វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ ដែលទទួលបន្ទុកពង្រឹងឧស្សាហកម្មយន្តហោះដ្រូនក្នុងស្រុក បានទទួលស្គាល់ថា សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងដំណាក់កាលដំបូង និងជួបការលំបាកយ៉ាងខ្លាំងក្នុងការបង្កើនសមត្ថភាពផលិតកម្ម។ ទិន្នផលផលិតផលដ្រូនរបស់អាមេរិកនាពេលបច្ចុប្បន្ន នៅមានកម្រិតទាបខ្លាំងនៅឡើយ បើធៀបនឹងការផលិតរបស់អ៊ុយក្រែន ខណៈដែលរដ្ឋាភិបាលអាមេរិកបានដាក់ចេញនូវបទប្បញ្ញត្តិប្រកបដោយភាពតឹងរ៉ឹង ដោយតម្រូវឱ្យការផលិតដ្រូនទាំងអស់ត្រូវប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក។
លោក Travis Metz អនុប្រធាន និងជាប្រធានផ្នែកប្រតិបត្តិការនៃ អង្គភាពនវានុវត្តន៍ការពារជាតិ ដែលបានដឹកនាំកម្មវិធី Drone Dominance Program ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុន បានថ្លែងក្នុងបទសម្ភាសន៍មួយថា ប្រទេសអ៊ុយក្រែនមានសមត្ថភាពផលិតយន្តហោះដ្រូនវាយប្រហារខ្នាតតូចបានចន្លោះពី ៦ ទៅ ៧ លានគ្រឿងក្នុងមួយឆ្នាំ ឬប្រហែល ៥០០,០០០ គ្រឿងក្នុងមួយខែ។

ផ្ទុយទៅវិញ កម្មវិធីដែលមានទំហំថវិកា ១,១ ពាន់លានដុល្លាររបស់មន្ទីរបញ្ចកោណ អាចបញ្ជាទិញដ្រូនបានត្រឹមតែជិត ២០០,០០០ គ្រឿងប៉ុណ្ណោះ នៅក្នុងខែកុម្ភៈ។ លោក Metz បានពន្យល់ថា ការចាប់ផ្តើមផលិតពីចំណុចសូន្យរហូតដល់ ២០០,០០០ គ្រឿង គឺជាជំហានដ៏លំបាកបំផុត ប៉ុន្តែសមត្ថភាពនេះនឹងកើនឡើងជាលំដាប់ នៅពេលដែលរោងចក្រក្នុងស្រុកត្រូវបានបង្កើតឡើងពេញលេញ។ មន្ទីរបញ្ចកោណបានបង្កើនការរឹតបន្តឹងកាន់តែខ្លាំងលើការផលិតដ្រូនយោធា ដោយតម្រូវឱ្យប្រើប្រាស់គ្រឿងបន្លាស់ដែលផលិតនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។ យោងតាមក្របខ័ណ្ឌខ្សែសង្វាក់ផ្គត់ផ្គង់ដែលបានកែសម្រួល (ចេញផ្សាយថ្ងៃទី២៣ ខែកក្កដា) រដ្ឋាភិបាលបានកំណត់គោលដៅច្បាស់លាស់ក្នុងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ ប្រព័ន្ធយន្តហោះគ្មានមនុស្សបើកខ្នាតតូច ឱ្យបានក្នុងស្រុកទាំងស្រុង។
លោក Metz បានទទួលស្គាល់ថា ការស្វែងរកសមាសធាតុផលិត រួមទាំងបន្ទះឈីប នៅតែជាឧបសគ្គដ៏ធំបំផុតសម្រាប់អាមេរិក។ នៅក្នុងព្រឹត្តិការណ៍សាកល្បងនាខែសីហានេះ ដ្រូនមកពីក្រុមហ៊ុនទាំង ១៩ ដែលចូលរួមប្រកួតប្រជែង មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងបន្លាស់ហាមឃាត់ឡើយ ជាពិសេសម៉ូទ័រគ្មានកកិត ឬកញ្ចប់ថ្មដែលផលិតនៅប្រទេសចិន។ លក្ខខណ្ឌនេះមានភាពតឹងរ៉ឹងជាងដំណាក់កាលដំបូងរបស់កម្មវិធី ដែលលោក Metz បានប៉ាន់ស្មានថា ដ្រូនភាគច្រើនដែលទិញកាលពីមុនទំនងជាប្រើប្រាស់ម៉ូទ័រផលិតនៅចិន។

ទោះជាយ៉ាងណាក៏ដោយ លោក Metz នៅតែមានទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងអាចប្រកួតប្រជែងជាមួយឧស្សាហកម្មដ្រូនរបស់អ៊ុយក្រែនបាននាពេលអនាគត ដោយលោកបានបញ្ជាក់ថា ខ្ញុំមិនឃើញមានហេតុផលណាមួយ ដែលយើងមិនអាចក្លាយជាជើងឯកពិភពលោកលើវិស័យនេះនោះទេ។
ដើមបណ្តឹងនៃការបញ្ជាទិញនាពេលអនាគត តម្រូវឱ្យក្រុមហ៊ុនអ៊ុយក្រែនទាំង ៦ ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវគ្គតេស្ត Gauntlet II នៅខែក្រោយ នាបន្ទាយ Fort Carson រដ្ឋ Colorado ត្រូវបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនផលិតរបស់អាមេរិក។ ជាក់ស្តែង ក្រុមហ៊ុនអ៊ុយក្រែន F-Drones បានចាប់ដៃគូជាមួយក្រុមហ៊ុន Ukrainian Defense Drones ដែលមានមូលដ្ឋាននៅរដ្ឋ Ohio ហើយបានបើករោងចក្រនៅជិតក្រុង Toledo។ ក្រុមហ៊ុន General Cherry របស់អ៊ុយក្រែន បានព្រមព្រៀងបង្កើតក្រុមហ៊ុនរួមគ្នាជាមួយ Wilcox Industries នៅរដ្ឋ New Hampshire។
លោក Metz បានសង្កត់ធ្ងន់ថា ការតម្រូវឱ្យក្រុមហ៊ុនអ៊ុយក្រែនដែលប្រកួតប្រជែងក្នុងកម្មវិធី Gauntlet II ផ្ទេរមូលដ្ឋានផលិតកម្មមកកាន់សហរដ្ឋអាមេរិក គឺជាយុទ្ធសាស្ត្រដែលរៀបចំឡើងដើម្បីទាញយកបទពិសោធន៍ និងជំនាញពិតប្រាកដពីសមរភូមិរបស់អ៊ុយក្រែន មកបំប្លែងទៅជាសមត្ថភាពផលិតកម្មក្នុងស្រុករបស់អាមេរិក ដោយជៀសវាងការពឹងផ្អែកលើការនាំចូលពីបរទេស។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters