
កីឡាមិនត្រឹមតែជាសកម្មភាពហាត់ប្រាណដើម្បីសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការកសាងបុគ្គលិកលក្ខណៈទំនាក់ទំនងសង្គម និងសាមគ្គីភាពក្នុងចំណោមយុវជន។ ការលេងកីឡាបានក្លាយជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីបង្កើតតុល្យភាពរវាងការសិក្សា និងការកម្សាន្ត។ ការចូលរួមក្នុងសកម្មភាពកីឡាផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់យុវជនដែលស្ថិតក្នុងវ័យលូតលាស់ ការហាត់ប្រាណទៀងទាត់ជួយឱ្យបេះដូងដើរស្រួល ពង្រឹងសាច់ដុំ បង្កើនភាពបត់បែន និងជួយឱ្យឆ្អឹងរឹងមាំដែលការពារពីជំងឺផ្សេងៗដូចជាលើសឈាម ទឹកនោមផ្អែម និងភាពធាត់លើសទម្ងន់។ នៅពេលលេងកីឡា រាងកាយបញ្ចេញសារធាតុ Endorphins ដែលជា "អរម៉ូនរីករាយ" វាអាចជួយកាត់បន្ថយការថប់បារម្ភ និងជំងឺបាក់ទឹកចិត្តដែលយុវជនតែងជួបប្រទះជាច្រើននៅក្នុងការសិក្សាផងដែរ។
ការហាត់កីឡាបង្រៀនឱ្យយុវជនមានវិន័យ និងការយកចិត្តទុកដាក់ខ្ពស់ដែលអាចជួយឱ្យការសិក្សាកាន់តែមានប្រសិទ្ធភាព។ កីឡាក៏ជាស្ពានមួយដែលចម្លងនៃមិត្តភាពនិងសាមគ្គីភាព ក្រៅពីសុខភាព កីឡាគឺជាវេទិកាដ៏ល្អបំផុតសម្រាប់ការកសាងទំនាក់ទំនងសង្គមមួយវិញទៀតក៏អាចបង្រៀនយុវជនឱ្យចេះសហការគ្នា ទុកចិត្តគ្នា និងចេះលះបង់ដើម្បីគោលដៅរួម មិនត្រឹមតែប៉ុណ្ណោះទេ យុវជនអាចបង្កើតការរាប់អាន និងរៀនសូត្រពីគ្នាទៅវិញទៅមកដោយគ្មានការរើសអើង។ កីឡាបង្រៀនឱ្យយុវជនស្គាល់ពីតម្លៃនៃការចាញ់ និងឈ្នះ វានាំមកនូវស្មារតីយោគយល់អធ្យាស្រ័យនិងការគោរពដៃគូប្រកួតដែលជាគ្រឹះនៃមិត្តភាពយូរអង្វែង។ សរុបមក តាមរយៈកីឡាយុវជនអាចរៀនធ្វើជាអ្នកដឹកនាំ ហ៊ានសម្រេចចិត្តក្នុងស្ថានភាពលំបាកនិងមានទំនួលខុសត្រូវខ្ពស់ គុណសម្បត្តិទាំងនេះនឹងក្លាយជាទុនដ៏មានតម្លៃសម្រាប់ជីវិតការងារនិងការរស់នៅរបស់ពួកគេនាពេលអនាគត។
អត្ថបទដោយ៖ សុធា