ទីក្រុងប៉េកាំងកំពុងរៀបចំបើកតំបន់ “Satellite Town” ដែលមានគោលបំណងក្លាយជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនផលិត និងប្រតិបត្តិកម្មផ្កាយរណប ខណៈឧស្សាហកម្មអវកាសពាណិជ្ជកម្មរបស់ចិនកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
តាមរបាយការណ៍របស់សារព័ត៌មានរដ្ឋ Beijing Daily តំបន់ស្នូលនៃគម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆមាសទីពីរ នៃឆ្នាំ ២០២៦។ គម្រោងនេះមានគោលដៅបង្កើតបរិយាកាសឧស្សាហកម្មដែលអាចទាក់ទាញក្រុមហ៊ុនពាក់ព័ន្ធផ្នែកអវកាស ពិសេសផ្នែកផលិតផ្កាយរណប និងសេវាកម្មទាក់ទង។ របាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្ន ការបាញ់បង្ហោះអវកាសពាណិជ្ជកម្មមានចំនួនលើស ៦០% នៃការបាញ់បង្ហោះសរុប ហើយក្រុមហ៊ុនជាច្រើនក៏កំពុងប្រញាប់រៀបចំចូលទៅក្នុងទីផ្សារភាគហ៊ុនផងដែរ។

លោក Gao Yibin ប្រធានផ្នែកស្រាវជ្រាវយុទ្ធសាស្ត្រនៅ Future Aerospace បានឲ្យដឹងថា ជាមួយនឹងការបង្កើនល្បឿនអនុម័តការបាញ់បង្ហោះ ការផលិតសមាសភាគក្នុងស្រុក និងការវិនិយោគបន្តពីមូលនិធិឧស្សាហកម្ម ទីផ្សារអវកាសពាណិជ្ជកម្មរបស់ចិនដែលមានតម្លៃដល់កម្រិតទ្រីលានយាន់ កំពុងឈានទៅរកស្តង់ដារ និងការពង្រីកទំហំយ៉ាងមានរបៀប។
លោកក៏បានបន្ថែមថា ការអនុវត្តយ៉ាងលឿននៃបច្ចេកវិទ្យាដូចជា បណ្តាញផ្កាយរណបនៅអាកាសជិតផែនដី (low-Earth orbit), អ៊ីនធឺណិតតាមផ្កាយរណប កម្លាំងគណនាក្នុងអវកាស និងការរួមបញ្ចូលបណ្ដាញ 6G រវាងអាកាស-អវកាស-ដី បង្ហាញថា កំណើននឹងបន្តនៅឆ្នាំ ២០២៦។
គម្រោង Beijing Satellite Town ត្រូវបានរំពឹងថា នឹងជួយលើកកម្ពស់ឧស្សាហកម្មអវកាស ដោយបង្កើតការប្រមូលផ្តុំឧស្សាហកម្ម និងធ្វើឲ្យធនធានមនុស្ស មូលធន និងបច្ចេកវិទ្យាហូរចូលបានយ៉ាងមានប្រសិទ្ធភាព។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters