អាហ្វ្រិកខាងត្បូង៖ លោក Julius Malema មេដឹកនាំគណបក្សប្រឆាំងដ៏ឥស្សរជន Economic Freedom Fighters (EFF) និងជាសមាជិកសភាអាហ្វ្រិកខាងត្បូង ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពីបទកាន់កាប់អាវុធខុសច្បាប់ និងបាញ់ប្រហារនៅទីសាធារណៈ។
បើទោះបីជាសាលក្រមត្រូវបានប្រកាស ប៉ុន្តែចៅក្រម Twanet Olivier បានអនុញ្ញាតឱ្យអ្នកនយោបាយវ័យ ៤៥ ឆ្នាំរូបនេះ ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ។ កត្តានេះមានន័យថា លោក Malema នឹងមិនត្រូវបានបញ្ជូនទៅឃុំខ្លួនភ្លាមៗនោះទេ។ ប្រសិនបើសាលក្រមនេះត្រូវបានតម្កល់ជាស្ថាពរដោយតុលាការជាន់ខ្ពស់ លោកនឹងត្រូវបាត់បង់សិទ្ធិជាសមាជិកសភារយៈពេល ៥ ឆ្នាំភ្លាមៗ។
\
អ្នកវិភាគនយោបាយ លោក Sandile Swana បានប្រាប់ BBC ថា ដំណើរការឧទ្ធរណ៍អាចនឹងអូសបន្លាយពេលច្រើនឆ្នាំ ដែលអនុញ្ញាតឱ្យមេដឹកនាំបក្សប្រឆាំងរូបនេះ បន្តសកម្មភាពនយោបាយរបស់លោកបានមួយរយៈធំទៀត។
រឿងក្តីនេះផ្តើមចេញពីព្រឹត្តិការណ៍ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីមានវីដេអូបង្ហាញពីសកម្មភាពលោក Malema បាញ់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិឡើងលើអាកាស ក្នុងពិធីអបអរសាទរខួប ៥ ឆ្នាំនៃគណបក្សលោក នាខេត្ត Eastern Cape។ លោក Malema បានការពារខ្លួននៅចំពោះមុខតុលាការថា សកម្មភាពនោះគ្រាន់តែជាការអបអរសាទរ និងមិនមានចេតនាបង្កគ្រោះថ្នាក់ឡើយ។ ក្រោយបញ្ចប់សវនាការ លោក Malema បានរិះគន់តុលាការ និងចោទប្រកាន់ដោយគ្មានភស្តុតាងថា សាលក្រមនេះគឺជា "ការសមគំនិតតាមបែបនយោបាយ"។ លោកបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា ពួកគេព្យាយាមគ្រប់មធ្យោបាយដើម្បីបំបិទសំឡេងយើង ប៉ុន្តែពួកគេនឹងមិនឈ្នះឡើយ យើងកំពុងតស៊ូជាមួយសត្រូវ ដែលជាពួកនិយមស្បែកសជ្រុលនិយម។

នៅខាងក្រៅតុលាការ អ្នកគាំទ្ររាប់រយនាក់បានមកជួបជុំគ្នា ច្រៀងបទចម្រៀងបដិវត្តន៍ និងស្រែកជាភាសា Xhosa ថា "sigoduka naye" (យើងនឹងត្រឡប់ទៅផ្ទះវិញជាមួយគាត់នៅថ្ងៃនេះ) បន្ទាប់ពីដឹងថាលោកត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។ លោក Julius Malema គឺជាអ្នកនយោបាយឆ្វេងនិយមដ៏មានឥទ្ធិពល ដែលល្បីល្បាញតាមរយៈគោលនយោបាយរឹបអូសដីធ្លីពីជនជាតិស្បែកសមកចែកចាយឱ្យជនជាតិស្បែកខ្មៅវិញ។ លោកធ្លាប់ជាមេដឹកនាំយុវជននៃគណបក្សកាន់អំណាច (ANC) ប៉ុន្តែត្រូវបានបណ្តេញចេញ បន្ទាប់ពីមានជម្លោះជាមួយអតីតប្រធានាធិបតី Jacob Zuma រួចក៏បានបង្កើតគណបក្ស EFF ដែលបច្ចុប្បន្នជាគណបក្សធំជាងគេទី ៤ ក្នុងប្រទេស។
ក្រៅពីសំណុំរឿងអាវុធ លោកក៏ធ្លាប់ប្រឈមនឹងការចោទប្រកាន់ពីបទ "សុន្ទរកថាស្អប់ខ្ពើម" (Hate Speech) ផងដែរ ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្តីញុះញង់ឱ្យមានអំពើហិង្សា និងការច្រៀងបទចម្រៀងដែលមានខ្លឹមសារ "បាញ់ពួក Boer" (កសិករស្បែកស)។ ទោះជាយ៉ាងណា សាលាឧទ្ធរណ៍ធ្លាប់សម្រេចថា បទចម្រៀងទាំងនោះគឺជាផ្នែកនៃប្រវត្តិសាស្ត្រតស៊ូប្រឆាំងនឹងរបបអាប៉ាថើត (Apartheid) និងមិនមែនជាការញុះញង់ឱ្យមានអំពើហិង្សាជាក់ស្តែងក្នុងពេលបច្ចុប្បន្នឡើយ។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC