ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ និង Ghana បានបញ្ចប់ដោយលទ្ធផលដ៏រំភើប បន្ទាប់ពីកីឡាករ Deniz Undav បានចូលជំនួស និងរកគ្រាប់បាល់សំខាន់នៅចុងម៉ោង នាំឲ្យអាល្លឺម៉ង់ឈ្នះ 2-1។ ការប្រកួតនេះបានធ្វើឡើងនៅទីក្រុង Stuttgart ដែលជាទឹកដីក្លឹប VfB Stuttgart ហើយកីឡាករ Undav បានបង្ហាញសមត្ថភាពយ៉ាងល្អមុខអ្នកគាំទ្រខ្លួនផ្ទាល់ ដោយរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី 88 ជាមួយការបញ្ជូនបាល់ឆ្លងកាត់អ្នកចាំទីបានយ៉ាងល្អ។ មុននោះ ក្រុមអាល្លឺម៉ង់បាននាំមុខ 1-0 ដោយគ្រាប់បាល់ពិន័យរបស់កីឡាករ Kai Havertz នៅចុងតង់ទីមួយ បន្ទាប់ពីក្រុមម្ចាស់ផ្ទះគ្រប់គ្រងការប្រកួតបានល្អ។ 

យ៉ាងណាក៏ដោយ នៅតង់ទីពីរ ក្រុម Ghana បានត្រឡប់មកវិញយ៉ាងខ្លាំង និងរកបានគ្រាប់ស្មើ 1-1 តាមរយៈកីឡាករ Abdul Fatawu នៅនាទីទី 70 បន្ទាប់ពីការបញ្ជូនបាល់ល្អពីកីឡាករ Derrick Koehn។ បន្ទាប់ពីគ្រាប់ស្មើនេះ ក្រុមអាល្លឺម៉ង់មើលទៅដូចជាបាត់បង់សម្ពាធ ប៉ុន្តែក្រោយពេលកីឡាករ Undav ចូលលេង គាត់បានផ្លាស់ប្តូរបរិយាកាសការប្រកួតវិញ។ ក្រោយការប្រកួត កីឡាករ Undav បាននិយាយថា គាត់រីករាយដែលអាចជួយក្រុមឈ្នះបាន ហើយបានបញ្ជាក់ថា ជ័យជម្នះគឺសំខាន់ជាងគ្រាប់បាល់ផ្ទាល់ខ្លួន។ គាត់ក៏បានបន្ថែមថា គាត់ទទួលយកតួនាទីរបស់ខ្លួន ទោះបីជាជាកីឡាករជំនួសក៏ដោយ។ ចំណែកឯគ្រូបង្វឹក លោក Julian Nagelsmann បានឲ្យដឹងថា ក្រុមនឹងចាប់ផ្តើមវិភាគគូប្រកួតសម្រាប់ការប្រកួត World Cup ខាងមុខ ហើយនឹងធ្វើការជ្រើសរើសបញ្ជីកីឡាករចុងក្រោយក្នុងពេលឆាប់ៗនេះ។

ជ័យជម្នះនេះបង្ហាញថា កីឡាករ Undav កំពុងក្លាយជាជម្រើសសំខាន់មួយសម្រាប់ក្រុមអាល្លឺម៉ង់ នៅពេលឆ្ពោះទៅការប្រកួតធំៗខាងមុខ។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters