ក្រុមហ៊ុនជប៉ុនប្រហែលមួយក្នុងចំណោមបី កំពុងប្រើប្រាស់ ឬកំពុងពិចារណាដាក់ឱ្យប្រើរ៉ូបូតបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងកន្លែងការងារ ដើម្បីដោះស្រាយបញ្ហាខ្វះកម្លាំងពលកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងឧស្សាហកម្មរបស់ប្រទេស។
ការស្ទង់មតិដែលធ្វើឡើងដោយ Nikkei Research សម្រាប់ Reuters ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា បានសាកសួរក្រុមហ៊ុនចំនួន ៤៩២ ដោយមានក្រុមហ៊ុន ២២០ ឆ្លើយតបក្រោមលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ។
លទ្ធផលបង្ហាញថា ៤% នៃក្រុមហ៊ុនកំពុងប្រើរ៉ូបូត AI រួចហើយ ខណៈ ៥% មានគម្រោងដាក់ឱ្យប្រើ និង ២៥% កំពុងសិក្សាពិចារណា។ ទោះជាយ៉ាងណា ៦៦% នៃក្រុមហ៊ុននៅមិនទាន់មានផែនការប្រើប្រាស់បច្ចេកវិទ្យានេះនៅឡើយ។

វិស័យផលិតឧបករណ៍ដឹកជញ្ជូន រួមទាំងក្រុមហ៊ុនផលិតរថយន្ត ត្រូវបានចាត់ទុកថាជាវិស័យដែលសកម្មបំផុតក្នុងការទទួលយករ៉ូបូត AI ដោយមានរហូតដល់ ៨០% កំពុងប្រើ ឬសិក្សាប្រើប្រាស់បច្ចេកវិទ្យានេះ។ ផ្ទុយទៅវិញ វិស័យលក់ដុំមាន ៩៤% នៃក្រុមហ៊ុនមិនមានគម្រោងដាក់ប្រើរ៉ូបូត AI ទេ។
ជប៉ុន ដែលជាទីតាំងរបស់ក្រុមហ៊ុនផលិតរ៉ូបូតធំៗដូចជា Fanuc, Yaskawa Electric និង Kawasaki Heavy Industriesត្រូវបានគេស្គាល់ថាជាមហាអំណាចផ្នែករ៉ូបូតឧស្សាហកម្មជាយូរមកហើយ។ ប៉ុន្តែបច្ចុប្បន្ន ប្រទេសនេះកំពុងប្រឈមការប្រកួតប្រជែងកាន់តែខ្លាំងពីចិន និងសហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍរ៉ូបូត AI ដែលអាចវាយតម្លៃបរិយាកាស និងសម្រេចចិត្តដោយខ្លួនឯង មិនមែនគ្រាន់តែអនុវត្តការងារដដែលៗតាមកម្មវិធីកំណត់ទុកទេ។
ក្នុងចំណោមក្រុមហ៊ុនដែលកំពុងប្រើ ឬគ្រោងប្រើរ៉ូបូត AI មាន ៧១% ចង់យកទៅប្រើក្នុងការផលិត ១៩% សម្រាប់ការងារដែលមានហានិភ័យ និង ១១% សម្រាប់សេវាកម្មបម្រើអតិថិជន។
ក្រៅពីបញ្ហាបច្ចេកវិទ្យា ការស្ទង់មតិក៏បានសាកសួរអំពីគោលការណ៍រដ្ឋាភិបាលដែលជំរុញឱ្យក្រុមហ៊ុនប្រើប្រាស់ទ្រព្យសកម្មហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ៦០% នៃអ្នកឆ្លើយតបយល់ថា ការសម្រេចចិត្តគួរតែអាស្រ័យលើក្រុមហ៊ុននីមួយៗ ខណៈ ៤៤% យល់ថា គួរពិចារណាតាមទំហំក្រុមហ៊ុនផងដែរ។
ទិន្នន័យបង្ហាញថា ក្រុមហ៊ុនជប៉ុនដែលមានដើមទុនចាប់ពី ១ពាន់លានយ៉េនឡើងទៅ បានកាន់កាប់សាច់ប្រាក់ និងប្រាក់បញ្ញើសរុប ៨៣ ទ្រីលានយ៉េន ក្នុងឆ្នាំ២០២៤ កើនឡើង ៥៤% បើធៀបនឹង១០ឆ្នាំមុន ដែលបង្កការពិភាក្សាថា ទ្រព្យសកម្មទាំងនេះអាចត្រូវបានប្រើដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការតម្លើងប្រាក់ឈ្នួលបានល្អជាងមុន។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters