[ឡុងដ៍]៖ កាលពីថ្ងៃទី១៩ ខែមេសា ប៉ូលីសអង់គ្លេសបានប្រកាសថា ពួកគេកំពុងស៊ើបអង្កេតលើការជាប់ពាក់ព័ន្ធដែលអាចកើតមានរបស់ប្រទេសអ៉ីរ៉ង់ ក្នុងករណីវាយប្រហារដោយការដុតបំផ្លាញជាបន្តបន្ទាប់លើទីតាំងរបស់ជនជាតិជ្វីហ្វក្នុងទីក្រុងឡុងដ៍។ ករណីនេះត្រូវបានមេដឹកនាំសហគមន៍ជ្វីហ្វចាត់ទុកថា ជាយុទ្ធនាការហឹង្សាដ៏គ្រោះថ្នាក់ដែលកំពុងរីករាលដាល។

ក្រោយមានការវាយប្រហារចុងក្រោយលើសាលាប្រជុំ Kenton United Synagogue ក្នុងតំបន់ Harrow កាលពីពាក់កណ្តាលអធ្រាត្រ (ដែលជាឧប្បត្តិហេតុលើកទី៣ ក្នុងសប្តាហ៍នេះ) អង្គភាពប្រឆាំងភេរវកម្មអង់គ្លេសបានចូលកាន់កាប់សំណុំរឿងភ្លាមៗ។ ក្រុមមួយដែលគាំទ្រអ៉ីរ៉ង់បានចេញមុខអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ រួមទាំងការវាយប្រហារលើគោលដៅអាមេរិក និងអ៉ីស្រាអែល ផ្សេងទៀតនៅអឺរ៉ុបផងដែរ។

លោកស្រី Vicki Evans អ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកប៉ូលីសប្រឆាំងភេរវកម្ម បានប្រាប់អ្នកសារព័ត៌មានថា ខណៈជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្ត ប៉ូលីសប្រឆាំងភេរវកម្មកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការគំរាមកំហែង និងសកម្មភាពអរិភាពរបស់អ៉ីរ៉ង់នៅក្នុងចក្រភពអង់គ្លេស។ យើងបានដឹងពីរបាយការណ៍ដែលថា ក្រុមបង្កហេតុនេះមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ហើយយើងនឹងបន្តស៊ើបអង្កេតចំណុចនេះឱ្យបានច្បាស់លាស់។

លោក Ephraim Mirvis មេដឹកនាំសាសនា បានថ្កោលទោសការវាយប្រហារនេះថាជាសកម្មភាព  អសីលធម៌។ លោកបានសរសេរលើបណ្តាញសង្គម X ថា មានការកើនឡើងនូវអំពើហឹង្សាប្រឆាំងនឹងសហគមន៍ជ្វីហ្វ។ ទោះបីជាមិនទាន់មានមនុស្សបាត់បង់ជីវិត ប៉ុន្តែយើងមិនត្រូវរង់ចាំរហូតដល់មានសោកនាដកម្មកើតឡើងទើបដឹងថាស្ថានភាពបច្ចុប្បន្នគ្រោះថ្នាក់កម្រិតណានោះទេ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានសម្តែងការតក់ស្លុតជាខ្លាំង ដោយបញ្ជាក់ថា ការវាយប្រហារលើសហគមន៍ជ្វីហ្វ គឺជាការវាយប្រហារលើចក្រភពអង់គ្លេសទាំងមូល ហើយវានឹងមិនត្រូវបានអត់ឱនឱ្យឡើយ។ ក្រុមដែលអះអាងការទទួលខុសត្រូវមានឈ្មោះថា Harakat Ashab al-Yamin al-Islamiyya (HAYI)។ លោក Evans បានបន្ថែមថា ប៉ូលីស និងសន្តិសុខអង់គ្លេសបានដឹងជាយូរមកហើយថា អ៉ីរ៉ង់តែងតែប្រើប្រាស់ភ្នាក់ងារបន្ត ដើម្បីធ្វើការវាយប្រហារជំនួសខ្លួន។

ភាគច្រើនអ្នកដែលត្រូវបានជួលឱ្យប្រព្រឹត្តអំពើហឹង្សា គឺជាក្រុមឧក្រិដ្ឋជនដែលធ្វើដើម្បីលុយដោយគ្មានមនោគមវិជ្ជាសាសនាច្បាស់លាស់ឡើយ។ កាលពីខែមុន ក៏មានការចាប់ខ្លួនបុរសពីរនាក់ដែលទទួលបានបញ្ជាពីទីក្រុងតេអេរ៉ង់ ឱ្យធ្វើការឃ្លាំមើលស្ថានទូតអ៉ីស្រាអែល និងគោលដៅជ្វីហ្វផ្សេងៗទៀតផងដែរ។ បច្ចុប្បន្ន ប៉ូលីសបានបង្កើនវត្តមាន និងការល្បាតយ៉ាងតឹងរ៉ឹងបំផុតនៅតាមតំបន់ដែលងាយរងគ្រោះដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters