[វ៉ាស៊ីនតោន]៖ សហរដ្ឋអាមេរិកនៅតែបន្តជំរុញកិច្ចពិភាក្សាស្តីពីការអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួមផលិតមីស៊ីលស្ទាក់ចាប់ Patriot ដែលទីក្រុងកៀវកំពុងត្រូវការជាបន្ទាន់ ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញការសង្ស័យចំពោះគម្រោងនេះក៏ដោយ។ ប្រភពចំនួនបួនដែលដឹងពីកិច្ចពិភាក្សាបានឱ្យដឹងថា ជម្រើសមួយដែលកំពុងត្រូវបានពិចារណា គឺអនុញ្ញាតឱ្យអ៊ុយក្រែនផលិតសមាសធាតុមួយចំនួននៃមីស៊ីល Patriot នៅក្នុងប្រទេសរបស់ខ្លួន មុននឹងបញ្ជូនទៅប្រទេសអឺរ៉ុបសម្រាប់ការដំឡើងចុងក្រោយ។ ប្រភពដដែលបានបញ្ជាក់ថា ទីក្រុងកៀវកំពុងស្វែងរកមីស៊ីល PAC-3 បន្ថែម ដែលជាជំនាន់ទំនើបបំផុតរបស់ប្រព័ន្ធ Patriot និងជាអាវុធមួយក្នុងចំណោមអាវុធតិចតួចដែលអាចស្ទាក់បំផ្លាញមីស៊ីលផ្លោងរបស់រុស្ស៊ីបាន។
កាលពីថ្ងៃទី១ ខែសីហា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថា ប្រទេសរបស់លោកបានអស់មីស៊ីលស្ទាក់ចាប់ Patriot ហើយក្នុងថ្ងៃនោះ អ៊ុយក្រែនអាចស្ទាក់បាញ់ទម្លាក់បានត្រឹម ២៧ គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមមីស៊ីលផ្លោងដែលរុស្ស៊ីបានបាញ់មក។ ក្នុងជំនួបមួយនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីខែកក្កដា លោក ត្រាំ ធ្លាប់បានលើកឡើងថា សហរដ្ឋអាមេរិកនឹងផ្តល់អាជ្ញាបណ្ណឱ្យអ៊ុយក្រែនផលិតមីស៊ីល PAC-3 ដើម្បីពង្រឹងសមត្ថភាពការពាររបស់ទីក្រុងកៀវ។

ទោះជាយ៉ាងណា កាលពីសប្តាហ៍មុន លោក ត្រាំ បានបង្ហាញជំហរខុសពីមុន បន្ទាប់ពីជំនួបដែលប្រភពពីរពិពណ៌នាថា មានភាពតានតឹងជាមួយលោក ហ្សេលេនស្គី នៅសេតវិមាន។ លោកបានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកមិនទាន់យល់ព្រមឱ្យអ៊ុយក្រែនផលិតមីស៊ីល Patriot ទេ ហើយចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការអនុញ្ញាតឱ្យប្រទេសផ្សេងផលិតបច្ចេកវិទ្យាយោធាបែបនេះ។
ការអំពាវនាវរបស់អ៊ុយក្រែនឱ្យអាចផលិតមីស៊ីលស្ទាក់ចាប់ Patriot ក្នុងស្រុក ត្រូវបានរដ្ឋបាលទីក្រុងវ៉ាស៊ីនតោនពន្យារពេល ដោយសារក្តីបារម្ភផ្នែកសន្តិសុខ ដែលត្រូវបានលើកឡើងដោយមន្ត្រីយោធា និងអ្នកដឹកនាំឧស្សាហកម្មការពារជាតិអាមេរិក។ យោងតាមប្រភពបីរូប លោក Matthew Whitaker បេសកជនសហរដ្ឋអាមេរិកប្រចាំអង្គការ NATO កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយ។ លោកបានធ្វើដំណើរទៅកាន់ទីក្រុងកៀវកាលពីខែកក្កដា ដើម្បីពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែន និងតំណាងឧស្សាហកម្មអាវុធ អំពីជម្រើសនានាសម្រាប់ការផលិតមីស៊ីល Patriot។
ប្រភពទាំងបួនបានបញ្ជាក់ថា មិនមានការបញ្ជាឱ្យផ្អាកកិច្ចពិភាក្សានោះទេ ហើយការចរចានៅតែបន្តជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក មន្ត្រីយោធា និងភាគីពាក់ព័ន្ធផ្សេងៗ។ ទោះជាយ៉ាងណា សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះ។ ក្នុងចំណោមជម្រើសដែលកំពុងពិចារណា មានការផលិតសមាសធាតុ Patriot នៅអ៊ុយក្រែន រួចបញ្ជូនទៅប្រទេសអាល្លឺម៉ង់សម្រាប់ការដំឡើងចុងក្រោយ ការបញ្ចូលអ៊ុយក្រែនទៅក្នុងកម្មវិធីផលិតមីស៊ីល Patriot រួមរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប និងការអនុញ្ញាតឱ្យទីក្រុងកៀវផលិតកំណែ PAC-3 ដែលមានតម្លៃទាបជាង។
អ្នកនាំពាក្យរបស់លោក Whitaker បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងកៀវ គឺដើម្បីស្វែងរកឱកាសសហប្រតិបត្តិការលើបច្ចេកវិទ្យាយោធាថ្មីៗ ដូចជាដ្រូន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់កងទ័ពអាមេរិក និងអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ដោយផ្ទាល់អំពីគម្រោង Patriot នោះទេ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្វែងរកផ្លូវជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិនាពេលអនាគតជាមួយអ៊ុយក្រែន ប៉ុន្តែបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងណាមួយត្រូវតែធានាការការពារបច្ចេកវិទ្យាយោធារបស់សហរដ្ឋអាមេរិកជាចម្បង។ ការផ្លាស់ប្តូរជំហររបស់លោក ត្រាំ លើគម្រោង Patriot បានធ្វើឱ្យមន្ត្រីជាច្រើនមានការភ្ញាក់ផ្អើល រួមទាំងលោក ហ្សេលេនស្គី ផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនបានបន្តជំរុញឱ្យសហរដ្ឋអាមេរិកគាំទ្រការពង្រឹងសមត្ថភាពការពារអាកាសរបស់ប្រទេសលោក តាមរយៈការពិភាក្សាជាបន្តបន្ទាប់ជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលបានធានាថា ការយល់ព្រមរវាងមេដឹកនាំទាំងពីរនឹងត្រូវបានគោរព។ ប្រភពបានឱ្យដឹងថា ជម្រើសមួយដែលអាចអនុវត្តបាន គឺការផលិតសមាសធាតុនៅអ៊ុយក្រែន និងការដំឡើងនៅប្រទេសអាល្លឺម៉ង់ ខណៈប្រព័ន្ធ Patriot ជំនាន់ចាស់ត្រូវបានផលិតនៅទីនោះរួចហើយ ហើយ PAC-3 ជំនាន់ថ្មីក៏ត្រូវបានរំពឹងថានឹងផលិតនៅអាល្លឺម៉ង់ដែរ។
ប្រភពក៏បានបញ្ជាក់ថា អ៊ុយក្រែនអាចចូលរួមក្នុងកម្មវិធីផលិតមីស៊ីល PAC-3 Adapted Capability Effector (ACE) ដែលមានតម្លៃទាបជាង និងត្រូវបានក្រុមហ៊ុន Lockheed Martin ប្រកាសកាលពីខែកក្កដា។ ទោះបីជាមានកិច្ចព្រមព្រៀងផលិតក៏ដោយ អ៊ុយក្រែនទំនងជាត្រូវរង់ចាំយ៉ាងហោចណាស់មួយឆ្នាំ ឬច្រើនជាងនេះ ទើបទទួលបានមីស៊ីលថ្មី ខណៈតម្រូវការបន្ទាន់នៅតែត្រូវពឹងផ្អែកលើការផ្ទេរមីស៊ីលពីសម្ព័ន្ធមិត្ត។ អតីតឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក លោកស្រី Olha Stefanishyna បាននិយាយថា ទីក្រុងកៀវកំពុងស្វែងរកការទិញមីស៊ីល PAC-3 រយៈពេលវែង និងកំពុងសម្របសម្រួលការដឹកជញ្ជូនជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីទទួលបានអាវុធទាំងនេះឱ្យបានឆាប់។ លោកស្រីក៏បានបញ្ជាក់ថា ក្រុមហ៊ុន Lockheed Martin កំពុងត្រៀមបញ្ជូនក្រុមការងារទៅអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។
មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ថា ការផ្តល់អាជ្ញាបណ្ណផលិតអាវុធអាមេរិកនៅអឺរ៉ុប កំពុងក្លាយជាប្រធានបទពិភាក្សាសំខាន់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ បានបង្ហាញពីការខ្វះខាតស្តុកអាវុធរបស់អឺរ៉ុប។ ទោះជាយ៉ាងណា លោកបានព្រមានថា ការបង្កើតខ្សែផលិតកម្មថ្មីមិនមែនអាចធ្វើបានភ្លាមៗនោះទេ ដោយជាធម្មតាត្រូវចំណាយពេលពី ៣ ទៅ ៧ ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងអាជ្ញាបណ្ណត្រូវបានចុះហត្ថលេខា។ ជាមួយនឹងការថយចុះនៃស្តុកមីស៊ីលកម្រិតខ្ពស់នៅលើពិភពលោក បន្ទាប់ពីភាពតានតឹងនៅមជ្ឈិមបូព៌ា អ៊ុយក្រែនសង្ឃឹមថា កិច្ចព្រមព្រៀងផលិតកម្មនេះ នឹងអាចជួយឱ្យខ្លួនកសាងសមត្ថភាពផលិតអាវុធ និងស្តុកមីស៊ីលការពារអាកាសឡើងវិញក្នុងរយៈពេលវែង។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ The Straits Times