វិមានសាមគ្គីភាព៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កៃរ៉ាត់ សារីបៃ (Kairat Sarybay) អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។

យោងតាមសេចក្តីថ្លែងការណ៍របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមអគ្គលេខាធិការ និងសហការី។ សម្ដេចតេជោ បានសម្តែងនូវក្តីសោមនស្សដែលគណៈប្រតិភូបានឆ្លៀតឱកាសទៅទស្សនាខេត្តសៀមរាប និងសង្ឃឹមថាភាពវិសេសវិសាលនៃប្រាសាទបុរាណរួមនឹងសោភ័ណភាពធម្មជាតិនៅទីនោះ នឹងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អសម្រាប់គណៈប្រតិភូ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃអង្គការ CICA ក្នុងនាមជាយន្តការពហុភាគីដ៏សំខាន់ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិសុខនិងស្ថិរភាពទាំងក្នុងកម្រិតតំបន់អាស៊ី និងពិភពលោក។

ជាការឆ្លើយតប ឯកឧត្តម កៃរ៉ាត់ សារីបៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានចំណាយពេលដ៏មានតម្លៃអនុញ្ញាតឱ្យគណៈប្រតិភូចូលជួប។ ឯកឧត្តមបានសម្តែងការស្ងើចសរសើរមិនដាច់ពីមាត់ចំពោះភាពរុងរឿងនៃបេតិកភណ្ឌវប្បធម៌ខ្មែរនៅខេត្តសៀមរាបដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រដ៏រឹងមាំនិងស៊ីជម្រៅរបស់កម្ពុជា។

លើសពីនេះ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការគោរពកោតសរសើរចំពោះ "ភស្តុតាងនៃភាពជាអ្នកដឹកនាំ" របស់សម្តេចតេជោ ជាពិសេសក្នុងបុព្វហេតុកសាងសន្តិភាពនៅកម្ពុជា និងការចូលរួមចំណែកយ៉ាងសកម្មលើឆាកអន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “កម្ពុជាគឺជាសមាជិកដ៏សកម្ម និងមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការជាមួយ CICA។ ការចូលរួមរបស់កម្ពុជា មិនត្រឹមតែជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភដ៏រឹងមាំក្នុងការថែរក្សាសន្តិសុខនិងសន្តិភាពសកលផងដែរ។” នៅក្នុងជំនួបដដែលនោះ ភាគីទាំងពីរបានពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងក្របខ័ណ្ឌ CICA លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ ទេសចរណ៍ អប់រំនិងពាណិជ្ជកម្មដើម្បីពង្រឹងទំនាក់ទំនងទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគីរវាងកម្ពុជា ជាមួយបណ្ដាប្រទេសសមាជិកដទៃទៀត។

ជាកិច្ចបង្ហើយ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CICA ដែលជាស្ពានចម្លងក្នុងការតភ្ជាប់រវាងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីកណ្ដាល (ដូចជាប្រទេសកៀគីស្ថាននិងអាស៊ែបៃហ្សង់ជាដើម)។ សម្ដេចជឿជាក់ថា ការរឹតបន្តឹងចំណងមិត្តភាពរវាងតំបន់ទាំងពីរ នឹងក្លាយជាកម្លាំងចលករថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ីឱ្យកាន់តែរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធពរជ័យឱ្យបេសកកម្មទស្សនកិច្ចរបស់ ឯកឧត្តមអគ្គលេខាធិការ និងសហការីនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

 

 

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន