ទម្លាប់គឺជាសកម្មភាពតូចៗដែលយើងធ្វើម្តងហើយម្តងទៀតដោយស្វ័យប្រវត្តិទម្លាប់ល្អគឺជាមូលដ្ឋានគ្រឹះនៃជោគជ័យ សុខភាពនិងសុភមង្គលក្នុងជីវិត ការផ្លាស់ប្តូរដ៏ធំនៅក្នុងជីវិតកើតចេញពីការផ្លាស់ប្តូរទម្លាប់តូចៗជាប្រចាំថ្ងៃដើម្បីកសាងទម្លាប់ល្អឱ្យបានគង់វង្ស គឺទាមទារនូវយុទ្ធសាស្ត្រច្បាស់លាស់មិនមែនគ្រាន់តែជាឆន្ទៈតែមួយមុខនោះទេ។

១. ចាប់ផ្តើមពីជំហានតូចបំផុត

គន្លឹះដំបូងក្នុងការកសាងទម្លាប់ គឺកុំព្យាយាមផ្លាស់ប្តូរអ្វីៗច្រើនពេកក្នុងពេលតែមួយការកំណត់គោលដៅធំៗអាចធ្វើឱ្យយើងឆាប់បាក់ទឹកចិត្ត។

• គោលដៅតូចបំផុត: កំណត់ទម្លាប់ឱ្យតូចបំផុតដែលអ្នកស្ទើរតែមិនអាចបរាជ័យបាន។ ឧទាហរណ៍ ជំនួសឱ្យការកំណត់ "អានសៀវភៅមួយជំពូកក្នុងមួយថ្ងៃ" ត្រូវកំណត់ថា "អានមួយទំព័រក្នុងមួយថ្ងៃ"។

• ការអនុវត្ត ២ នាទី: ប្រសិនបើទម្លាប់មួយចំណាយពេលលើសពី ២ នាទី គឺវាធំពេកហើយ។ ចាប់ផ្តើមដោយធ្វើសកម្មភាពនោះត្រឹម ២ នាទីសិន ឧទាហរណ៍ "រត់ហាត់ប្រាណ ២ នាទី" ឬ "សរសេរ ២ នាទី" ភាពជាប់លាប់មានសារៈសំខាន់ជាងបរិមាណ។

២. យុទ្ធសាស្ត្រភ្ជាប់ទម្លាប់ 

ដើម្បីឱ្យទម្លាប់ថ្មីក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នកត្រូវភ្ជាប់វាទៅនឹងទម្លាប់ដែលមានស្រាប់

• ឧទាហរណ៍: បន្ទាប់ពីខ្ញុំដុសធ្មេញរួចខ្ញុំនឹងហាត់ដកដង្ហើមវែងៗរយៈពេលមួយនាទី ឬបន្ទាប់ពីខ្ញុំផឹកកាហ្វេពេលព្រឹករួចខ្ញុំនឹងរៀបចំផែនការសម្រាប់ថ្ងៃនេះ។ នេះធ្វើឱ្យទម្លាប់ថ្មីមានពេលវេលានិងទីកន្លែងច្បាស់លាស់។

៣. រៀបចំបរិស្ថានឱ្យស្របតាមទម្លាប់

បរិស្ថានជុំវិញខ្លួនមានឥទ្ធិពលខ្លាំងលើទម្លាប់របស់យើងត្រូវធ្វើឱ្យទម្លាប់ល្អមានភាពងាយស្រួលនិងទម្លាប់អាក្រក់មានភាពលំបាក។

• ធ្វើឱ្យទម្លាប់ល្អមើលឃើញច្បាស់: បើអ្នកចង់អានសៀវភៅត្រូវដាក់សៀវភៅនៅក្បែរខ្នើយ បើអ្នកចង់ហាត់ប្រាណត្រូវរៀបចំសម្លៀកបំពាក់ហាត់ប្រាណនៅពេលយប់។

• ធ្វើឱ្យទម្លាប់អាក្រក់លំបាក: បើអ្នកចង់កាត់បន្ថយការមើលទូរស័ព្ទត្រូវដាក់ទូរស័ព្ទនៅបន្ទប់ផ្សេងមុនពេលចូលគេង។

៤. តាមដានការរីកចម្រើន និងផ្តល់រង្វាន់

ការវាស់វែងនិងការផ្តល់រង្វាន់តូចៗជួយឱ្យខួរក្បាលយល់ថាទម្លាប់នោះមានតម្លៃ។

• ការសម្គាល់: ប្រើប្រតិទិនឬកម្មវិធីណាមួយដើម្បីសម្គាល់ថ្ងៃដែលអ្នកបានអនុវត្តទម្លាប់នោះកុំឱ្យខ្សែសង្វាក់ដាច់ការមើលឃើញខ្សែសង្វាក់នៃភាពជាប់លាប់នឹងជំរុញទឹកចិត្តអ្នក។

• រង្វាន់បន្ទាន់: ផ្តល់រង្វាន់តូចមួយឱ្យខ្លួនឯងភ្លាមៗបន្ទាប់ពីបានធ្វើទម្លាប់នោះ។ ឧទាហរណ៍ បន្ទាប់ពីហាត់ប្រាណរួចឱ្យខ្លួនឯងនូវទឹកក្រឡុកដែលមានរសជាតិឆ្ងាញ់រង្វាន់នេះត្រូវតែភ្ជាប់អារម្មណ៍រីករាយជាមួយទម្លាប់នោះ។

ការកសាងទម្លាប់ល្អ គឺមិនមែនផ្អែកលើឆន្ទៈដ៏ខ្លាំងក្លានោះទេតែផ្អែកលើការរចនាប្រព័ន្ធនិងយុទ្ធសាស្ត្រត្រឹមត្រូវ។ ត្រូវចងចាំថាទម្លាប់ល្អមិនចាំបាច់មានភាពអស្ចារ្យនោះទេ ប៉ុន្តែវាត្រូវតែជាប់លាប់។ តាមរយៈការចាប់ផ្តើមតូចៗ ការភ្ជាប់ទម្លាប់ការរៀបចំបរិស្ថាននិងការតាមដានជាប់លាប់អ្នកនឹងអាចកសាងទម្លាប់ដ៏រឹងមាំដែលនាំទៅរកការផ្លាស់ប្តូរជីវិតជាវិជ្ជមានប្រកបដោយនិរន្តរភាព។

 

 

អត្ថបទ៖ ជួន សុធា