មជ្ឈមណ្ឌលប្រល័យ មានដើមកំណើតចេញពីអំពើឃោរឃៅដែលប្រព្រឹត្តឡើងក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)ចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។

ដើមឡើយតំបន់ជើងឯកនេះគឺជាចម្ការដូង/ចម្ការល្មុតនិងជាទីបញ្ចុះសពជនជាតិចិនដែលស្ថិតនៅជាយក្រុងភាគនិរតីនៃទីក្រុងភ្នំពេញ(ប្រមាណ ១៧ គីឡូម៉ែត្រពីកណ្ដាលក្រុង)។មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបានក្លាយជាទីតាំងដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រខ្មែរ តាមរយៈដំណាក់កាលដូចខាងក្រោម៖

-ការបង្កើតមន្ទីរស-២១(គុកទួលស្លែង): នៅក្នុងទីក្រុងភ្នំពេញខ្មែរក្រហមបានបង្កើតមន្ទីរសន្តិសុខ២១ (ស-២១)ដែលជាកន្លែងឃុំឃាំងសួរចម្លើយ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។ ទោះជាយ៉ាងណា ស-២១ មិនមែនជាកន្លែងសម្លាប់ដ៏ធំសម្រាប់ជនរងគ្រោះទាំងអស់នោះទេ។

-ការប្រែក្លាយជើងឯកជាទីពិឃាត: ដោយសារតែចំនួនអ្នកទោសនៅ ស-២១កើនឡើងច្រើនលើសលប់ហើយរបបនេះត្រូវការពន្លឿនការបោសសម្អាត "ខ្មាំង" យ៉ាងសម្ងាត់ពួកគេបានសម្រេចចិត្តប្រើប្រាស់តំបន់ដាច់ស្រយាលមួយនេះគឺជើងឯកជាវាលពិឃាតផ្លូវការ។ គេប៉ាន់ស្មានថាទីតាំងនេះបានចាប់ផ្ដើមប្រតិបត្តិការសម្លាប់ទ្រង់ទ្រាយធំនៅប្រហែលឆ្នាំ ១៩៧៧ ដល់ ១៩៧៨។

-ការសម្លាប់រង្គាល: អ្នកទោស(ប្រមាណជិត ២ ម៉ឺននាក់) ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅស-២១ ឬកន្លែងឃុំឃាំងដទៃទៀតត្រូវបានដឹកជញ្ជូនទៅកាន់ជើងឯកហើយត្រូវសម្លាប់យ៉ាងសាហាវព្រៃផ្សៃដោយប្រើឧបករណ៍ផ្សេងៗ (ដូចជា ត្បូងចប ឬគល់ឫស្សី) ដើម្បីសន្សំគ្រាប់កាំភ្លើងរួចកប់ក្នុងរណ្តៅសពរួមជាច្រើន។

• ឆ្នាំ ១៩៧៩: បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទីតាំងជើងឯកត្រូវបានរកឃើញ។

• ឆ្នាំ ១៩៨០: អាជ្ញាធរបានធ្វើកំណាយរណ្តៅសពជាច្រើន(រកឃើញ ៨៦ រណ្តៅ)ហើយបានស្រាវជ្រាវ និងទាញយកអដ្ឋិធាតុជនរងគ្រោះដ៏ច្រើនសន្ធឹកសន្ធាប់។

• ឆ្នាំបន្តបន្ទាប់: ជើងឯកត្រូវបានប្រែក្លាយទៅជាមជ្ឈមណ្ឌលប្រល័យពូជសាសន៍និងជាបូជនីយដ្ឋានដើម្បីរំលឹក និងជាទីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ។ ចេតិយដ៏ធំមួយត្រូវបានកសាងឡើងដើម្បីតម្កល់លលាដ៍ក្បាលនិងឆ្អឹងរបស់ជនរងគ្រោះរាប់ពាន់នាក់ដែលជាភស្តុតាងដ៏រស់រវើកនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

 

ជនរងគ្រោះ: ជនរងគ្រោះភាគច្រើនជាអ្នកចេះដឹង បុគ្គលិកបម្រើការងារក្នុងរដ្ឋាភិបាលចាស់បញ្ញវន្តគ្រូបង្រៀននិស្សិតនិងប្រជាជនសាមញ្ញដែលត្រូវបានចោទប្រកាន់ថាជា"ខ្មាំង" ឬ "អ្នកក្បត់"។

• វិធីសាស្ត្រសម្លាប់: ដោយសារខ្មែរក្រហមចង់សន្សំគ្រាប់កាំភ្លើងពួកគេបានប្រើវិធីសាស្ត្រដ៏ព្រៃផ្សៃដើម្បីសម្លាប់ជនរងគ្រោះដូចជា៖ វាយនឹងត្បូងចប គល់ឫស្សី ដែក ឬឧបករណ៍ផ្សេងៗ និងប្រើប្រាស់ថ្នាំពុលឬ ឆក់ខ្សែភ្លើង។

• អដ្ឋិធាតុ: បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមកន្លែងនេះត្រូវបានរកឃើញថាមានរណ្តៅសពរាប់រយរណ្តៅ (ជីកឃើញ ៨៦ រណ្តៅ)ដែលមានអដ្ឋិធាតុជនរងគ្រោះ និងវត្ថុតាងផ្សេងៗជាច្រើន។ បច្ចុប្បន្នចេតិយដ៏ធំមួយត្រូវបានកសាងឡើងដើម្បីតម្កល់លលាដ៍ក្បាលនិង ឆ្អឹងរបស់ជនរងគ្រោះប្រមាណ៩០០០នាក់ដើម្បីរំឭកដល់ទុក្ខសោកនិងការបាត់បង់ដ៏ធំធេងនេះ។

សព្វថ្ងៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺជា សារមន្ទីរប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលបើកទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលទស្សនាដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃអំពើប្រល័យពូជសាសន៍នៅកម្ពុជានិងដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ។ វាជាកន្លែងមួយដែលបង្ហាញពីភាពសាហាវយង់ឃ្នងរបស់មនុស្សនិងសារៈសំខាន់នៃការថែរក្សាសន្តិភាពនិងយុត្តិធម៌។

 

 

 

អត្ថបទ៖ ជួន សុធា