
ប្រាសាទព្រះវិហារ គឺជាប្រាសាទរបស់ខ្មែរ ដែរស្ថិតនៅលើពយតាឌី នៅជាប់ច្រាំងថ្មកម្ពស់៥២៥ ម៉ែត្រ នៃភ្នំដងរែក ក្នុងខេត្តព្រះវិហារ នៃភាគខាងជើងប្រទេសកម្ពុជា។ ប្រាសាទនេះមានចម្ងាយ១៤០គ.ម ពីប្រាសាទអង្គរវត្ត និងប្រហែល ៣២០គ.ម ពីទីក្រុងភ្នំពេញ។
ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរ៉ែក (ភ្នំព្រះវិហារ) ជាប់ព្រំប្រទល់ ប្រទេសថៃ មានចំងាយ១០៨គ.ម ពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ ២១១។ ខេត្តព្រះវិហារ បានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៦៤ ដោយកាត់ដីពី ខេត្តស្ទឹងត្រែង កំពង់ធំ និង សៀមរាប។ ខេត្តនេះគឺនៅភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ជាខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ ភ្នំ និង ស្ទឹង ដងអូរ។
លើសពីនេះទៀត មិនត្រឹមតែលេចធ្លោដោយទីតាំងភូមិសាស្ត្រនៅលើកំពូលភ្នំប៉ុណ្ណោះទេ ប្រាសាទព្រះវិហារមានលក្ខណៈពិសេសទាំងផ្នែកស្ថាបត្យកម្ម និងសិល្បៈ ដែលធ្វើឱ្យប្រាសាទនេះមានភាពខុសប្លែកពីប្រាសាទដទៃទៀត។

ខាងក្រោមនេះជាលក្ខណៈពិសេសជាច្រើនដែលគួរឱ្យកត់សម្គាល់នៃប្រាសាទ៖
-ប្រាសាទគោបុរៈ ទាំង៤ដែលមានហូរហែ តាមផ្លូវឡើងទៅកាន់កំពូលសុទ្ធតែសាងសង់លើខឿនដែលមានប្រាំថ្នាក់។
-យើងសង្គេតឃើញថាឯលក្ខណៈពិសេសមួយទៀតគឺកាំជណ្តើរនិងមហាវិថីធំៗ ដែលសាងក្រាលទោដោយផ្ទាំងសិលាដ៏ធំៗ។ ដូនតាខ្មែរបានលើកចិតភ្នំ និងផ្ទាំងថ្មបន្តបន្តុបពីលើគ្នាយ៉ាងរាបស្មើរ ឆ្លងកាត់ពីប្រាសាទមួយទៅប្រាសាទមួយ រហូតដល់កំពូល។
-នាគរាជធំៗទាំងគូដែលសន្ធឹងខ្លូនយាមអមមហាវិថីក្នុងប្រាសាទមានក្បាលប្រាំពីរ តែគ្មាន ក្បាំងក្រោយដូចនាគឡើយ។
-ប្រាសាទឬគោបុរៈ ទាំង៤សុទ្ធតែមានយ៉លយទៅមុខ មានក្លោងទ្វារាងត្រីកោណជាដំបូលគ្មានប្រក់ថ្មឬគ្បឿងពីលើទេ។
-ក្លោងទ្វានីមួយៗផ្នែកខាងលើមានចែកចេញជាពីររចនាបថ។ រចនាបថទី១ សម្រាប់ទ្វារទៅកាន់ប្រាសាទធំទាំង៤មានរាងត្រីកោណដោយចុងមុំបាតទាំងពី២នៅខាងក្រោយគូចមូល ដូចគូថខ្យង ដែលមើលពីចំងាយទោមានរូបភាពដូចក្បាលនាគ។ ឯកំពូលលើមានរាងមូលទ្រវែងស្រូចនោលើរំលេចទៅដោយក្បាច់ជាស្លឹកឈើ។ រចនាបថទី២ គឺសម្រាប់ទ្វារធម្មតាតូចតាច តាមច្រកផ្សេងៗជាបន្ទាប់បន្សំ ដែលផ្នែកខាងលើមានរាងទ្រវែងស្រួច ទៅលើមានបីស្រទាប់ពីតូចទៅធំ ហើយដែលឆ្លាក់តាមលំនាំស្លឹកឈើ។
-បន្ទាប់មកទៀត គឺលក្ខណៈពិសេសដែលសាងសង់នៅលើកំពូលភ្នំ លេចផុសចំកណ្តាលអាកាស ខុសប្លែកអំពី ប្រាសាទនានាដូចជាប្រាសាទវត្តភូ និងកោះកេរ្តិ៍ជាដើម។
-រូបចម្លាក់ទាំងអស់សុទ្ធតែលើកយកព្រះអាទិទេពមានព្រះសិវៈ ព្រះវិស្ណុ និងព្រះឥន្ទមកឆ្លាក់។
-គេពុំឃើញមានរូបទេពអប្សរាដូចជាប្រាសាទកោះកេរ្តិ៍ ប្រាសាទបន្ទាយស្រី បឹងមាលា និងប្រាសាទអង្គរវត្តទេ ទោះបីជាប្រាសាទព្រះវិហាបានទទួលឥទ្ធិពលអំពីប្រាសាទកោះកេរ្តិ៍និងបន្ទាយស្តីក៏ដោយ។
-ឯរូបទ្វារបាល ឬឆ្មាំយាមបាលទ្វារក៏គ្មានដែរ គឺខុសអំពីប្រាសាទដទៃ។
ប្រាសាទព្រះវិហារមិនត្រឹមតែជាមោទកភាពផ្នែកសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាភស្ដុតាងដ៏រស់រវើកនៃអំណាច និងប្រាជ្ញាញាណរបស់ចក្រភពខ្មែរ។ ការកសាងប្រាសាទលើកំពូលភ្នំខ្ពស់ដូចនេះ បង្ហាញពីភាពក្លាហាន និងសមត្ថភាពដ៏អស្ចារ្យក្នុងការគ្រប់គ្រងធនធាន នយោបាយ និងយោធា។ សំណង់ដ៏ធំធេងនេះជាសក្ខីភាពនៃភាពចីរភាពនៃការបន្តវេនពីជំនាន់មួយទៅជំនាន់មួយ ដែលបានធ្វើឱ្យកម្ពុជាក្លាយជាចក្រភពដ៏ធំមួយនៅអាស៊ីអាគ្នេយ៍។
អត្តបទ៖ តុប ឡៃហៀង