ប្រាសាទបេងមាលា ជាប្រាសាទមួយដ៍ចំណាស់ ក្នុងចំណោមប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប។ ប្រាសាទបឹងមាលា ជាទីតាំងទេសចរណ៍ដែលភ្ញៀវជាតិ និងអន្តរជាតិ មិនអាចរំលងបាន។ អ្នកមកទស្សនាប្រាសាទបឹងមាលា មើលឃើញថា ស្ថានភាពប្រាសាទមានការបែកបាក់ខ្លាំង ក៏ប៉ុន្តែទីនេះបានបន្សល់ទុកនូវសម្រស់ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ តាមរយៈដើមឈើដ៏ត្រឈឹងត្រឈៃ។

ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ខាងកើតជើងភ្នំគូលេន ប្រហែល៧៧គីឡូម៉ែត្រពីក្រុងសៀមរាប ។ ប្រាសាទនេះមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ដែរ ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សទី១២ នៅលើផ្ទៃដីទំហំ១៤ហិចតា ។ ប្រាសាទនះសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយទៅដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម ។

ប្រាសាទនេះសាងសង់អំពីថ្មភក់ និងថ្មបាយកៀម ហើយមានកសិណទឹកដ៏ធំព័ទ្ធជុំវិញ ដែលនិមិត្តរូបជាសមុទ្រទឹកដោះ។ ផ្ទាំងគំនូរលើហោត្រៃ និងផ្តែរចំនួន ១៨០ បង្ហាញពីរឿងទេវកថាផ្សេងៗ ដូចជារាមកេរ្តិ៍ និងកូរសមុទ្រទឹកដោះ។ យ៉ាងណាមិញ យោងតាមភស្តុតាងថ្មីៗពីការស្រាវជ្រាវលើវិស័យសិល្បៈ និងស្ថាបត្យកម្ម អ្នកជំនាញខ្លះបានលើកឡើងថា ប្រាសាទនេះប្រហែលជាកសាងឡើងក្រោយប្រាសាទអង្គរវត្តបន្តិច គឺនៅចុងសតវត្សរ៍ទី១២។
ទាក់ទងនឹងឈ្មោះ "បេងមាលា" វិញ មិនមានឯកសារច្បាស់លាស់បញ្ជាក់ពីឈ្មោះដើមឡើយ។ ឈ្មោះនេះត្រូវបានអ្នកស្រុកហៅតៗគ្នា ហើយអ្នកស្រាវជ្រាវបារាំង Louis Delaporte ក៏បានហៅថា "បឹងមាលា" ដែលមានន័យថា "បឹងផ្កាឈូក"។ ប៉ុន្តែ ការពន្យល់នេះពិបាកទទួលយកជាការណ៍ណាស់។
អ្នកស្រាវជ្រាវជនជាតិខ្មែរបានពន្យល់ថា ឈ្មោះ "មាលា" ទំនងជាបានមកពីឈ្មោះវត្តបុរាណមួយឈ្មោះ វត្តព្រះកេតុមាលា ដែលធ្លាប់មាននៅក្នុងបរិវេណប្រាសាទ។ រីឯពាក្យ "បេង" អាចសំដៅលើ ផ្លូវបេង ដែលជាផ្លូវបុរាណមួយតភ្ជាប់ពីអង្គរទៅកាន់តំបន់ភាគខាងកើត។ ដូច្នេះ "បេងមាលា" អាចមានន័យថា "ប្រាសាទមាលា ដែលស្ថិតនៅតាមបណ្តោយផ្លូវបេង"។

បច្ចុប្បន្ននេះ ប្រាសាទបេងមាលាដែលធ្លាប់ទទួលរងការខូចខាតជាច្រើនកន្លែង កំពុងត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សយ៉ាងយកចិត្តទុកដាក់។ អាជ្ញាធរបានរៀបចំគំនរថ្មឱ្យមានសណ្ដាប់ធ្នាប់ ស្ថាបនាផ្លូវដើរ និងស្ពានឈើ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលទស្សនា។ ក្រៅពីនេះ ការដាំដើមឈើឡើងវិញក៏ត្រូវបានធ្វើឡើងដើម្បីការពារ និងលើកកម្ពស់សោភ័ណភាពប្រាសាទផងដែរ។
អត្តបទ៖ តុប ឡៃហៀង