កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានអំពាវនាវជាថ្មីឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្តពន្លឿនការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលិស្ទីគ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងកៀវពេញមួយយប់ បានសម្លាប់មនុស្សយ៉ាងតិច ១៧នាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់ទៀតរងរបួស។
លោក ហ្សេលេនស្គី បានស្តីបន្ទោសដៃគូសម្ព័ន្ធមិត្តថា ការផ្តល់ជំនួយផ្នែកការពារដែនអាកាសនៅមានភាពយឺតយ៉ាវ ខណៈអ៊ុយក្រែនមិនអាចស្ទាក់ចាប់មីស៊ីលបាលិស្ទីគរបស់រុស្ស៊ីដែលបានបាញ់ប្រហារមកលើរដ្ឋធានីកៀវបានឡើយ។ តាមទិន្នន័យបឋមពីកងទ័ពអាកាសអ៊ុយក្រែន ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៩៨គ្រឿង ក្នុងចំណោមដ្រូនសរុប ១១៥គ្រឿង ដែលរុស្ស៊ីបានបាញ់មកកាន់ប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលយប់។ ទោះជាយ៉ាងណា អ៊ុយក្រែនមិនអាចស្ទាក់ចាប់មីស៊ីលបាលិស្ទីគដែលត្រូវបានប្រើក្នុងការវាយប្រហារនោះបានទេ។

លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញសង្គមថា ប្រសិនបើអ៊ុយក្រែនមានប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលិស្ទីគគ្រប់គ្រាន់ នោះអាចជួយសង្គ្រោះជីវិតប្រជាពលរដ្ឋជាច្រើនដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារលើកនេះ។ លោកបានបញ្ជាក់ថា ការពន្យារពេលក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារទាំងនេះ ឬការខ្វះឆន្ទៈក្នុងការផ្តល់ជំនួយ គឺជាកត្តាដែលនាំឱ្យមានការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ប្រធានាធិបតីអ៊ុយក្រែនក៏បានឱ្យដឹងផងដែរថា សហភាពអឺរ៉ុបគ្រោងនឹងអនុវត្តកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ព្រមទាំងបន្តពង្រឹងការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះអាចការពារខ្លួន និងការពារប្រជាពលរដ្ឋរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព។ អភិបាលក្រុងកៀវ លោក វីតាលី គ្លីតស្កូ (Vitali Klitschko) បាននិយាយថា ក្រុមសង្គ្រោះជឿថា នៅតែមានមនុស្សជាប់ក្រោមគំនរបាក់បែកនៃអគារដែលរងការវាយប្រហារ។ ក្រុមជួយសង្គ្រោះបានទាញមនុស្សពីរនាក់ចេញពីគំនរបាក់បែកនៃឃ្លាំងមួយនៅក្បែរកណ្តាលទីក្រុង ខណៈអ្នកបើកបររថយន្តសង្គ្រោះក៏ស្ថិតក្នុងចំណោមអ្នករងរបួសដែរ។ លោកបានបន្ថែមថា មនុស្សបួននាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ការវាយប្រហារនេះក៏បានបង្កឱ្យឃ្លាំង និងកន្លែងស្តុកទំនិញជាច្រើនត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លើងដ៏ធំមួយបានឆាបឆេះនៅជាយក្រុងកៀវ ខណៈកម្ទេចកម្ទីមីស៊ីលបានធ្លាក់នៅក្បែរអគារលំនៅឋានមួយ បង្កឱ្យមានការខូចខាតបន្ថែម។ លោកស្រី ណាតាលីយ៉ា រ៉េអ៊ុតស្កា (Natalia Reutska) អ្នករស់នៅទីក្រុងកៀវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា យប់នៃការវាយប្រហារនេះគឺជាបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចបំផុតមួយ។ លោកស្រីបាននិយាយថា ប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពមិនដឹងថា ថ្ងៃបន្ទាប់ពួកគេនឹងនៅមានជីវិតឬអត់ ដែលធ្វើឱ្យមនុស្សគ្រប់គ្នារស់នៅដោយភាពភ័យខ្លាចជានិច្ច។
ក្រៅពីតំបន់លំនៅឋាន ការវាយប្រហាររបស់រុស្ស៊ីក៏បានបំផ្លាញមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន Epicentr ដែលជាខ្សែសង្វាក់លក់រាយ និងសម្ភារកែលម្អគេហដ្ឋានដ៏ធំបំផុតមួយរបស់អ៊ុយក្រែន។ ក្រុមហ៊ុនបានឱ្យដឹងថា មជ្ឈមណ្ឌលភស្តុភារសំខាន់ពីរកន្លែង និងរោងចក្រមួយ ត្រូវបានបំផ្លាញក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ទីក្រុង Kramatorsk ដែលស្ថិតនៅតំបន់ Donetsk ភាគខាងកើត នៅតែជាទីក្រុងធំមួយដែលរុស្ស៊ីមិនទាន់អាចដណ្តើមបាន ប៉ុន្តែកងកម្លាំងរបស់ទីក្រុងមូស្គូកំពុងខិតជិតតំបន់នោះកាន់តែខ្លាំង។ ជាការឆ្លើយតប កាលពីថ្ងៃអង្គារ អ៊ុយក្រែនបានបើកការវាយប្រហារលើមជ្ឈមណ្ឌលភស្តុភាររបស់រុស្ស៊ី ដែលប្រើសម្រាប់បម្រើឱ្យក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណិត Wildberries ដោយបន្ថែមទៅលើការវាយប្រហារជាច្រើនលើគោលដៅភស្តុភាររបស់រុស្ស៊ីដែលអ៊ុយក្រែនបានអនុវត្តក្នុងរយៈពេលកន្លងមក។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ The Guardian