[រ៉យទ័រ]៖ យោងតាមឯកសារតុលាការដែលទើបត្រូវបានបើកបង្ហាញកាលពីថ្ងៃចន្ទ ព្រះរាជអាជ្ញាសហរដ្ឋអាមេរិកបានចោទប្រកាន់លោក Alex Saab ដែលគេស្គាល់ថាជា «អ្នកកាន់កាបូបលុយ» ឱ្យអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ពីបទលាងលុយកខ្វក់ ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចលើកម្មវិធីសុខុមាលភាពសង្គមរបស់ប្រទេសវេណេស៊ុយអេឡា។

លោក Saab ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Maduro ត្រូវបានអាជ្ញាធរវេណេស៊ុយអេឡាធ្វើបត្យាប័ន (បញ្ជូនខ្លួន) ទៅកាន់សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន។ សកម្មភាពនេះត្រូវបានលោកស្រី Delcy Rodriguez អនុប្រធានាធិបតីវេណេស៊ុយអេឡាអះអាងថា ដើម្បីផលប្រយោជន៍ជាតិ។ ការបញ្ជូនខ្លួននេះបង្ហាញពីកម្រិតនៃកិច្ចសហប្រតិបត្តិការថ្មីមួយរវាងរដ្ឋបាលលោក Trump និងរដ្ឋាភិបាលរបស់លោកស្រី Rodriguez។ យោងតាមឯកសារតុលាការ លោក Saab (៥៥ឆ្នាំ) ត្រូវបានចោទប្រកាន់ថាបានឃុបឃិតគ្នាសូកប៉ាន់មន្ត្រីវេណេស៊ុយអេឡា និងផ្ទេរប្រាក់តាមរយៈគណនីធនាគារក្នុងសហរដ្ឋអាមេរិក ដើម្បីបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ លោកបានបង្ហាញខ្លួននៅតុលាការសហព័ន្ធក្រុងម៉ៃអាមី (Miami) កាលពីរសៀលថ្ងៃចន្ទ។

ព្រះរាជអាជ្ញាបានពិពណ៌នាអំពីគម្រោងខិលខូចដ៏ធំមួយដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ ដោយលោក Saab និងបក្ខពួកបានប្រើប្រាស់ក្រុមហ៊ុនក្លែងក្លាយ ឯកសារដឹកជញ្ជូន និងវិក្កយបត្រមិនពិត ដើម្បីកេងប្រវ័ញ្ចលើថវិកាទិញស្បៀងអាហារសម្រាប់ប្រជាជនវេណេស៊ុយអេឡា ដែលមានតម្លៃរាប់រយលានដុល្លារ។ លើសពីនេះ ចាប់ពីឆ្នាំ២០១៩ ពួកគេត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ឥទ្ធិពលលើរដ្ឋាភិបាល ដើម្បីលក់ប្រេងក្នុងតម្លៃរាប់ពាន់លានដុល្លារដោយក្លែងបន្លំ និងបានផ្ទេរប្រាក់ទាំងនោះតាមរយៈប្រព័ន្ធធនាគារអាមេរិក។ លោក Terrance Cole មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារបង្ក្រាបគ្រឿងញៀនអាមេរិក (DEA) បានបញ្ជាក់ថា ការចោទប្រកាន់នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ DEA ក្នុងការបំបែកបណ្តាញពុករលួយដែលកំពុងចាក់ស្រែះនៅក្នុងប្រទេសវេណេស៊ុយអេឡា។

គួររំលឹកថា នេះមិនមែនជាលើកទីមួយទេដែលលោក Saab ត្រូវបានអាជ្ញាធរអាមេរិកឃុំខ្លួន។ កាលពីឆ្នាំ២០២០ លោកត្រូវបានចាប់ខ្លួននៅប្រទេស Cape Verde និងបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកលោកប្រធានាធិបតី Joe Biden បានសម្រេចលើកលែងទោសឱ្យលោកនៅឆ្នាំ២០២៣ ជាថ្នូរនឹងការដោះលែងជនជាតិអាមេរិកដែលត្រូវបានឃុំខ្លួនក្នុងប្រទេសវេណេស៊ុយអេឡា។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters