វេសប៊ែង៖ ប្រជាជនប៉ាឡេស្ទីនប្រហែលដប់គ្រួសារនៅក្នុងភូមិ Qusra តំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ ត្រូវបានកងកម្លាំងអ៊ីស្រាអែលប្រាប់ឱ្យចាកចេញពីផ្ទះរបស់ពួកគេ ខណៈកងទ័ពកំពុងធ្វើប្រតិបត្តិការដើម្បីដោះស្រាយស្ថានការណ៍ដែលពាក់ព័ន្ធនឹងអ្នកតាំងលំនៅអ៊ីស្រាអែល ដែលបានឡោមព័ទ្ធផ្ទះប៉ាឡេស្ទីនជាច្រើនខ្នង។ តាមសេចក្តីរាយការណ៍ អ្នកតាំងលំនៅបានឡោមព័ទ្ធផ្ទះចំនួន៣ខ្នង ចាប់តាំងពីថ្ងៃអាទិត្យ ដោយត្រូវបានចោទថាបានរារាំងផ្លូវចូលទៅកាន់ផ្ទះ និងកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក និងអគ្គិសនីរបស់គ្រួសារដែលរស់នៅទីនោះ។

អភិបាលក្រុង Qusra លោក Abdel Azim Wadi បានប្រាប់ BBC ថា ភូមិទាំងមូលត្រូវបានប្រកាសជាតំបន់យោធាបិទ ហើយកងកម្លាំងអ៊ីស្រាអែលកំពុងប្រើប្រាស់ផ្ទះប៉ាឡេស្ទីនមួយចំនួនដែលទំនេរ ដើម្បីធ្វើជាទីតាំងយោធា។ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា គោលបំណងនៃប្រតិបត្តិការគឺដើម្បី «ការពារអ្នកស្រុក» និងគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានថ្កោលទោសសកម្មភាពរបស់អ្នកតាំងលំនៅ ដោយចាត់ទុកថា វាជាសកម្មភាព «គួរឱ្យខ្លាច» និង «មិនអាចទទួលយកបាន»។ លោកបាននិយាយថា អាជ្ញាធរអ៊ីស្រាអែលនឹងស៊ើបអង្កេតករណីនេះ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលត្រូវបានរកឃើញថាទទួលខុសត្រូវ។

ទន្ទឹមនឹងនេះ ករណីនៅ Qusra កើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការកើនឡើងនៃអំពើហិង្សារបស់អ្នកតាំងលំនៅអ៊ីស្រាអែលនៅតំបន់ West Bank ជាពិសេសនៅតំបន់ដែលសហគមន៍ប៉ាឡេស្ទីនរស់នៅក្បែរកន្លែងតាំងទីលំនៅរបស់អ៊ីស្រាអែល។ ការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ត្រូវបានចាត់ទុកថាខុសច្បាប់ក្រោមច្បាប់អន្តរជាតិ ខណៈរដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្នបានបន្តគាំទ្រ និងជំរុញការពង្រីកទីតាំងទាំងនេះ។

ក្នុងចំណោមផ្ទះចំនួន៣ដែលត្រូវបានអ្នកតាំងលំនៅឡោមព័ទ្ធ គឺផ្ទះរបស់គ្រួសារ Abu Ridi និង Hassan។ អ្នករស់នៅក្នុងផ្ទះចំនួន២ ត្រូវបានប្រាប់ឱ្យចាកចេញកាលពីថ្ងៃព្រហស្បតិ៍ ហើយពួកគេបានផ្លាស់ទៅស្នាក់នៅក្នុងផ្ទះទី៣។ នៅកន្លែងផ្សេងទៀតក្នុងភូមិ ប្រជាជនដែលរស់នៅក្នុងផ្ទះចំនួន១១ផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថាត្រូវបានកងទ័ពប្រាប់ឱ្យចាកចេញផងដែរ។

វីដេអូដែលត្រូវបានថតពេញមួយយប់ឈានចូលថ្ងៃព្រហស្បតិ៍ បានបង្ហាញរថយន្តសន្តិសុខអ៊ីស្រាអែលប្រមាណ១០គ្រឿង រួមទាំងរថយន្តឈូសឆាយ នៅក្នុងតំបន់ Qusra។ វីដេអូមួយទៀតដែលថតនៅពេលថ្ងៃ បានបង្ហាញកងកម្លាំងសន្តិសុខអ៊ីស្រាអែលជាច្រើនកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ភូមិប៉ាឡេស្ទីន។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានបំបែកទីតាំងតាំងលំនៅខុសច្បាប់ចំនួន២ និងបានឃាត់ខ្លួនជនជាតិអ៊ីស្រាអែលម្នាក់ ព្រមទាំងរឹបអូសឧបករណ៍មួយចំនួននៅជាយក្រុង Qusra និង Jalud ក្បែរទីក្រុង Nablus។

លោក Qaher Odeh ដែលជាប្រជាជនម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានប្រាប់ឱ្យចាកចេញពីផ្ទះ បាននិយាយថា ទាហានអ៊ីស្រាអែលជាង២០នាក់បានចូលក្នុងផ្ទះរបស់លោកនៅព្រឹកថ្ងៃព្រហស្បតិ៍។

លោកបានរៀបរាប់ថា ពេលកំពុងដេកជាមួយបងប្រុស ទាហានបានចូលមកក្នុងផ្ទះ និងបើកទ្វារដោយបង្ខំ មុនពេលបញ្ជាឱ្យពួកគេចាកចេញ។ លោក Odeh បាននិយាយថា បន្ទាប់ពីគ្រួសាររបស់លោកចាកចេញ កងកម្លាំងបានបិទតំបន់ទាំងមូល ហើយប្រជាជនមួយចំនួនទៀតក៏ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះផងដែរ។ ប្រជាជនមួយចំនួនដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញប្រហែល១០ម៉ោងក្រោយមក បានអះអាងថា ផ្ទះរបស់ពួកគេត្រូវបានរុះរើ និងមានរបស់របរខូចខាត។ ប្រជាជនម្នាក់ក៏បានចោទថា អាហារនៅក្នុងទូទឹកកកត្រូវបានបោះចោល និងប្រាក់សាច់ប្រាក់ចំនួន១,៥០០ដុល្លារត្រូវបានបាត់។

IDF មិនបានឆ្លើយតបដោយផ្ទាល់ចំពោះការចោទប្រកាន់អំពីការបាត់ប្រាក់នោះទេ នៅពេល BBC សួរអំពីករណីនេះ។

យោធាអ៊ីស្រាអែលបាននិយាយថា ទាហានត្រូវបានណែនាំឱ្យធានាថា ប្រជាជន Qusra អាចបន្តស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ហើយថាកងទ័ពនឹងមិនធ្វើប្រតិបត្តិការនៅក្នុងផ្ទះប៉ាឡេស្ទីនដែលកំពុងត្រូវបានអ្នកតាំងលំនៅឡោមព័ទ្ធនោះទេ។ IDF ក៏បានបញ្ជាក់ថា មន្ត្រីទំនាក់ទំនងរបស់អ៊ីស្រាអែលកំពុងបន្តទាក់ទងជាមួយថ្នាក់ដឹកនាំមូលដ្ឋាន Qusra ដើម្បីព្យាយាមកាត់បន្ថយការរំខានដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជន។

លោក Qusay Abu Ridi ដែលជាសមាជិកគ្រួសារមួយក្នុងចំណោមគ្រួសារប៉ាឡេស្ទីនដែលកំពុងជាប់ក្នុងស្ថានភាពនេះ បានប្រាប់ BBC ថា ផ្ទះរបស់ពួកគេត្រូវបានវាយប្រហារម្តងទៀតពេញមួយយប់ ហើយអ្នកតាំងលំនៅមួយចំនួននៅតែស្ថិតនៅក្នុងតំបន់ ដោយព្យាយាមលាក់ខ្លួនពីកងទ័ព។

