សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងចងចាំដ៏ឈឺចាប់ពីព្រឹត្តិការណ៍នៃការសួរចម្លើយនិងការឃុំឃាំងក្នុងមន្ទីរស‑២១នាសម័យខ្មែរក្រហម នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល ពត ដែលមានឈ្មោះដើមថាសាឡុតស អំឡុងពេលខ្មែរក្រហម ឡើងកាន់អំណាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ សារមន្ទីរនេះ បានរក្សាទុកនិងបង្ហាញភស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្ដិសាស្រ្ដរបស់កម្ពុជា ដើម្បីឲ្យសាធារណជនសិក្សាស្វែងយល់ក្នុងគោលបំណងជម្រុញ និងលើកទឹកចិត្តឲ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព។

ដើមឡើយគឺជាវិទ្យាល័យចៅពញ្ញាយ៉ាត តែត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរឃុំឃាំងនិងសួរចម្លើយ នៅខែសីហាឆ្នាំ១៩៧៥ គឺរយៈពេល៤ខែក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ សារមន្ទីរទួលស្លែងជាអតីតមន្ទីរសន្ដិសុខ២១ ដែលហៅកាត់ថា ស.២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” ។ មន្ទីរឃុំឃាំងស-២១ មានបុគ្គលិកបម្រើការផ្ទាល់និងប្រយោលប្រមាណ១.៧២០នាក់។ បុគ្គលិកភាគច្រើន ជាកម្មករបម្រើការងារទូទៅដោយរាប់បញ្ចូលទាំងអ្នកដាំស្ល រីឯបុគ្គលិកមួយចំនួនទៀត បម្រើការផ្ទាល់នៅផ្នែករដ្ឋបាល យាមកាម និងសួរចម្លើយអ្នកទោស។

អ្នកទោសនៅមន្ទីរស-២១ភាគច្រើនជាប់ចោទពីបទក្បត់បក្ស ឬក្បត់បដិវត្ដន៍ ឬជាជនបង្កប់ធ្លាប់ធ្វើការជាមួយទាហានក្បត់ដែលខ្មែរក្រហមចាប់ឃុំឃាំង។ ក្នុងការដឹកនាំរបស់ខ្មែរក្រហមមេដឹកនាំចាប់ផ្តើមសង្ស័យ និងបាត់បង់ជំនឿចិត្ដទៅលើជួរកម្មាភិបាល និងទាហានរបស់ខ្លួន។ ហេតុដូច្នេះទើបបុគ្គលិកមួយចំនួននៅមន្ទីរស-២១ ក្លាយទៅជាអ្នកទោសដោយជាប់ចោទពីបទខ្ជិលច្រអូសក្នុងការរៀបចំឯកសារ ធ្វើឲ្យខូចម៉ាស៊ីននិងសម្ភារៈផ្សេងៗ ឬវាយសួរចម្លើយអ្នកទោសរហូតដល់ស្លាប់ដោយគ្មានការអនុញ្ញាត។ ជាទូទៅអ្នកទោស ពុំដឹងពីមូលហេតុនៃការចាប់ខ្លួនឡើយ ប៉ុន្តែខ្មែរក្រហមបង្ខំឲ្យសារភាពកំហុសតាមរយៈការធ្វើទារុណកម្ម។ ទម្រង់នៃការធ្វើទារុណកម្មមានជាអាទិ៍ការឆក់ខ្សែភ្លើង ការចាប់ជ្រមុជទឹក និងការចងដៃព្យួររួចទាញឡើងលើរហូតដល់សន្លប់។ ក្រោយផ្តល់ចម្លើយសារភាព អ្នកទោសត្រូវបញ្ចូលឈ្មោះទៅក្នុងបញ្ជីកំទេច។ ជនរងគ្រោះដែលរួចជីវិតបន្ទាប់ពីការធ្វើទារុណកម្មធ្ងន់ធ្ងរ ត្រូវយកទៅសម្លាប់ចោលនៅបរិវេណក្បែរមន្ទីរ ឬបញ្ចូនទៅវាលពិឃាតជើងឯកដែលស្ថិតនៅជាយក្រុង ហើយអ្នកទោសឲ្យជីករណ្ដៅកប់ខ្លួនឯង ឬសម្រាប់កប់អ្នកផ្សេងទៀត មុនពេលសម្លាប់ដោយឧបករណ៍ផ្សេងៗ។

ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ៊្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់(ក្នុងនោះមានស្រ្ដីចំនួន១នាក់)តាំងជាពិពណ៌ជូនភ្ញៀវជាតិនិងអន្ដរជាតិទស្សនា។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបើកទ្វារនៅថ្ងៃដែលតុលាការប្រជាជនបដិវត្តន៍កម្ពុជាបើកសវនាការកាត់ទោសមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត អៀង សារី និង ខៀវ សំផន នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៧៩។

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មានទីតាំងស្ថិតនៅលើផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងក្រុងភ្នំពេញ ដែលបើកឲ្យភ្ញៀវអាចចូលទស្សនារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ តម្លៃសំបុត្រសម្រាប់ប្រជាជនខ្មែរ ឥតគិតថ្លៃ សម្រាប់ជនបរទេស (អាយុពី ១០ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ) ៣ដុល្លារ (អាយុពី ១៨ឆ្នាំឡើង) ៥ដុល្លារសំបុត្រចូលទស្សនា មានលក់តែនៅបញ្ជរលក់សំបុត្រក្នុងសារមន្ទីរតែប៉ុណ្ណោះ។
គូសបញ្ជាក់ដែរថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ បណ្ណសារសារមន្ទីរទួលស្លែងត្រូវបានអនុម័តដាក់បញ្ចូលទៅក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស៕
អត្ថបទដោយ៖ កណ្ណិការ