ការអភិវឌ្ឍប្រទេសជាតិ គឺជាដំណើរការដ៏ស្មុគស្មាញ និងទាមទារនូវធនធានចម្រុះជាច្រើនក្នុងចំណោមធនធានទាំងអស់គឺ យុវជនដែលជាកត្តាកំណត់ជោគវាសនារបស់ប្រទេសជាតិ។ ពួកគេមិនមែនត្រឹមតែជាអ្នកស្នងតំណែងប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាកម្លាំងចលករដ៏សំខាន់ដែលបណ្តុះនូវគំនិតច្នៃប្រឌិតថ្មីនិងជាអ្នកអនុវត្តការផ្លាស់ប្តូរសង្គមសេដ្ឋកិច្ចនិងនយោបាយ។ យុវជន គឺជាប្រភពនៃកម្លាំងពលកម្មប្រកបដោយផលិតភាពខ្ពស់ពួកគេមានវ័យក្មេង មានសុខភាពល្អនិងមានលទ្ធភាពក្នុងការបំពេញការងាររយៈពេលវែង។ តាមរយៈការចូលរួមក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម យុវជនបានជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការមានអត្រាយុវជនច្រើនអាចផ្តល់នូវផលប្រយោជន៍ប្រជាសាស្ត្រដល់ប្រទេសជាតិហើយយុវជនមានភាពងាយស្រួលក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថលថ្មីៗ និងមានគំនិតច្នៃប្រឌិតខ្ពស់ពួកគេជាអ្នកបង្កើតសហគ្រាសថ្មីៗ និងចូលរួមក្នុងការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាដែលជួយបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។ 

ម្យ៉ាងទៀត យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានូវតម្លៃវប្បធម៌និងប្រពៃណីរបស់ជាតិព្រមទាំងជួយផ្សារភ្ជាប់គម្លាតជំនាន់បច្ចុប្បន្ននោះក៏ទទួលការអប់រំខ្ពស់ជាងជំនាន់មុនៗ ពួកគេជួយផ្សព្វផ្សាយចំណេះដឹងនិងការយល់ដឹងអំពីសិទ្ធិមនុស្ស យុត្តិធម៌សង្គមនិងការការពារបរិស្ថានទៅកាន់សហគមន៍របស់ខ្លួន។ យុវជនបានចូលរួមយ៉ាងសកម្មបំផុតក្នុងកិច្ចការស្ម័គ្រចិត្ត ដូចជាការបរិច្ចាគឈាម ការសម្អាតបរិស្ថាន ឬការជួយជនរងគ្រោះហើយសកម្មភាពទាំងនេះបានពង្រឹងនូវសាមគ្គីភាពនិងសុខុមាលភាពនៅក្នុងសង្គម។ ចំណែកឯការអភិវឌ្ឍនយោបាយ និងការគ្រប់គ្រងប្រទេសប្រកបដោយចីរភាពគឺអាស្រ័យលើការចូលរួមរបស់យុវជនក្នុងនាមជាអ្នកបោះឆ្នោតយុវជនមានសិទ្ធិកំណត់ទិសដៅនយោបាយរបស់ប្រទេសការចូលរួមរបស់ពួកគេជួយធានានូវតម្លាភាពនិងគណនេយ្យភាពរបស់រដ្ឋាភិបាល។ ការផ្តល់ឱកាសឱ្យយុវជនចូលរួមក្នុងការដឹកនាំសាធារណៈតាំងពីពេលឥឡូវនេះនឹងត្រៀមលក្ខណៈឱ្យពួកគេក្លាយជាអ្នកដឹកនាំដែលមានចក្ខុវិស័យនៅថ្ងៃអនាគត ពួកគេនាំមកនូវទស្សនៈថ្មីៗ ប្រកបដោយការទទួលខុសត្រូវនិងភាពទំនើប។

ជាមួយគ្នានេះដែរ ប្រទេសជាតិដែលកំពុងអភិវឌ្ឍន៍ត្រូវការកម្លាំងជំរុញពីខាងក្នុងដើម្បីបំបែកចេញពីទម្លាប់ចាស់យុវជនជាច្រើនមានមហិច្ឆតានិងការប្តេជ្ញាចិត្តក្នុងការកសាងសង្គមស្អាតស្អំដោយហ៊ានប្រឆាំងនឹងអំពើពុករលួយនិងភាពអយុត្តិធម៌។ ពួកគេយល់ដឹងអំពីនិន្នាការសកលដូចជាការប្រែប្រួលអាកាសធាតុនិងសិទ្ធិឌីជីថលដែលជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រទេសក្នុងយុគសម័យសាកលភាវូបនីយកម្ម។ សរុបមក យុវជនគឺជាធនធានមាសដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងបរិយាបន្ន ។ ការធានាថាពួកគេទទួលបាននូវការអប់រំប្រកបដោយគុណភាពឱកាសការងារសមរម្យ និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត គឺជារឿងចាំបាច់។ ដូច្នេះហើយរដ្ឋាភិបាល ស្ថាប័នអប់រំ និងសង្គមទាំងមូលត្រូវតែបន្តវិនិយោគលើយុវជននិងផ្តល់នូវបរិយាកាសអំណោយផលដើម្បីឱ្យពួកគេអាចក្លាយជាពលរដ្ឋសកម្មនិងជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាពក្នុងការកសាងអនាគតដ៏រុងរឿងរបស់ប្រទេសជាតិ។

 

 

អត្ថបទ៖ សុធា