សមាជិកគ្រួសាររបស់លោកម្នាក់ ដែលជាម្ចាស់កម្មសិទ្ធិ និងជាអ្នកជំនួញប៉ាឡេស្ទីន-អាមេរិក បានដាក់ពាក្យបណ្តឹងទៅស្ថានទូតអាមេរិក។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល លោក Mike Huckabee បានថ្កោលទោសការបំភិតបំភ័យលើគ្រួសារនៅ Qusra ដោយចាត់ទុកសកម្មភាពរបស់អ្នកដែលពាក់ព័ន្ធថាជារឿងគួរឱ្យស្អប់ខ្ពើម និងគ្មានហេតុផលអាចលើកលែងបាន។

ស្ថានការណ៍នៅ Qusra បានចាប់ផ្តើមកាន់តែតានតឹងចាប់ពីថ្ងៃអាទិត្យ នៅពេលអ្នកតាំងលំនៅបានរារាំងផ្លូវទៅកាន់ច្រកទ្វារផ្ទះរបស់គ្រួសារប៉ាឡេស្ទីន និងកាត់ផ្តាច់ទឹក និងអគ្គិសនី។ កាលពីថ្ងៃពុធ ការប៉ុនប៉ងរបស់កងកម្លាំងសន្តិសុខអ៊ីស្រាអែលដើម្បីបំបែកអ្នកតាំងលំនៅ បាននាំឱ្យមានការប្រឈមមុខដាក់គ្នាជាមួយក្រុមអ្នកតាំងលំនៅមួយចំនួនធំ។

វីដេអូកាមេរ៉ាសុវត្ថិភាពរបស់ប៉ាឡេស្ទីនដែលបានចែករំលែកជាមួយ BBC បានបង្ហាញការប្រឈមមុខគ្នារវាងទាហានអ៊ីស្រាអែល ប៉ូលិសព្រំដែន និងហ្វូងអ្នកតាំងលំនៅ។ កងកម្លាំងសន្តិសុខបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃ ដើម្បីគ្រប់គ្រងស្ថានការណ៍។ វីដេអូមួយផ្សេងទៀតក៏បង្ហាញថា កងកម្លាំងអ៊ីស្រាអែលបានរឹបអូសទីតាំងមួយនៅលើដំបូលដែលអ្នកតាំងលំនៅកំពុងជ្រកកោន ខណៈឧបករណ៍មួយចំនួនផ្សេងទៀតត្រូវបានទុកចោល។ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា តើអ្នកតាំងលំនៅដែលកំពុងឡោមព័ទ្ធផ្ទះនៅ Qusra មានគោលបំណងអ្វីជាក់លាក់នោះទេ។ ទោះជាយ៉ាងណា អ្នកស្រុកបានលើកឡើងថា ករណីនេះស្រដៀងនឹងហេតុការណ៍មុនៗ ដែលអ្នកតាំងលំនៅត្រូវបានចោទថាបានបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យចាកចេញពីផ្ទះ និងដីរបស់ពួកគេ។

 

អភិបាលក្រុង Qusra បានប្រាប់ទីភ្នាក់ងារBBC ថា អ្នកស្រុកមើលឃើញ «គំរូច្បាស់លាស់ និងបន្តបន្ទាប់» នៃការកំណត់គោលដៅលើភូមិរបស់ពួកគេ។ កាលពីខែមុន វិហារអ៊ីស្លាមមួយដែលទើបសាងសង់រួច ត្រូវបានដុតបំផ្លាញ ហើយមានស្លាកសរសេរជាភាសាហេប្រឺត្រូវបានគូរនៅក្បែរនោះ។ ករណីនេះស្ថិតក្នុងចំណោមហេតុការណ៍ជាច្រើនដែលកើតឡើងនៅក្នុងតំបន់។ នៅក្នុងខែកក្កដា អ្នកតាំងលំនៅក៏ត្រូវបានរាយការណ៍ថា បានឡោមព័ទ្ធផ្ទះប៉ាឡេស្ទីនមួយចំនួននៅភូមិ Jalud អស់រយៈពេលជាងពីរសប្តាហ៍។ ក្រោយមក ម្ចាស់ផ្ទះបានចាកចេញ ហើយអ្នកតាំងលំនៅបានកាន់កាប់ទ្រព្យសម្បត្តិដែលនៅសេសសល់។ ករណីទាំងនេះបានបង្កការព្រួយបារម្ភកាន់តែខ្លាំងអំពីការកើនឡើងនៃអំពើហិង្សារបស់អ្នកតាំងលំនៅ និងការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank។

យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ ប្រជាជនប៉ាឡេស្ទីនចំនួន៧៦នាក់ ក្នុងនោះមានកុមារ១៨នាក់ ត្រូវបានសម្លាប់នៅតំបន់ West Bank ក្នុងឆ្នាំនេះ ដោយកងកម្លាំង ឬអ្នកតាំងលំនៅអ៊ីស្រាអែល។ ក្នុងរយៈពេលដូចគ្នា ជនជាតិអ៊ីស្រាអែល៣នាក់ រួមមានជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយប៉ាឡេស្ទីន ឬក្នុងការវាយប្រហារដែលត្រូវបានចោទថាធ្វើឡើងដោយប៉ាឡេស្ទីននៅ West Bank។

អង្គការសហប្រជាជាតិបានឱ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ២០២៣ សហគមន៍ប៉ាឡេស្ទីនចំនួន១២៧នៅ West Bank បានជួបប្រទះការផ្លាស់ទីលំនៅពេញលេញ ឬដោយផ្នែក។ ក្នុងចំណោមនោះ សហគមន៍ចំនួន៤៧ត្រូវបានផ្លាស់ទីលំនៅទាំងស្រុង ដែលប៉ះពាល់ដល់ប្រជាជនប៉ាឡេស្ទីនជាង៦,៣៩០នាក់។ សម្រាប់ឆ្នាំ២០២៦ អង្គការសហប្រជាជាតិបានកត់ត្រាថា ប្រជាជនប៉ាឡេស្ទីនប្រមាណ៣,៨០០នាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារអំពើហិង្សារបស់អ្នកតាំងលំនៅ ការរុះរើ និងការបណ្តេញចេញ ហើយជិតពាក់កណ្តាលនៃអ្នកដែលរងផលប៉ះពាល់គឺជាកុមារ។

ទោះមានការរិះគន់ពីសហគមន៍អន្តរជាតិចំពោះការពង្រីកការតាំងទីលំនៅក៏ដោយ អ៊ីស្រាអែលបានបដិសេធថា ការតាំងទីលំនៅជាឧបសគ្គដល់សន្តិភាព។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បានការពារជំហររបស់អ៊ីស្រាអែល ដោយអះអាងថា ប្រទេសរបស់លោកមានសិទ្ធិប្រវត្តិសាស្ត្រ និងស្របច្បាប់លើដែនដីនេះ។ លោកបានបញ្ជាក់ថា អ៊ីស្រាអែលនឹងមិនបោះបង់ការតាំងទីលំនៅរបស់ខ្លួនឡើយ ដោយនិយាយថា ទីតាំងទាំងនោះនឹងនៅតែមាន និងបន្តរីកចម្រើន។

ករណីនៅ Qusra កំពុងបង្ហាញពីភាពតានតឹងកាន់តែខ្លាំងនៅ West Bank ដែលប្រជាជនប៉ាឡេស្ទីន និងអ្នកតាំងលំនៅអ៊ីស្រាអែលរស់នៅក្បែរគ្នា ខណៈការចោទប្រកាន់អំពីការបំភិតបំភ័យ ការបណ្តេញចេញ និងអំពើហិង្សានៅតែបន្តកើតមាន។ ស្ថានការណ៍នេះក៏កំពុងបង្កើនសម្ពាធលើអាជ្ញាធរអ៊ីស្រាអែលឱ្យចាត់វិធានការកាន់តែខ្លាំង ដើម្បីទប់ស្កាត់អំពើហិង្សារបស់អ្នកតាំងលំនៅ និងការពារប្រជាជនស៊ីវិលនៅក្នុងតំបន់។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC