របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Verizon បានបង្ហាញថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI កំពុងកើនឡើងយ៉ាងឆាប់រហ័ស ខណៈក្រុម Hacker កំពុងប្រើ AI ដើម្បីស្វែងរកចន្លោះខ្សោយក្នុងសូហ្វវែរ និងបង្កើនល្បឿនការវាយប្រហារ។
របាយការណ៍ដែលបានវិភាគលើឧប្បត្តិហេតុជាង 31,000 ករណី បង្ហាញថា 31% នៃការលួចទិន្នន័យទាំងអស់ចាប់ផ្តើមពីការទាញយកប្រយោជន៍ពីចន្លោះខ្សោយ (software vulnerabilities) ដែលជាលើកដំបូងលើសពីការប្រើប្រាស់លេខសម្ងាត់ដែលត្រូវបានលួច។
Verizon បញ្ជាក់ថា AI ត្រូវបានប្រើក្នុងគ្រប់ដំណាក់កាលនៃការវាយប្រហារ រួមមានការជ្រើសគោលដៅ ការចូលប្រព័ន្ធ និងការបង្កើតកម្មវិធីមេរោគ (malware) ខណៈពេលដែលរយៈពេលឆ្លើយតបរបស់ប្រព័ន្ធការពារត្រូវបានបង្រួមពីរាប់ខែ ទៅត្រឹមរាប់ម៉ោងប៉ុណ្ណោះ។

របាយការណ៍ក៏បានព្រមានពីបញ្ហា “Shadow AI” ដែលជាការប្រើប្រាស់ AI ដោយគ្មានការអនុញ្ញាតក្នុងស្ថាប័ន ដោយបុគ្គលិកមួយចំនួនបានបញ្ចូល source code និងទិន្នន័យសំខាន់ៗទៅក្នុងប្រព័ន្ធ AI ដែលអាចបង្កហានិភ័យលេចធ្លាយទិន្នន័យ។
ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតCrowdStrike ក៏បានរាយការណ៍ដែរថា ការវាយប្រហារដែលមាន AI ជួយបានកើនឡើងយ៉ាងខ្លាំង និងធ្វើឲ្យអ្នកវាយប្រហារមានសមត្ថភាពខ្ពស់ជាងមុន។
ខណៈនេះ ក្រុមហ៊ុនAnthropic កំពុងសាកល្បងគម្រោង AI សម្រាប់សន្តិសុខឈ្មោះ “Project Glasswing” ដើម្បីជួយការពារប្រព័ន្ធ ប៉ុន្តែក៏មានការព្រួយបារម្ភថា AI អាចត្រូវបានប្រើប្រាស់ខុសគោលបំណង។
អ្នកជំនាញបានលើកឡើងថា ស្ថានភាពបច្ចុប្បន្នបង្ហាញថា សង្គ្រាមសន្តិសុខតាមអ៊ីនធឺណិតកំពុងផ្លាស់ប្តូរទៅជាយុគសម័យ “AI ទល់នឹង AI” ដែលអាចក្លាយជាគន្លងសំខាន់សម្រាប់ការពារ និងការវាយប្រហារនាពេលអនាគត។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters