ទីក្រុងវីលនីញូស៖ កាលពីថ្ងៃទី១៩ ខែឧសភា អ៊ុយក្រែនបានទម្លាក់កំហុសលើរុស្ស៊ី ចំពោះការប្រើប្រាស់ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច បង្វែរទិសដៅយន្តហោះដ្រូនមួយគ្រឿងរបស់ខ្លួនឱ្យហោះចូលទៅក្នុងដែនអាកាសប្រទេសអេស្តូនី រហូតត្រូវយន្តហោះចម្បាំងរបស់អង្គការណាតូ (NATO) បាញ់ទម្លាក់។ ឧប្បត្តិហេតុដ្រូនឆ្លងដែនចុងក្រោយនេះ បានបង្កឱ្យមានភាពចលាចលផ្នែកនយោបាយយ៉ាងខ្លាំងនៅក្នុងបណ្តារដ្ឋបាល់ទិក។
ជាមួយគ្នានេះ ប្រទេសឡាតវីក៏បានចេញការព្រមានពីការគំរាមកំហែងតាមផ្លូវអាកាសជាលើកដំបូងផងដែរ ដោយសារតែបារម្ភថានឹងមានដ្រូនហោះចូលក្នុងដែនអាកាសរបស់ខ្លួន។ អាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋនៅក្បែរព្រំដែនរុស្ស៊ីឱ្យស្នាក់នៅក្នុងផ្ទះ ខណៈយន្តហោះល្បាតដែនអាកាសរបស់ណាតូត្រូវបានចល័តទៅកាន់តំបន់នោះជាបន្ទាន់ ទោះបីជាជាក្រោយមក ឡាតវីបញ្ជាក់ថាមិនបានរកឃើញភស្តុតាងនៃដ្រូនឆ្លងដែនក៏ដោយ។ ក្រោយមក ឡាតវីបានប្រកាសអាសន្នជាលើកទីពីរនៅក្នុងស្រុកចំនួនពីរដែលជាប់ព្រំដែនរុស្ស៊ី ដែលនាំឱ្យមានការដាក់ពង្រាយយន្តហោះចម្បាំងបន្ថែមពីអង្គការណាតូ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhii Tykhyi បានសរសេរនៅលើបណ្តាញសង្គម X ថា រុស្ស៊ីនៅតែបន្តប្រើប្រាស់ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចរបស់ខ្លួន ដើម្បីបង្វែរទិសដៅដ្រូនអ៊ុយក្រែនឱ្យហោះចូលទៅក្នុងតំបន់បាល់ទិក។ យើងសូមអភ័យទោសចំពោះប្រទេសអេស្តូនី និងមិត្តភក្តិបាល់ទិកទាំងអស់សម្រាប់ឧប្បត្តិហេតុដែលកើតឡើងដោយអចេតនានេះ។
លោក Tykhyi បានសង្កត់ធ្ងន់ថា ទីក្រុងកៀវមិនដែលប្រើប្រាស់ទឹកដីឡាតវី ឬអេស្តូនី ដើម្បីបើកការវាយប្រហារលើរុស្ស៊ីឡើយ ដែលការលើកឡើងនេះក៏ត្រូវបានប្រទេសបាល់ទិកទាំងនោះបញ្ជាក់ទទួលស្គាល់ផងដែរ។ លោកបានបន្ថែមថា គោលដៅយោធាស្របច្បាប់របស់យើងគឺស្ថិតនៅក្នុងប្រទេសរុស្ស៊ី ហើយយើងប្រើប្រាស់តែដែនអាកាសរុស្ស៊ីប៉ុណ្ណោះដើម្បីទៅដល់គោលដៅទាំងនោះ។ ដោយឡែក ស្ថានទូតរុស្ស៊ីប្រចាំប្រទេសអេស្តូនី និងឡាតវី មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

បច្ចុប្បន្ន អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយន្ដហោះដ្រូនរយៈចម្ងាយឆ្ងាយលើទឹកដីរុស្ស៉ី រួមទាំងតំបន់ជុំវិញសមុទ្របាល់ទិក។ ចាប់តាំងពីខែមីនាមក យន្ដហោះដ្រូនយោធារបស់អ៊ុយក្រែនជាច្រើនគ្រឿងបានហោះរំលងដែនអាកាសនៃប្រទេសសមាជិកណាតូ រួមមានហ្វាំងឡង់ ឡាតវី លីទុយអានី និងអេស្តូនី ដែលសុទ្ធសឹងតែជាប្រទេសមានព្រំដែនជាប់រុស្ស៉ី។ ជុំវិញបញ្ហានេះ កាលពីសប្តាហ៍មុន រដ្ឋាភិបាលឡាតវីថែមទាំងបានប្រកាសលាលែងពីតំណែងទៀតផង ដោយសារតែរងការរិះគន់លើចំណាត់ការដោះស្រាយបញ្ហានៃការជ្រៀតជ្រែកដែនអាកាសនេះ។
យោងតាមសេចក្ដីថ្លែងការណ៍របស់យោធាអេស្តូនី ដ្រូនអ៊ុយក្រែនបានហោះចេញពីទឹកដីរុស្ស៉ី ចូលមកក្នុងដែនអាកាសភាគអាគ្នេយ៍នៃប្រទេសអេស្តូនី នៅម៉ោងប្រហែល ១២ ថ្ងៃត្រង់ (ម៉ោង ០៩:០០ GMT) កាលពីថ្ងៃអង្គារ។ វាត្រូវបានបាញ់ទម្លាក់ដោយយន្ដហោះចម្បាំងរបស់ប្រទេសរ៉ូម៉ានី (ដែលកំពុងបំពេញបេសកកម្មហ្វឹកហ្វឺនរបស់ NATO) នៅម៉ោង ១២:១៤ នាទី (ម៉ោង ០៩:១៤ GMT) ដោយប្រើមីស៊ីលតែមួយគ្រាប់។ កងទ័ពអេស្តូនីបានបន្ថែមថា ឧប្បត្តិហេតុនេះបានកើតឡើងក្រោមលក្ខខណ្ឌដែលរុស្ស៊ីបានប្រើប្រាស់ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចយ៉ាងធ្ងន់ធ្ងរ រួមទាំងការកាត់ផ្តាច់ និងការកកស្ទះប្រព័ន្ធ GPS ផងដែរ។
ដ្រូននេះត្រូវបានគេតាមដានយ៉ាងដិតដល់មុនពេលវាចូលមកដល់អេស្តូនី ហើយការសម្រេចចិត្តបាញ់ទម្លាក់គឺធ្វើឡើងដើម្បីកាត់បន្ថយផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ។ អង្គការ NATO បានបញ្ជាក់ពីប្រតិបត្តិការបាញ់ទម្លាក់នេះ ហើយបានប្រកាសថាការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ដោយបញ្ជាក់ជាថ្មីថាណាតូ ត្រៀមខ្លួនជាស្រេច និងមានសមត្ថភាពឆ្លើយតបគ្រប់ការគំរាមកំហែងផ្លូវអាកាសទាំងអស់។ នៅក្នុងប្រទេសឡាតវី ការប្រកាសអាសន្នតាមផ្លូវអាកាសបានបង្កឱ្យមានការភ័យស្លន់ស្លោនៅក្នុងតំបន់ព្រំដែនជាប់រុស្ស៊ី ដោយសេវាកម្មរថភ្លើងត្រូវបានផ្អាក ការប្រឡងថ្នាក់ជាតិសម្រាប់សិស្សថ្នាក់ទី៩ ត្រូវបានកាត់ផ្ដាច់ ហើយហាងលក់ទំនិញនានាត្រូវបានបង្ខំចិត្តបិទទ្វារ។

ទោះបីជាអេស្តូនីកំណត់អត្តសញ្ញាណដ្រូនដែលដួលរលំកាលពីថ្ងៃអង្គារជារបស់អ៊ុយក្រែនក៏ដោយ ប៉ុន្តែរដ្ឋបាល់ទិកទាំងពីរបានទម្លាក់កំហុសទាំងស្រុងទៅលើទីក្រុងមូស្គូ ដោយលើកឡើងថា ឧប្បត្តិហេតុទាំងនេះគឺជាលទ្ធផលផ្ទាល់នៃសង្រ្គាម និងការបង្កហេតុរបស់រុស្ស៊ី ហើយអ៊ុយក្រែនមានសិទ្ធិពេញលេញក្នុងការវាយប្រហារគោលដៅយោធារុស្ស៊ី ដើម្បីបន្ទន់សមត្ថភាពធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ។
រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Margus Tsahkna បានសរសេរនៅលើ X ថា អេស្តូនីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពការពារដែនអាកាស និងទប់ទល់នឹងយន្តហោះដ្រូន។ ខណៈពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក៏បានថ្លែងកាលពីសប្តាហ៍មុនថា អ៊ុយក្រែននឹងបញ្ជូនអ្នកជំនាញទៅកាន់ប្រទេសឡាតវី ដើម្បីជួយការពារដែនអាកាសរបស់ប្រទេសនេះផងដែរ។ ដោយឡែក កាលពីថ្ងៃទី១៥ ខែឧសភា អាជ្ញាធរហ្វាំងឡង់ក៏បានព្រមានពីសកម្មភាពដ្រូនសង្ស័យនៅក្នុងតំបន់រដ្ឋធានីរបស់ខ្លួនផងដែរ ដោយបានណែនាំឱ្យប្រជាពលរដ្ឋនៅក្នុងផ្ទះ និងផ្អាកជើងហោះហើរនៅអាកាសយានដ្ឋាន Helsinki រយៈពេល ៣ ម៉ោង។ ទោះជាយ៉ាងណា ក្រោយពេលយោធាហ្វាំងឡង់បានបញ្ជូនយន្តហោះចម្បាំង និងក្រុមសង្គ្រោះបន្ទាន់ទៅពិនិត្យ គេមិនបានរកឃើញដ្រូនណាមួយឡើយ៕
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters