វិមានឯករាជ្យត្រូវបានកសាងនៅឆ្នាំ១៩៥៨ ជានិមិត្តរូបបញ្ចក់ថា កម្ពុជាបានទទួលឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣។ វិមានឯករាជ្យមានទីតាំងស្ថិតនៅផ្លូវប្រសព្វគ្នារវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ ចំកណ្តាលទីក្រុង ភ្នំពេញ។ វិមានឯករាជ្យមានកំពស់ ២០ម៉ែត្រ មាន ៥ជាន់ លំអដោយក្បាលពស់នាគរាជចំនួន១០០ សង់តាមគំរូរចនាបរបស់អង្គរ រចនាប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺ លោក វណ្ណ មូលីវណ្ណ ។

លោក វណ្ណ-មូលីវណ្ណ គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។

លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុត្តិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបានសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យជាមួយនឹងចំណេះដឹង និងទេពកោសល្យ។ លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៥។ មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧ ។

នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំណង់អាគារបុរាណៗ វត្តអារាម និងសំណល់ពីសម័យអាណានិគម។ កំឡុងសម័យនោះ ដែលគេស្គាល់ថាជា យុគមាស ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និងវិមានរដ្ឋ។ លោកក៏បានគូរប្លង់វត្តអារាម និងស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។ នៅឆ្នាំ១៩៦២ លោក មូលីវណ្ណ បានរចនាសំណង់កីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកមនុស្ស ៦០០០០ នាក់ ដែលនោះគឺជាសង្វៀនដែលគេឲ្យតម្លៃជាងគេបំផុតនៅទូទាំងអាស៊ីគ្នេយ៍។

នៅឆ្នាំ១៩៦២ ដដែលនោះ លោកក៏បានស្ថាបនាសាលមហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាលពិព័រណ៍ដែលនៅជិតខាងជាមួយនឹងបទពិសោធន៍លំនៅដ្ឋានយ៉ាងទូលំទូលាយ។ ស្នាដៃមួយដ៏សំខាន់ទៀតរបស់លោក គឺការរចនាវិមានឯករាជ្យ ដែលជាទីដ៏សំខាន់មួយបង្ហាញនូវការទាមទារឯករាជ្យពីបារាំងវិញបានទាំងស្រុងនៅឆ្នាំ១៩៥៣ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះបាទ នរោត្តម សីហននុដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោក វណ្ណ មូលីវណ្ណ បានរៀបអាពាហ៍ពិពាហ៍នៅប្រទេសបារាំង ដែលភរិយារបស់លោកជា ជនជាតិស្វីស។ ចំណងអាពាហ៍ពិពាហ៍នេះ លោកមានកូនចំនួន៦នាក់ គឺប្រុស៣ ស្រី៣។ បច្ចុប្បន្នកូនខ្លះរស់នៅបរទេស និង ខ្លះរស់នៅកម្ពុជា។ លោកបានទទួលមរណភាពនៅថ្ងៃទី ២៨ខែ កញ្ញា ឆ្នាំ២០១៧៕
អត្ថបទ៖ កណ្ណិការ