«ក្រមុំ១០ ថ្លៃ១ស្លឹង សំផឹង១០ ថែមស្លាពុក១»ជាពាក្យស្លោកមួយដែលត្រូវបានបង្កើតឡើងនៅប្រវត្តិសាស្ត្រខ្មែរ ដែលស្រ្តីខ្មែររងការប្រមាថមើលងាយខ្លាំងបំផុតក្រោមចំណុះសៀម។ នៅសម័យចៅហ្វាបែន (1790-1809) មានពាក្យ១ឃ្លាបានពោលថា «ផ្គរលាន់ឮណែន កាលរាជចៅហ្វាបែន ក្រមុំ១០មួយស្លឹង ខ្លះយកទទេ ឥតឯកុំដើង មេម៉ាយកំព្រើង ១០ស្លាពុកមួយ ។» បើពិនិត្យពិចារណាលើខ្លឹមសារនៃកំណាព្យនេះតែបន្តិច ក៏អាចយល់ថា ជាការចំអកមើលងាយស្ត្រីដែរ។ ដោយហេតុថាខ្មែរយើងជំនាន់នោះប្រកាន់ ប្រពៃណីណាស់ មិនដែលឲ្យកូនស្រីរបស់ខ្លួនទៅបុរសងាយៗនោះទេ បើគ្មានជំនូនខាន់ស្លាយ៉ាងក្រាស់ក្រែល និងធ្វើតាមប្រពៃណីនោះទេ។ ផ្ទុយទៅវិញ មានតែស្រុកកើតមានសង្គ្រាម អសន្តិសុខ ចោរប្លន់ឡើងរាជ្យទេ ទើបឪពុកម្តាយមានកូនក្រមុំ ប្រញាប់ទុកដាក់ឲ្យកូនមានប្តីសី ដោយមិនពិនិត្យពិច័យតឹងរឹង។ ហើយបើយកទទេទៀតនោះ រឹតតែបញ្ជាក់ថា ប្រទេសគ្មានច្បាប់ទម្លាប់ផងដែរ។

គូសបញ្ជាក់ដែរថា អាណាចក្រខែត្រ បាត់ដំបង សម័យលោកម្ចាស់ ចន្លោះពីឆ្នាំ១៧៩៥~១៩០៧ គ្រប់គ្រង៦ជំនាន់ រយៈពេល១១២ឆ្នាំ ក្រោមចំណុះឲ្យអាណាចក្រក្រុងទេព នគរសៀម។ ចៅហ្វា បែន ងារជាចៅហ្វាទុលហៈ (នាយករដ្ឋមន្ត្រី) បានកាន់កិច្ចការព្រះនគរជំនួស បន្ទាប់ពីព្រះបាទ អង្គ អេង ដែលជាព្រះបិតាបស់ ព្រះអង្គ ឌួង សុគតទៅ នៅឆ្នាំ១៧៩៦ ដោយព្រះរាជបុត្រព្រះអង្គ អេង ដូចជា ព្រះអង្គ ចន្ទ ព្រះអង្គអ៊ឹម ព្រះអង្គ ឌួង នៅវ័យកុមារតូចៗ ដូចនេះកិច្ចការនគរ ត្រូវដឹកនាំដោយ ចៅហ្វាទុលហៈ បែន ហើយខែត្របាត់ដំបងត្រូវឋិតជាខេត្តស្វ័យត័ ត្រួតត្រាដោយខ្សែ ស្រឡាយត្រកូល ចៅហ្វា បែន រឺសម័យលោកម្ចាស់ រយៈពេល៦ជំនាន់ ដោយចំណុះឲ្យ នគរសៀម រហូតដល់ឆ្នាំ១៩០៧ ទើបព្រះបាទ ស៊ីសុវត្តិ និងរាជបារាំង យកពីសៀមមកឲ្យខ្មែរវិញ។


ជាមួយគ្នានេះដែរ ជំនាន់នោះប្រាក់កាក់១ស្លឹងអាចប្រហែល មាស១ជី ប៉ុន្តែតម្លៃព្រហ្មចារីក្រមុំខ្មែរ១០នាក់ គេទិញតែ១ស្លឹងកាក់ប៉ុណ្ណោះ មិនមែនប្រាក់១ស្លឹងនេះវាថ្លៃក្នុងជំនាន់នោះទេ ព្រោះជំនាន់នោះគេចាយមាសដូចចាយក្រដាសទៅហើយ ប៉ុន្តែវានៅក្រោមអំណាចសៀម ឯក្រុមខ្មែរដែលជាពួកអាយ៉ងសៀមវិញ។

ជាក់ស្តែងប្រាក់ស្លឹងគឺជារូបិយប័ណ្ណខ្មែរដំបូងបង្អស់ ដែលបានបោះពុម្ភក្នុងរាជ្យព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ព្រះស្តេច កន ដើម្បីដោះដូរទំនិញពាណិជ្ជកម្មជាមួយបរទេស ក្នុងដើមសតវត្សទី១៦ ។ ប្រាក់ស្លឹងពីមុនធ្វើអំពី មាស ប្រាក់ ឫស្ពាន់ មានទម្ងន់១៥ ក្រាមវិជ្ឈមាត្រប្រហែល ១៥ មីលីម៉ែត្រ ដែលផ្ទៃខាងមុខមានត្រារូបនាគ ក្បាល៧ ដែលតំណាងអោយ ព្រះស្តេច កន និងផ្នែកខាងក្រោយ មានចារឹកអក្សរខ្មែរ សម័យកណ្តាល ក្រុង កម ពូជា ( ក្រុងកម្ពុជា ) ផ្នែកកណ្តាលចារឹកថា មួយស្លឹង និងផ្នែកខាងក្រោមរូបគួរស្រូវ ដែលតំណាងអោយកសិកម្មខែ្មរ ។នៅក្នុងរាជ្យ ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ព្រះស្តេច កន កម្ពុជាបានធ្វើពាណិជ្ជកម្មដោះដូរ ជាមួយបណ្តាប្រទេសមួយចំនួននៅអាស៊ី និងអឺរ៉ុប តាមរយៈផ្លូវទឹក ដោយប្រើប្រាស់នូវសំពៅធំៗ ហើយពេលនោះកម្ពុជាបានរីកចម្រើនគួរសម តាមរយៈពាណិជ្ជកម្មទាំងនោះ តាមរយៈប្រាក់ស្លឹងមួយនេះបានអោយយើងយល់បានថាសេដ្ឋកិច្ចខ្មែរ សម័យនោះក៏មិនធម្មតាដែរ។
អត្ថបទ៖ កណ្ណិការ