[រ៉យទ័រ]៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្លែងកាលពីម្សិលមិញថា ប្រទេសអ៊ុយក្រែនមានភស្តុតាងបង្ហាញថា រុស្ស៊ីកំពុងរៀបចំផែនការអូសទាញសម្ព័ន្ធមិត្តរបស់ខ្លួនគឺ ប្រទេសបេឡារុស ឱ្យចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមដែលបានអូសបន្លាយពេលជាង ៤ ឆ្នាំមកនេះ ដើម្បីប្រឆាំងនឹងទីក្រុងកៀវ។

លោក Zelenskyy បានបញ្ជាក់ក្នុងសារលើកម្មវិធី Telegram ដោយយោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ពីមេបញ្ជាការកំពូលអ៊ុយក្រែន លោក Oleksandr Syrskyi ថា៖ «យោងតាមទិន្នន័យស៊ើបការណ៍ សកម្មភាពសាងសង់ផ្លូវឆ្ពោះមកកាន់ព្រំដែនអ៊ុយក្រែន និងការរៀបចំប៉ុស្តិ៍កាំភ្លើងធំ កំពុងត្រូវបានអនុវត្តយ៉ាងសកម្មនៅក្នុងទឹកដីបេឡារុស តំបន់ជាប់ព្រំដែន»។ លោក Zelenskyy បានសង្កត់ធ្ងន់ថា អ៊ុយក្រែនជឿជាក់យ៉ាងមុតមាំនូវចេតនារបស់រុស្ស៊ីក្នុងការបញ្ចូលបេឡារុសទៅក្នុងជម្លោះនេះជាថ្មី។ ជាការឆ្លើយតប អ៊ុយក្រែនបានផ្ញើសារព្រមានដល់ថ្នាក់ដឹកនាំបេឡារុសអំពី «ការត្រៀមខ្លួនកម្រិតខ្ពស់របស់អ៊ុយក្រែន ក្នុងការការពារបូរណភាពទឹកដី និងឯករាជ្យភាពរបស់ខ្លួន»។

របាយការណ៍ស៊ើបការណ៍ក៏បានបង្ហាញដែរថា រុស្ស៊ីកំពុងព្យាយាមរៀបចំកងកម្លាំងឡើងវិញ ដើម្បីបំពេញបន្ថែមនូវកង្វះខាតកម្លាំងទ័ពដែលកំពុងជួបប្រទះ។ នេះជាមូលហេតុដែលគេសង្កេតឃើញកងកម្លាំងប្រដាប់អាវុធបង្កើនសកម្មភាពខុសប្លែកពីធម្មតានៅលើទឹកដីបេឡារុស ទោះបីជាលោកមិនបានផ្តល់ភស្តុតាងលម្អិតបន្ថែមទៀតក៏ដោយ។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់លោក វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនជាមូលដ្ឋានវាយលុកតាំងពីដើមទី ក្នុងការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទោះបីជាយ៉ាងណា លោក Lukashenko ដែលកាន់អំណាចតាំងពីឆ្នាំ១៩៩៤ តែងតែអះអាងថា លោកមិនមានបំណងបញ្ជូនកងទ័ពផ្ទាល់ខ្លួនឱ្យចូលរួមក្នុងសមរភូមិឡើយ។

បច្ចុប្បន្ន បេឡារុសដែលស្ថិតនៅជាប់ព្រំដែនសមាជិកអង្គការណាតូ (NATO) ដូចជា ប៉ូឡូញ លីទុយអានី និងឡាតវី បានយល់ព្រមឱ្យរុស្ស៊ីដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ Oreshnik។ លោក Lukashenko បានរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច ជុំវិញការគាំទ្រសង្គ្រាម និងការរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែ នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានព្យាយាមស្វែងរកការសម្របសម្រួលខ្លះៗ ដើម្បីធានាឱ្យមានការដោះលែងអ្នកទោសនយោបាយ ដែលក្នុងនោះមានអ្នកទោសប្រមាណ ២៥០ នាក់ត្រូវបានដោះលែងកាលពីខែមុន។ 
ទោះបីជាសហរដ្ឋអាមេរិកយល់ព្រមបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនក៏ដោយ ប៉ុន្តែបានព្រមានយ៉ាងច្បាស់ដល់បេឡារុសថា ដាច់ខាតមិនត្រូវជួយរុស្ស៊ីក្នុងការគេចវេះពីទណ្ឌកម្ម ឬបង្កើនការគាំទ្រដល់សង្គ្រាមនៅអ៊ុយក្រែនបន្ថែមទៀតនោះទេ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters