រដ្ឋមន្ត្រីហិរញ្ញវត្ថុ អភិបាលធនាគារកណ្តាល និងស្ថាប័នផ្តល់ហិរញ្ញប្បទានអន្តរជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគំរូបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មីដ៏មានឥទ្ធិពល ដែលអាចបង្កហានិភ័យដល់សន្តិសុខនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ ការបង្កើតគំរូ "Claude Mythos" ដោយក្រុមហ៊ុន Anthropic បាននាំឱ្យមានការបើកកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីគេបានរកឃើញថាវាមានសមត្ថភាពស្វែងរកចំណុចខ្សោយនៅក្នុងប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីរុករកតាមអ៊ីនធឺណិត សំខាន់ៗទាំងអស់។ អ្នកជំនាញបានព្រមានថា គំរូនេះមានសមត្ថភាពខ្ពស់មិនធ្លាប់មាន ក្នុងការកំណត់អត្តសញ្ញាណ និងទាញយកផលប្រយោជន៍ពីចន្លោះប្រហោងនៃសន្តិសុខសាយប័រ។
លោក François-Philippe Champagne រដ្ឋមន្ត្រីក្រសួងនវានុវត្តន៍កាណាដា បានប្រាប់ BBC ថា បញ្ហានៃគំរូ Mythos នេះត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅនៅក្នុងកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍នេះ។ លោកបានបញ្ជាក់ថា វាជារឿងធ្ងន់ធ្ងរដែលទាមទារឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុទាំងអស់យកចិត្តទុកដាក់បំផុត បើប្រៀបធៀបទៅនឹងវិបត្តិនៅច្រកសមុទ្រ Hormuz យើងអាចដឹងពីទីតាំង និងទំហំរបស់វា ប៉ុន្តែបញ្ហាដែលយើងកំពុងប្រឈមជាមួយ Anthropic គឺវាជា "ភាពមិនច្បាស់លាស់ដែលមើលមិនឃើញ" (Unknown unknowns)។ វាទាមទារឱ្យយើងមានវិធានការការពារ និងរៀបចំប្រព័ន្ធឱ្យមានភាពធន់ ដើម្បីធានាសុវត្ថិភាពហិរញ្ញវត្ថុរបស់យើង។

បច្ចុប្បន្ន ធនាគារលំដាប់កំពូលៗកំពុងទទួលបានសិទ្ធិចូលប្រើប្រាស់គំរូ AI នេះជាមុន ដើម្បីធ្វើតេស្តសាកល្បងប្រព័ន្ធរបស់ពួកគេ។ លោក C.S. Venkatakrishnan នាយកប្រតិបត្តិនៃធនាគារ Barclays បានប្រាប់ BBC ថា នេះជារឿងដែលគួរឱ្យបារម្ភ។ យើងត្រូវយល់ពីវាឱ្យច្បាស់ និងកំណត់រកឱ្យឃើញនូវរាល់ចំណុចខ្សោយដែលត្រូវបានលាតត្រដាង ដើម្បីជួសជុលវាឱ្យបានទាន់ពេលវេលា។ លោកបានបន្ថែមថា នេះគឺជាសញ្ញានៃ «ពិភពលោកថ្មី» ដែលប្រព័ន្ធហិរញ្ញវត្ថុកាន់តែមានទំនាក់ទំនងគ្នាជិតស្និទ្ធ ដែលនាំមកនូវទាំងឱកាស និងហានិភ័យខ្ពស់។
ខណៈពេលដែលក្រុមហ៊ុន Anthropic បញ្ជាក់ថា គំរូថ្មីនេះបានរកឃើញចំណុចខ្សោយជាច្រើននៅក្នុងប្រព័ន្ធប្រតិបត្តិការ និងប្រព័ន្ធហិរញ្ញវត្ថុ រដ្ឋាភិបាល និងធនាគារនានាកំពុងទទួលបានឱកាសពិនិត្យមើលវា មុនពេលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។ លោក Andrew Bailey អភិបាលធនាគារកណ្តាលអង់គ្លេស ក៏បានសង្កត់ធ្ងន់ផងដែរថា យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើការវិវត្តចុងក្រោយនៃ AI នេះ អាចបង្កជាហានិភ័យនៃឧក្រិដ្ឋកម្មសាយប័រយ៉ាងដូចម្តេចខ្លះ។ AI អាចជួយឱ្យគេស្វែងរកចំណុចខ្សោយក្នុងប្រព័ន្ធព័ត៌មានស្នូលបានកាន់តែងាយស្រួល ដែលនេះជាឱកាសសម្រាប់ពួកឧក្រិដ្ឋជនក្នុងការកេងប្រវ័ញ្ច។
ទន្ទឹមនឹងនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានលើកឡើងពីបញ្ហានេះជាមួយធនាគារធំៗ ដោយលើកទឹកចិត្តឱ្យពួកគេពង្រឹងការធ្វើតេស្តប្រព័ន្ធមុនពេល Mythos ត្រូវបានបញ្ចេញជាផ្លូវការ។ ជាមួយគ្នានេះ ប្រភពពីឧស្សាហកម្មហិរញ្ញវត្ថុបានបង្ហើបថា ក្រុមហ៊ុន AI ឈានមុខគេមួយទៀតរបស់អាមេរិក ក៏អាចនឹងបញ្ចេញគំរូដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នានេះក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែអាចនឹងមិនមានយន្តការការពាររឹងមាំដូច Anthropic នោះទេ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC