ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិប្រែប្រួលអាកាសធាតុនិងការបាត់បង់តុល្យភាពធម្មជាតិ យុវជនបានក្លាយជាតួអង្គដ៏សំខាន់បំផុត មិនត្រឹមតែជាអ្នកទទួលផលពីបរិស្ថាននៅថ្ងៃអនាគតប៉ុណ្ណោះទេ ថែមទាំងជាអ្នកកំណត់វាសនានៃភពផែនដីតាមរយៈសកម្មភាពនៅថ្ងៃនេះ។ យុវជនមានតួនាទីជាគំរូក្នុងការអនុវត្តការរស់នៅដែលមិនប៉ះពាល់ដល់បរិស្ថានអាចចាប់ផ្តើមពីការប្រើប្រាស់ដបទឹក ឬថង់យួរដែលប្រើឡើងវិញបាន។ យុវជនមានភាពឆ្លាតវៃផ្នែកបច្ចេកវិទ្យាដែលអាចយកមកបម្រើឱ្យកិច្ចការពារបរិស្ថានបានក៏ដូចជា ប្រើប្រាស់ Facebook TikTok ឬ Instagram ដើម្បីបង្កើតមាតិកាអប់រំពីបរិស្ថាន បំផុសស្មារតីមហាជនឱ្យស្រឡាញ់ធម្មជាតិ។ 

មិនតែប៉ុណ្ណោះយុវជនក៏អាចបង្កើតកម្មវិធីទូរស័ព្ទ (App) សម្រាប់គ្រប់គ្រងសំរាម ឬរកវិធីកែច្នៃកាកសំណល់ឱ្យទៅជាផលិតផលមានតម្លៃ។ ម្យ៉ាងទៀត យុវជនក៏ជាកម្លាំងចលករក្នុងការរៀបចំ និងចូលរួមសកម្មភាពផ្ទាល់ដូចជាការចូលរួមរើសសំរាមតាមទីសាធារណៈ ឆ្នេរសមុទ្រ ឬតំបន់ទេសចរណ៍ និងចូលរួមដាំដើមឈើដើម្បីបង្កើនគម្របបៃតង និងការការពារព្រៃឈើដែលជាសួតនៃផែនដីផងដែរ។ យុវជនមានសិទ្ធិ និងតួនាទីក្នុងការលើកឡើងពីបញ្ហាបរិស្ថានទៅកាន់ថ្នាក់ដឹកនាំចូលរួមក្នុងកិច្ចពិភាក្សា ឬវេទិកាសាធារណៈដើម្បីស្នើសុំឱ្យមានការអនុវត្តច្បាប់ការពារបរិស្ថានឱ្យបានតឹងរ៉ឹង បន្ថែមទៀតនោះយុវជនគួរចាប់ផ្តើមអាជីវកម្មដែលផ្តល់ផលចំណេញផងនិងការពារបរិស្ថានផងដូចជាការធ្វើកសិកម្មសរីរាង្គ ឬទេសចរណ៍ធម្មជាតិ។

និយាយជារួម យុវជនគឺជា ភ្នាក់ងារនៃការផ្លាស់ប្តូរ រាល់សកម្មភាពតូចៗរបស់យុវជននៅថ្ងៃនេះ ដូចជាការដាំដើមឈើមួយដើម ឬការមិនបោះសំរាមចោលផ្តេសផ្តាសគឺជាការរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រសិនបើយុវជនរឹងមាំក្នុងស្មារតីស្រឡាញ់បរិស្ថាននោះពិភពលោកនឹងមានតុល្យភាពហើយមនុស្សជាតិអាចរស់នៅបានយ៉ាងសុខសាន្ត។

 

 

អត្ថបទ៖ សុធា