នៅចំកណ្តាលនៃទឹកដីខេត្តកំពង់ធំ ចម្ងាយប្រមាណ ៣៧ គីឡូម៉ែត្រពីទីរួមខេត្ត មានរតនសម្បត្តិប្រវត្តិសាស្ត្រមួយបានឈរយ៉ាងស្ងៀមស្ងាត់ឆ្លងកាត់ព្យុះភ្លៀងរាប់សតវត្សរ៍ នោះគឺ តំបន់ប្រាសាទសំបូរព្រៃគុក ដែលជាអតីតរាជធានី "ឦសានបុរ" ដ៏អស្ចារ្យមួយក្នុងសម័យចេនឡា។ សព្វថ្ងៃនេះ ប្រាសាទបុរាណនេះមិនត្រឹមតែជាសក្ខីភាពនៃអរិយធម៌ខ្មែរដ៏ចំណាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ប្រវត្តិសាស្ត្រដ៏រុងរឿងនៃ "ឦសានបុរៈ"
ប្រវត្តិសាស្ត្រនៃប្រាសាទសំបូរព្រៃគុកបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសម័យចេនឡា ដែលជាអាណាចក្រដ៏ខ្លាំងក្លាមួយនៅអាស៊ីអាគ្នេយ៍។ យោងតាមសិលាចារឹកបានឲដឹងថា ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ដែលគ្រងរាជ្យនៅដើមសតវត្សទី៧ (គ.ស ៦១៦-៦៣៥)។ ព្រះអង្គបានតាំងរាជធានីនៅទីនេះ ដោយប្រទាននាមថា "ឦសានបុរៈ" ដែលមានន័យថា "បុរីនៃព្រះឦសាន" (ព្រះសិវៈ)។
រាជធានី ឦសានបុរៈ គឺជាមជ្ឈមណ្ឌលនយោបាយ សាសនា និងវប្បធម៌ដ៏សំខាន់មួយ។ ក្រុមប្រាសាទរាប់រយ ដែលភាគច្រើនសាងសង់អំពីឥដ្ឋដុត ថ្មបាយក្រៀម និងថ្មភក់ ត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈ ដែលជាអាទិទេពចម្បងក្នុងព្រហ្មញ្ញសាសនា។
ស្ថាបត្យកម្មរចនាបថសំបូរព្រៃគុក
អ្វីដែលធ្វើឱ្យប្រាសាទសំបូរព្រៃគុកមានលក្ខណៈពិសេសប្លែក គឺរចនាបថស្ថាបត្យកម្មរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជារចនាបថ "សំបូរព្រៃគុក"។ ក្រុមប្រាសាទសំបូរព្រៃគុក បានក្លាយទៅជាស្ថានីយបុរាណសម័យចេនឡាដ៏សំខាន់ ដែលបន្សល់ទុកមកទល់នឹងសព្វថ្ងៃ បង្ហាញអំពីអរិយធម៌នៃអាណាចក្រមួយនេះ។

១. អត្ថន័យនៃឈ្មោះ ប្រាសាទសំបូរព្រៃគុក
បើនិយាយពីទីតាំងប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ «នគរភ្នំ» ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» ដែលមានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទ ជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជា មិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ។
ចំពោះឈ្មោះប្រាសាទនេះ ក៏ធ្លាប់មានភាពចម្រូងចម្រាស់ផងដែរ ក្រោយពីបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភព លោក ដោយសារពលរដ្ឋខ្មែរមួយចំនួន តែងសរសេរជាពាក្យសំស្ក្រឹតថា «ប្រាសាទសម្បូរព្រៃគុហ៍» ផ្អែកលើពាក្យ គុហ៍ ឬ គុហា ដែលពាក្យនេះសំដៅលើល្អាង ឬរូងភ្នំធំៗក្នុងព្រៃ ជាកន្លែងសម្រាប់រស់នៅ និងធ្វើសមាធិកាលពីសម័យបុរាណ។ យ៉ាងណាមិញ ក្រសួងមហាផ្ទៃ បានស្នើសុំសរសេរដូច្នេះវិញថា «ប្រាសាទសំបូរព្រៃគុក» ដែលពាក្យគុកក្នុងន័យនេះ គឺសំដៅលើប្រាសាទ មិនមែនគុកឃុំឃាំងឡើយ។

២. សំណង់ប្រាសាទ
ប្រាសាទសំបូរព្រៃគុក ជាសំណង់ប្រាសាទលក្ខណៈជាប្រាសាទទោល និងសង់ជាក្រុមក្នុងកំពែងតែមួយ ឯសំណង់ គឺធ្វើឥដ្ឋកំបោរបាយអ និងថ្មភក់ និងត្រូវបានបែងចែកជា ៣ក្រុម ទី១ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទ សាងសង់ចាស់ជាងគេសតវស្សទី៧, ទី២ ក្រុមប្រាសាទខាងត្បូង និងចុងក្រោយ ក្រុមប្រាសាទតោ (ក្រុមកណ្ដាល)។ ចំពោះចំណុចពិសេសផ្នែករចនាបថវិញ គឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អ មានអត្ថន័យសំខាន់ណាស់ ក្នុងជំនឿខ្មែរ រហូតមកដល់ថ្ងៃនេះគឺ «តំណាងឲ្យភាពស្អាតស្អំ និងបរិសុទ្ធ»។

៣. ចម្លាក់
ក្នុងក្រុមប្រាសាទយាយព័ន្ធ មានរូបចម្លាក់៣ប្រភេទ ដែលមិនសូវចាប់អារម្មណ៍ និងស្គាល់សាវតា ក្នុងនោះរួមមាន ចម្លាក់មេដាយ ចម្លាក់ជនជាតិពែរ្ស៍ និង រូបចម្លាក់គុឌុ ។ យោងតាមផ្ទាំងព័ត៌មានរបស់អាជ្ញាធរជាតិសំបូរព្រៃគុក បញ្ជាក់ថា ចម្លាក់រាងរង្វង់មូលធំប្រើក្នុងការតុបតែងលម្អបន្តរៀងគ្នា ត្រូវបានហៅថា «មេដាយ» ជារូបមនុស្ស និងសត្វ ដែលគេ សន្និដ្ឋានថា ទាក់ទងទៅនឹងរឿងទេវកថា ឬវីរកថាក្នុងព្រហ្មញ្ញសាសនា តែអ្នកជំនាញក៏ពិបាកក្នុងការធ្វើសេចក្តីសន្និដ្ឋាន ដែរ ថាជាសាច់រឿងអ្វីឲ្យប្រាកដនោះ។ រីឯចម្លាក់មួយទៀត ដែលស្ថិតនៅជញ្ជាំងប្រាសាទអណ្តែតខាងក្រៅជ្រុងអាគ្នេយ៍ មានរូបមនុស្សដែលតាមការសិក្សាស្រាវជ្រាវយល់ថាជាជនជាតិពៃរ្ស៍ ប៉ុន្តែអ្នកជំនាញក៏ពុំបាន់ដឹងពីការគោរពបូជា របស់ប្រាង្គនេះ ថាសំដៅទៅចំពោះទេពអង្គណានោះដែរ តែនៅខាងក្នុងមានតម្កល់ជើងទម្ររាងមូលធ្វើអំពីថ្មភក់។

៤. ការបញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ដោយប្រាសាទសំបូរព្រៃគុក ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធ ក្នុងការរៀបចំឯកសារ និងភស្តុតាងជាច្រើនឆ្នាំ ដើម្បីស្នើដាក់បញ្ចូលប្រាសាទចំណាស់ មួយនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នៅថ្ងៃទី ០៨ ខែកក្តដា ឆ្នាំ២០១៧ ប្រាសាទដ៏ចំណាស់នេះ ក៏បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាស្កូវ ប្រទេសប៉ូឡូញ ជាពេលវេលាបើកទំព័រប្រវត្តិសាស្រ្តថ្មី និងជាមោទកភាពមួយដែលគួចងចាំ ព្រោះបានលើកស្ទួយវប្បធម៌អរិយធម៌ខ្មែរ ព្រមទាំងវិស័យទេសចរណ៍ផងដែរ៕
អត្តបទ៖ តុប ឡៃហៀង