ការអភិវឌ្ឍសមត្ថភាពយុវជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់និងជាការងារដែលមិនអាចមើលរំលងបាន សម្រាប់ធានានូវការរីកចម្រើនប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ យុវជនគឺជាឆ្អឹងខ្នង និងជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុតដែលនឹងបន្តវេនក្នុងការដឹកនាំនិងកសាងសង្គមនាពេលអនាគត។ ហេតុដូច្នេះហើយទើបការលើកទឹកចិត្តនិងការពង្រីកបន្ថែមនូវកម្មវិធីអភិវឌ្ឍសមត្ថភាពរបស់ពួកគេត្រូវតែជាអាទិភាពចម្បងរបស់គ្រប់ភាគីពាក់ព័ន្ធ។ ការផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ ដល់យុវជន គឺជាការរៀបចំធនធានមនុស្សជំនាន់ថ្មី ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួម ដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយ ហើយយុវជនដែលមានជំនាញខ្ពស់ស្របតាមតម្រូវការទីផ្សារការងារនឹងជួយបង្កើនផលិតភាពការងារនិងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។

ការអភិវឌ្ឍសមត្ថភាពមិនត្រឹមតែផ្តោតលើជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ សីលធម៌ ស្មារតីស្នេហាជាតិ ភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងកិច្ចការសង្គមដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវមិនតែប៉ុណ្ណោះការផ្តល់ឱកាសអប់រំ និងបណ្តុះបណ្តាលសមត្ថភាពដោយស្មើភាពដល់យុវជនគ្រប់រូបជាពិសេសអ្នកដែលមកពីតំបន់ដាច់ស្រយាលឬគ្រួសារខ្វះខាតគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រនិងវិសមភាព។ ដើម្បីឱ្យការងារអភិវឌ្ឍន៍សមត្ថភាពយុវជនទទួលបានលទ្ធផលល្អនិងមានវិសាលភាពធំទូលាយត្រូវកែសម្រួលកម្មវិធីសិក្សាតាមសាលារៀន វិទ្យាស្ថាន និងសាកលវិទ្យាល័យ ឱ្យឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មដោយផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និង ជំនាញទន់ដូចជា ការគិតបែបត្រិះរិះពិចារណានិងការទំនាក់ទំនងជាដើម។ ការលើកទឹកចិត្តយុវជនឱ្យចាប់យកជំនាញបច្ចេកទេសនិងវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូបករណ៍និងការបំពាក់សម្ភារៈទំនើបៗសម្រាប់កម្មវិធីបណ្តុះបណ្តាលទាំងនេះ។

ការបង្កើតបរិយាកាសអំណោយផលសម្រាប់យុវជនក្នុងការស្រាវជ្រាវ ច្នៃប្រឌិត និងចាប់ផ្តើមអាជីវកម្មថ្មីដោយមានការគាំទ្រពី Mentors និងការផ្តល់ទុនចាប់ផ្តើម។ និងមានការបញ្ចូលមុខវិជ្ជាសហគ្រិនភាពនៅក្នុងកម្មវិធីសិក្សាដើម្បីបណ្តុះគំនិតឱ្យយុវជនហ៊ានគិតធំ ហ៊ានប្រឈមនឹងហានិភ័យនិងបង្កើតការងារដោយខ្លួនឯងជំនួសឱ្យការរង់ចាំការងារពីគេ។ ការអភិវឌ្ឍសមត្ថភាពយុវជន មិនមែនជាបន្ទុកនោះទេ ប៉ុន្តែជាការវិនិយោគដ៏ឈ្លាសវៃលើធនធានមនុស្សដែលមានតម្លៃបំផុតរបស់ជាតិ។ ដើម្បីធានាបាននូវអនាគតដ៏ភ្លឺស្វាងការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋ ឯកជន គ្រួសារ និងយុវជនខ្លួនឯងគឺជារឿងចាំបាច់។ ការពង្រីកនិងលើកទឹកចិត្តការងារនេះបន្ថែមទៀតនឹងជួយកសាងយុវជនឱ្យក្លាយជាពលរដ្ឋដែលមានគុណភាពខ្ពស់មានការប្រកួតប្រជែងនិងជាកម្លាំងគំរូសម្រាប់សង្គមជាតិទាំងមូល។
អត្ថបទ៖ សុធា