កភាពចលាចលដល់ទីផ្សារ។
គ្រីបតូស្ទុះងើបឡើងវិញ
នៅក្នុងទីផ្សារគ្រីបតូ Bitcoin បានកើនឡើងជាង ១% ដល់ ៦២,៦១៥ ដុល្លារ បន្ទាប់ពីធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៤ កាលពីសប្តាហ៍មុន។
អ៊ីធើរ ក៏បានកើនឡើងជាង ១% ផងដែរ ដល់ ១,៦៥២ ដុល្លារ បន្ទាប់ពីធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៤ខែ។
អ្នកវិភាគមើលឃើញថា ការកើនឡើងខ្លាំងនៃភាគហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការចុះបញ្ជីភាគហ៊ុនថ្មីៗដ៏ទាក់ទាញជាច្រើន រួមទាំង SpaceX បានទាក់ទាញទុនវិនិយោគចេញពី Bitcoin ដែលធ្វើឱ្យរូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោកជួបការលំបាកតាំងពីដើមឆ្នាំមក។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters