អ្នកពន្លត់អគ្គីភ័យជនជាតិក្រិកចំនួន ៣នាក់បានពលីជីវិត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើកោះ ក្រេត (Crete) និងតំបន់ ប៉េឡូប៉ូនែស។ នៅឯកោះ Crete ខ្យល់ព្យុះបក់បោកខ្លាំងបានរុញច្រានអណ្តាតភ្លើងឱ្យរាលដាលយ៉ាងលឿន បង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនចេញពីភូមិជាច្រើនជាបន្ទាន់។ ក្នុងនោះ អ្នកពន្លត់អគ្គីភ័យ ២នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជាប់គាំងកណ្តាលអណ្តាតភ្លើងដែលបក់បោកកាត់តំបន់ រ៉េធីមណូ ភាគខាងលិចនៃកោះ។ ចំណែកអ្នកពន្លត់អគ្គីភ័យម្នាក់ទៀត ត្រូវបានគេរកឃើញថាសន្លប់ និងបានស្លាប់នៅជិតទីក្រុងកំពង់ផែ ហ្គីធីអូ ស្ថិតក្នុងខេត្ត Peloponnese ភាគខាងត្បូង។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ភ្លើងឆេះព្រៃជាច្រើនកន្លែងបានផ្ទុះឡើងនៅលើកោះ Crete និងរាលដាលយ៉ាងរហ័ស ដោយមុខព្រួញភ្លើងដែលអាក្រក់បំផុតនោះមានប្រវែងរហូតដល់ ១៥គីឡូម៉ែត្រ។ អ្នកស្រុក និងអ្នកទេសចរត្រូវបានជម្លៀសចេញពីភូមិនៅលើភ្នំឈ្មោះ គ្រីយ៉ា វ៉្រីស៊ី ដែលជាកន្លែងអ្នកពន្លត់អគ្គីភ័យទាំង ២នាក់បានពលីជីវិត។ អ្នកស្រុកម្នាក់ឈ្មោះ គ្រីស ហ្គូយ៉ាគី បានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថា កម្លាំងខ្យល់បក់បោកខ្លាំងរហូតដល់ថ្នាក់មិនអាចទ្រាំទ្របានឡើយ ឯអណ្តាតភ្លើងវិញមានទំហំធំសម្បើមគួរឱ្យភ័យខ្លាចជាពន់ពេក។ ក្រៅពីនេះ ភ្លើងឆេះព្រៃក៏បានឆាបឆេះនៅតំបន់ផ្សេងទៀតក្នុងប្រទេសក្រិក រួមមានលើកោះប៉ារ៉ូស កោះលេសបូសក្នុងសមុទ្រ អេជីអាន និងទីប្រជុំជន ត្រ៊ីហ្វីលីយ៉ាភាគខាងត្បូងដីគោក។

ទន្ទឹមនឹងនេះ រលកកំដៅទី៤ នៃរដូវក្តៅបាននិងកំពុងវាយប្រហារប្រទេសអេស្ប៉ាញ និងបារាំង ខណៈក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រឹងប្រែងរារាំងការផ្ទុះឡើងវិញនៃភ្លើងឆេះព្រៃធំៗដែលទើបតែគ្រប់គ្រងបាន។ នាយករដ្ឋមន្ត្រី លោក ប៉េដ្រូ សាន់ឆេស បានព្រមានថា រយៈពេល ១២ម៉ោងខាងមុខ នឹងជាពេលវេលាយ៉ាង ម៉ឺងម៉ាត់ និងកំណត់ជោគវាសនា ក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃនៅជិតរដ្ឋធានីម៉ាឌ្រីដ។ ផ្ទៃដី ជាង ៤៣.០០០ហិកតា ត្រូវបានបំផ្លាញនៅតំបន់ Burgohondo ក្នុងខេត្ត Avila (ប្រមាណ ១៥០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Madrid) ដែលព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជាអគ្គីភ័យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញ។ គិតសរុបក្នុងឆ្នាំនេះ ផ្ទៃដីជាង ២០៧.០០០ហិកតា ក្នុងប្រទេសអេស្ប៉ាញត្រូវបានផ្លាញដោយសារភ្លើងឆេះព្រៃ។

ទោះជាយ៉ាងណា អាជ្ញាធរបានអនុញ្ញាតឱ្យប្រជាជនរាប់ម៉ឺននាក់ត្រឡប់ទៅផ្ទះវិញ ក្នុងនោះរួមមានមនុស្ស ២៤.០០០នាក់នៅតំបន់ Madrid និងអ្នកស្រុកប្រមាណ ១.០០០នាក់នៅក្រុង Navas del Rey និង Chapinera។ ប៉ុន្តែនៅជ្រលងទន្លេ Tiétar មនុស្សប្រហែល ២.០០០នាក់ត្រូវបង្ខំចិត្តភៀសខ្លួន ដោយមានអ្នកស្ម័គ្រចិត្តជួយមើលថែនៅទីក្រុង Talavera de la Reina ហើយអគ្គីភ័យមួយកន្លែងទៀតនៅតែមិនទាន់អាចគ្រប់គ្រងបាននៅឡើយនៅតំបន់ Vall d'Uixó ភាគពាយ័ព្យនៃទីក្រុង Valencia។ ទន្ទឹមនឹងនេះ ស្ត្រីម្នាក់បានស្លាប់នៅមន្ទីរពេទ្យក្រុង Seville ដោយសាររបួសរលាកធ្ងន់ធ្ងរ ធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គីភ័យនៅ Almería កើនឡើងដល់ ១៤នាក់ (ក្នុងនោះមានជនជាតិអង់គ្លេស ប៊ែលហ្សិក អាមេរិក បារាំង និងអេស្ប៉ាញ)។

នៅភាគខាងត្បូងប្រទេសតួកគី ផ្លូវល្បឿនលឿនសំខាន់ដែលតភ្ជាប់ទីក្រុង Fethiye និង Antalya ត្រូវបានបិទ ហើយផ្នែកខ្លះនៃមន្ទីរពេទ្យក្នុងខេត្ត Muğla ត្រូវបានជម្លៀសចេញ។ រីឯនៅភាគខាងជើងប្រទេសព័រទុយហ្គាល់ (ស្រុក Vila Real) អណ្តាតភ្លើងប្រវែង ១គីឡូម៉ែត្រ កំពុងគំរាមកំហែងយ៉ាងកៀកទៅលើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងដេប៉ូឧស្ម័ននៅជិតទីក្រុង Valpaços។

 នៅភាគនិរតីនៃប្រទេសបារាំង អគ្គីភ័យដ៏ធំនៅក្នុងតំបន់ Gironde ស្ថិតក្នុងស្ថានភាព អាចរក្សាលំនឹងបាន នៅឡើយ ប៉ុន្តែមន្ត្រីព្រមានពីគ្រោះថ្នាក់នៃខ្យល់ស្ងួត និងសីតុណ្ហភាពដែលកើនឡើងដល់ ៤១អង្សាសេ។ លោកស្រី Blandine Sarrazin អភិបាលក្រុង Le Barp បានព្រមានថា ស្ថានភាពកាន់តែលំបាកទៅៗ ហើយគ្រប់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ តំបន់ Gironde និង Landes ស្ថិតក្នុងចំណោមនាយកដ្ឋានចំនួន ១៦ ដែលប្រកាសអាសន្នរលកកំដៅកម្រិត ពណ៌ទឹកក្រូច ដោយសេវាពន្លត់អគ្គីភ័យត្រូវដាក់ពង្រាយវិធានការពិសេសដើម្បីការពារទីតាំងយុទ្ធសាស្ត្រ ដែលជារោងចក្រផលិតសម្ភារៈគ្រោះថ្នាក់សម្រាប់មីស៊ីល និងរ៉ុក្កែតនៃឧស្សាហកម្មការពារជាតិ និងអវកាសបារាំង។

យោងតាមសេវាកម្មតាមដានការប្រែប្រួលអាកាសធាតុ Copernicus របស់អឺរ៉ុប ការប្រែប្រួលអាកាសធាតុកំពុងជំរុញឱ្យសីតុណ្ហភាពកើនឡើងនៅទូទាំងពិភពលោក ដោយទ្វីបអឺរ៉ុបគឺជាទ្វីបដែលឡើងកំដៅលឿនបំផុតលើសពីមធ្យមភាគសកល។ កត្តានេះកំពុងបង្កឱ្យមានរលកកំដៅរដូវក្តៅកាន់តែញឹកញាប់ បង្កើតសម្ពាធយ៉ាងធ្ងន់ធ្ងរលើការផ្គត់ផ្គង់ទឹក និងធ្វើឱ្យគ្រោះអគ្គីភ័យឆេះព្រៃកាន់តែមានភាពកាចសាហាវឡើងៗ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC