ផ្លែគុយ ដែលមានឈ្មោះវិទ្យាសាស្ត្រថា Willughbeia edulis Roxb គឺជាប្រភេទផ្លែឈើព្រៃម្យ៉ាងដែលមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ជាពិសេសនៅប្រទេសឥណ្ឌូចិនរួមទាំងប្រទេសកម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ី។នៅកម្ពុជាផ្លែគុយត្រូវបានគេស្គាល់ថាជា “វល្លិគុយ” ព្រោះវាជារុក្ខជាតិប្រភេទវល្លិ៍ (លតាជាតិ) ដែលដុះតោងដើមឈើធំៗក្នុងព្រៃក្រាស់ ដូចជាព្រៃស្រោង ព្រៃស្បាត និងតាមជម្រាលភ្នំជាពិសេសនៅតំបន់ដូចជាភ្នំគូលែន ខេត្តសៀមរាបឬខេត្តកោះកុង និងមណ្ឌលគិរី។

ផ្លែគុយមានសំបកក្រាស់រលោងពណ៌លឿងស្រស់ (ពេលខ្លះពណ៌ទឹកក្រូច) ហើយមានជ័រពណ៌សស្អិតៗ នៅពេលទុំសាច់ខាងក្នុងមានពណ៌លឿងពងមាន់មានជាតិទឹកច្រើនរសជាតិជូរអែមឆ្ងាញ់ប្លែកដែលជាទីពេញនិយមរបស់ប្រជាជនទូទៅ។ ផ្លែគុយជាផ្លែឈើតាមរដូវកាលដោយចាប់ផ្តើមចេញផ្កានៅខែកុម្ភៈ ដល់ខែមីនា និងផ្តល់ផលច្រើនចាប់ពីខែកុម្ភៈ រហូតដល់ចុងខែមេសា ឬដើមខែឧសភា មុនចូលឆ្នាំខ្មែរ។

-ផ្លែគុយមិនត្រឹមតែជាផ្លែឈើសម្រាប់បរិភោគប៉ុណ្ណោះទេថែមទាំងត្រូវបានគេចាត់ទុកថាជាឱសថធម្មជាតិ ដែលមានគុណប្រយោជន៍ខ្ពស់តាំងពីយូរលង់មកហើយ។

-ផ្នែកផ្សេងៗនៃដើមគុយត្រូវបានប្រើប្រាស់ក្នុងឱសថបុរាណដើម្បីជួយព្យាបាលជំងឺមួយចំនួន៖

• នៅពេលផ្លែទុំជួយរំអិលពោះវៀនធ្វើឲ្យងាយស្រួលក្នុងការបន្ទោរបង់និងបំបាត់អាការទល់លាមក។

• ចំណែកសំបកដើមគេអាចយកទៅស្ងោរផឹកដើម្បីព្យាបាលអាការឈឺក្បាលនិងរសជាតិហិរត្រូវបានប្រើដើម្បីព្យាបាលអាការឈឺបំពង់ក ឈឺទ្រូង និងអាចជួយព្យាបាលជំងឺខាន់លឿងចំពោះទារកផងដែរ (ត្រូវពិភាក្សាជាមួយអ្នកជំនាញ)។ នៅប្រទេសម៉ាឡេស៊ី ឫសក៏ត្រូវគេស្ងោរផឹកដើម្បីព្យាបាលជំងឺខាន់លឿងដែលបណ្ដាលមកពីគ្រុនចាញ់។

• ចំពោះដើមវល្លិ ឬ ឫសវិញគេស្ងោរផឹកជាថ្នាំព្យាបាលរោគរាគ ជំងឺក្រិនថ្លើម និងជំងឺអាសន្នរោគ។

• ពេលផ្លែខ្ចីយកមកហាលស្ងួត ដុត លាយជាមួយទឹក ប្រើជាថ្នាំព្យាបាលមុខរបួស។

• បើនិយាយពីជ័រវិញគេយកទៅលាបលើមុខរបួស ជួយផ្សះរបួសឲ្យឆាប់ជាសះស្បើយ។

-ផ្លែគុយជាអនុផលព្រៃឈើដ៏មានតម្លៃថ្លៃមួយដោយសារភាពកម្រនិងការលំបាកក្នុងការប្រមូលផលវាជួយផ្តល់ចំណូលដ៏ល្អប្រសើរដល់ប្រជាសហគមន៍ដែលរស់នៅពឹងផ្អែកលើព្រៃឈើជាពិសេសមុនរដូវចូលឆ្នាំខ្មែរ។

-ផ្លែគុយជាផ្នែកមួយនៃសម្បត្តិផ្លែឈើព្រៃដ៏សម្បូរបែបរបស់កម្ពុជាដែលបង្ហាញពីភាពសម្បូរសប្បាយនៃធនធានធម្មជាតិនិងចំណេះដឹងឱសថបុរាណរបស់ដូនតា។

-ដោយសារផ្លែគុយជាផ្លែឈើព្រៃដែលដុះដោយឯកឯងការកើនឡើងនៃតម្រូវការនៅលើទីផ្សារ ក៏អាចបង្កជាសម្ពាធដល់ការកាប់បំផ្លាញរុក្ខជាតិប្រភេទនេះដើម្បីប្រមូលផលហេតុនេះការយល់ដឹងពីសារៈសំខាន់របស់វានឹងជួយជំរុញឱ្យមានការអភិរក្សព្រៃឈើដែលជាជម្រករបស់វាដើម្បីធានាបាននូវនិរន្តរភាពនៃផលប្រយោជន៍ទាំងអស់នេះ។

ចំណាំ៖ ទោះបីជាផ្នែកខ្លះនៃរុក្ខជាតិគុយត្រូវបានប្រើប្រាស់ជាឱសថបុរាណតាំងពីយូរមកហើយក្តីអ្នកគួរសាកសួរនិងពិគ្រោះជាមួយអ្នកជំនាញសុខភាពឬអ្នកជំនាញឱសថបុរាណមុននឹងប្រើប្រាស់វាដើម្បីព្យាបាលជំងឺណាមួយ។

 

 

អត្ថបទ៖ ជួន សុធា