កំពង់ចាម- ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន អ៊ីវ៉ា រៀលអ៊ីស្ទេត (Inva Real Estate) សហការជាមួយក្រុមហ៊ុន 24អេច ស៊ីនើជី (24H Synergy) និង បាយ័នអ៊េប (Bayon App) បានរួមគ្នាបង្កើតសិក្ខាសិលាដ៏ធំមួយក្រោមប្រធានបទដ៏សំខាន់គឺ "ការរីកចម្រើននៃទីផ្សារអចលនវត្ថុក្នុងសម័យឌីជីថល៖ ការវិភាគតម្លៃទីផ្សារ ការទិញលក់អចលនវត្ថុ និងការធ្វើទីផ្សារដោយប្រើឌីជីថល" ដែលរៀបចំឡើងយ៉ាងអធិកអធមនៅសណ្ឋាគារអិលប៊ីអ៊ិនអាស៊ាន ទីរួមខេត្តកំពង់ចាម។
គោលបំណងចម្បងនៃសិក្ខាសាលានេះគឺ ក្នុងគោលដៅចែករំលែកនិងផ្សព្វផ្សាយ ប្រព័ន្ធតិចណូឡូជីថ្មីៗនៅក្នុងវិស័យអចលនទ្រព្យ ដើម្បីជួយជំរុញការលក់ ទៅលើអចលនទ្រព្យឲ្យមានភាពទូលំទូលាយ ទាំងក្នុងខេត្តកំពង់ចាមផ្ទាល់ ក៏ដូចជាបណ្តាខេត្តដទៃទៀត និងឈានដល់ការពង្រីកទីផ្សារក្រៅប្រទេស តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលប្រកបដោយភាពច្នៃប្រឌិតនិងស្តង់ដារអន្តរជាតិ។ សិក្ខាសាលានេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមសរុបជាង ១០០នាក់ ដែលមានទាំងអ្នកវិនិយោគ, ភ្នាក់ងារអចលនទ្រព្យ, និងសាធារណជនដែលមានចំណាប់អារម្មណ៍លើវិស័យនេះ។

ជាក់ស្តែង ក្រុមហ៊ុន អ៊ីវ៉ា រៀលអ៊ីស្ទេត តំណាងដោយលោក ធឿន ចាន់ថេត ជាប្រធានផ្នែកវាយតម្លៃជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនអ៊ីនវ៉ា រៀលអ៊ីស្ទេតបានលើកឡើងពីការផ្លាស់ប្តូរដ៏លឿននៃតម្រូវការរបស់អ្នកទិញ និងបានបង្ហាញពីវិធីសាស្ត្រក្នុងការវាយតម្លៃអចលនទ្រព្យតាមទិន្នន័យទីផ្សារជាក់ស្តែង និង លោកស្រី រិត សុភា ប្រធានផ្នែកលក់ក្នុងក្រុមហ៊ុនអ៊ីនវ៉ា រៀលអ៊ីស្ទេត បានធ្វើបទបង្ហាញពីយុត្តិសាស្ត្រការលក់ ការស្វែងរកទ្រព្យ ទទួលទ្រព្យផ្តាច់មុខ ជាដៃគូសហការ និងប្រភពចំណូលដែលបានពីអចលនទ្រព្យឲ្យមានប្រសិទ្ធភាព។ ចំណែកឯក្រុមហ៊ុន 24អេច ស៊ីនើជីតំណាងដោយកញ្ញា Soly Anne បានណែនាំតិចនិកថ្មីៗក្នុងការប្រើប្រាស់App 24h ដែលជាឧបករណ៍ឌីជីថលដ៏មានប្រសិទ្ធភាពសម្រាប់អ្នកជំនួញអចលនទ្រព្យសម្រាប់ ការវិភាគទិន្នន័យអតិថិជនតាមឌីជីថលដោយណែនាំពីរបៀបប្រើប្រាស់ App 24H។ ពិសេសជាងនេះ ក្រុមហ៊ុនបាយ័នអ៊េបតំណាងដោយលោក មាស សំអុលបានបង្ហាញអំពីលក្ខណៈពិសេសរបស់ Bayon App ដែលជាវេទិកាបច្ចេកវិទ្យាដ៏មានអានុភាពជួយសម្រួលដល់ភ្នាក់ងារអចលនទ្រព្យ និងផ្តល់លទ្ធភាពឲ្យអតិថិជនអាចស្វែងរកព័ត៌មានបានយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ។
តាមរយៈការរួមបញ្ចូលគ្នានៃចំណេះដឹងផ្នែកវាយតម្លៃអចលនទ្រព្យពី Inva Real Estate និងបច្ចេកវិទ្យា Prop-Tech ទំនើបពី 24H Synergy និង Bayon App, ព្រឹត្តិការណ៍នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្តង់ដារនិងទំនុកចិត្តក្នុងការវិនិយោគអចលនទ្រព្យនៅកម្ពុជា ជាពិសេសតាមរយៈការប្រើប្រាស់ដំណោះស្រាយឌីជីថលប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព៕







អត្ថបទ៖ កណ្ណិការ