[ប្រទេសម៉ារ៉ុក]៖ បរិយាកាសនា រាត្រីគ្មានការងងុយដេកបានគ្របដណ្ដប់លើតំបន់ព្រំដែនជិតទីក្រុង Ceuta នៃប្រទេសអេស្ប៉ាញ ខណៈដែលភ្លើងពិលនៃក្រុមជនចំណាកស្រុកបានបំភ្លឺចែងចាំងពេញផ្ទៃងងឹត។ ជនចំណាកស្រុករាប់ពាន់នាក់បានសម្រុកចូលមកកាន់ទីក្រុង Fnideq ប្រទេសម៉ារ៉ុក ដែលស្ថិតនៅក្បែរព្រំដែនទីក្រុង Ceuta ពេញមួយយប់ ទោះបីជាមានការបម្រុងប្រុងប្រយ័ត្ន និងរឹតបន្តឹងកងកម្លាំងសន្តិសុខយ៉ាងខ្លាំងក្លា ដែលបានរារាំងការប៉ុនប៉ងភាគច្រើនក្នុងការចូលទៅកាន់ទឹកដីអេស្ប៉ាញក៏ដោយ។

តាមការបញ្ជាក់ពីទូរទស្សន៍រដ្ឋអេស្ប៉ាញ TVE បានឱ្យដឹងថា មនុស្សចន្លោះពី ២.០០០ ទៅ ៣.០០០ នាក់ បានឆ្លងដែនចូលទៅដល់ទីក្រុង Ceuta កាលពីថ្ងៃព្រហស្បតិ៍។ អ្នកស្រុកនៅ Fnideq បានកត់សម្គាល់ថា ភាគច្រើននៃអ្នកដែលឆ្លងផុតដោយជោគជ័យ គឺបានធ្វើដំណើរកាលពីមុនពេលថ្ងៃត្រង់។ គួររំលឹកថា ទីក្រុង Ceuta ព្រមទាំងទីក្រុង Melilla (ដែនដីស្វយ័តមួយទៀតរបស់អេស្ប៉ាញនៅភាគខាងជើងម៉ារ៉ុក) គឺជាព្រំដែនគោកតែមួយគត់របស់សហភាពអឺរ៉ុបជាប់នឹងទ្វីបអាហ្វ្រិក ដែលតែងតែជួបប្រទះការកើនឡើងនូវការប៉ុនប៉ងឆ្លងដែនពីសំណាក់ជនចំណាកស្រុកដែលស្វែងរកជីវិតថ្មីនៅអឺរ៉ុប។

អេស្ប៉ាញបានសម្រេចបញ្ជូនកងកម្លាំងយោធា និងប៉ូលីសបន្ថែមទៅកាន់ទីក្រុង Ceuta បន្ទាប់ពីមានភាពវឹកវរ ខណៈដែលអាជ្ញាធរតំបន់ព្រំដែនបានរាយការណ៍ថា គេបានរកឃើញសាកសពចំនួន ៩ នាក់។ ទោះបីជាច្រកទ្វារព្រំដែនត្រូវបិទជិតយ៉ាងណាក៏ដោយ ក៏ក្រុមជនចំណាកស្រុកនៅតែព្យាយាមផ្លាស់ទីតាមបណ្តោយឆ្នេរសមុទ្រ ដើម្បីស្វែងរកប្រហោងជុំវិញរបង ហើយអ្នកខ្លះទៀតថែមទាំងត្រៀមខ្លួនហែលទឹកឆ្លងទៀតផង។

លោក Brahim អាយុ ៣២ ឆ្នាំ (ដែលបានប្រាប់ត្រឹមឈ្មោះតែមួយ) បានរៀបរាប់ថា លោកបានធ្វើដំណើរមកពីទីក្រុង Tangier ដោយសង្ឃឹមថានឹងឆ្លងតាមច្រកទ្វារ ប៉ុន្តែបែរជាជួបច្រកបិទជិតយ៉ាងត្រឹមត្រូវទៅវិញ។ ក្នុងចំណោមមនុស្សប្រមាណ ៨៥.០០០ នាក់ដែលមានបំណងឆ្លងដែននោះ មានទាំងស្ត្រី កុមារ និងជនជាតិម៉ារ៉ុក ព្រមទាំងជនចំណាកស្រុកមកពីតំបន់អាហ្វ្រិកស៊ូដង់ផងដែរ។

អាជ្ញាធរម៉ារ៉ុកបានដាក់ពង្រាយរថយន្តបាញ់ទឹក និងពង្រឹងសន្តិសុខនៅតាមច្រកឆ្លងកាត់ ដោយបានវាយរុញច្រានក្រុមជនចំណាកស្រុកជាច្រើនលើកច្រើនសារ។ សាក្សីរបស់ភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា នៅជិតនោះ គេឃើញមានសំណល់រថយន្តក្រុង និងរថយន្តចំនួន ៧ គ្រឿងដែលត្រូវបានបន្សល់ទុក បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាវរវាងអាជ្ញាធរ និងហ្វូងមនុស្ស។

ជនចំណាកស្រុកម្នាក់ទៀតបានរៀបរាប់ទាំងតក់ស្លុតថា រូបគេត្រូវបានជាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងអំឡុងពេលប៉ុនប៉ងឆ្លងព្រំដែន ខ្ញុំភ័យខ្លាចបាត់បង់ជីវិតណាស់ លោកបានពិពណ៌នាអំពីទិដ្ឋភាពដ៏ច្របូកច្របល់ ដែលមនុស្សម្នាច្រាន និងជាន់លើគ្នានៅតាមឆ្នេរសមុទ្រដ៏ចង្អៀត។ ចរាចរណ៍ត្រូវកកស្ទះយ៉ាងខ្លាំងនៅផ្លូវចូលទៅកាន់ទីក្រុង Fnideq ដោយសារជនចំណាកស្រុក រួមទាំងអនីតិជនផងដែរ នៅតែបន្តហូរចូលមកកាន់តែច្រើន។ អ្នកខ្លះបានដើរតាមបណ្តោយផ្លូវល្បឿនលឿនចូលមកក្នុងទីក្រុងទាំងយប់ជ្រៅ ខណៈអ្នកខ្លះទៀតជ្រើសរើសផ្លូវឡើងភ្នំ ដើម្បីគេចចេញពីប៉ុស្តិ៍ត្រួតពិនិត្យ។ កងកម្លាំងសន្តិសុខបានបន្តរារាំង និងបង្វែរទិសដៅមនុស្សដែលប្រញាប់ប្រញាល់សម្រុកមកច្រកឆ្លងកាត់នៅពេលយប់ ប៉ុន្តែក្រុមជនចំណាកស្រុកនៅតែបន្តប្រមូលផ្តុំគ្នាសារជាថ្មីនៅលើផ្លូវ លើភ្នំ និងតាមទីធ្លាបើកចំហរទូទាំងទីក្រុង។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលសង្គមនិយមអេស្ប៉ាញ មានគោលជំហរគាំទ្រជនចំណាកស្រុកលេចធ្លោជាងគេនៅអឺរ៉ុប ដោយថ្មីៗនេះបានចាប់ផ្តើមកម្មវិធីផ្តល់ស្ថានភាពស្របច្បាប់ដល់ជនចំណាកស្រុកគ្មានឯកសារប្រមាណ ៥០០.០០០ នាក់ ដែលធ្វើឱ្យចំនួនពាក្យសុំកើនឡើងទ្វេដង។ នៅព្រឹកព្រលឹមថ្ងៃសុក្រ Fatima Mahli អាយុ ២៣ ឆ្នាំ បានអង្គុយជាមួយកូនស្រីពីរនាក់នៅលើស្មៅក្បែរផ្លូវទៅកាន់ច្រកឆ្លងកាត់។ ស្ត្រីរូបនេះដែលមកពីទីក្រុង Tetouan (ភាគខាងជើងម៉ារ៉ុក) បាននិយាយថា ប្តីរបស់នាងបានចាកចេញតាំងពីមុនភ្លឺ ដើម្បីព្យាយាមហែលទឹកទៅកាន់ទីក្រុង Ceuta។ នាងបានរៀបរាប់ទាំងអស់សង្ឃឹមថា ខ្ញុំធ្លាប់គិតថា ពួកយើងអាចដើរឆ្លងព្រំដែនបាន។ ប៉ុន្តែឥឡូវនេះពួកយើងជាប់គាំងនៅទីនេះ ហើយក៏មិនអាចត្រឡប់ទៅផ្ទះវិញបានដែរ។ ខ្ញុំសង្ឃឹមថានឹងបានឆ្លងដែនជាលក្ខណៈគ្រួសារ ប៉ុន្តែប្តីខ្ញុំបានភ្ញាក់ពីព្រលឹម ហើយហែលទឹកទៅមុនបាត់ទៅហើយ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters