[សឹង្ហបុរី]៖ ចរាចរណ៍នាវាដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ ប៉ាប់ អែលម៉ង់ដិប (Bab el-Mandeb) បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមហ៊ូទី (Houthi) នៅប្រទេសយេម៉ែន បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីត តាមបណ្តោយឆ្នេរសមុទ្រក្រហម។ ជាមួយគ្នានេះ ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ហ័រមូស (Hormuz) ក៏បន្តស្ថិតក្នុងកម្រិតទាបនៅឡើយកាលពីចុងសប្តាហ៍ កន្លងទៅ នេះបើយោងតាមទិន្នន័យពីស្ថាប័ន Kpler ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
ទិន្នន័យដដែលបានបង្ហាញថា មាននាវាដឹកទំនិញតែ ១១ គ្រឿងប៉ុណ្ណោះបានឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb កាលពីថ្ងៃអាទិត្យ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនខែមកនេះ។ ការរំខានដល់ចរាចរណ៍ផ្លូវទឹកនៅសមុទ្រក្រហម កើតឡើងបន្ទាប់ពីក្រុមហ៊ូទីដែលមានអុីរ៉ង់នៅពីក្រោយ បានព្យាយាមរារាំងការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត ដែលទង្វើនេះបានធ្វើឱ្យជម្លោះរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់កាន់តែរីកធំឡើង ខណៈការផ្គត់ផ្គង់ប្រេងតាមច្រកសមុទ្រ Hormuz មានភាពរកាំរកូសរួចស្រាប់ទៅហើយ។

ផលប៉ះពាល់ពីការរំខាននេះ បានរុញច្រានឱ្យតម្លៃទំនិញប្រេងឆៅនៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាហ្វ្រិក ស្ទុះឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរខែកាលពីសប្តាហ៍មុន។ ក្នុងចំណោមនាវាទាំង ១១ គ្រឿងដែលបានឆ្លងកាត់ច្រក Bab el-Mandeb កាលពីថ្ងៃអាទិត្យ មាន ៧ គ្រឿងជានាវាដឹកប្រេង ដោយក្នុងនោះ ៣ គ្រឿងកំពុងបើកចូលទៅកាន់សមុទ្រក្រហម។ នាវា ២ គ្រឿងក្នុងចំណោមនោះ ជានាវាដឹកប្រេងឆៅទំហំធំ កំពុងធ្វើដំណើរទៅកាន់កំពង់ផែ Yanbu ដើម្បីផ្ទុកប្រេងឆៅអារ៉ាប៊ីសាអូឌីត ហើយនាវាទី៣ ជានាវាដែលមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។
ដោយឡែក នាវា ៤ គ្រឿងដែលបានចាកចេញពីសមុទ្រក្រហមកាលពីថ្ងៃអាទិត្យ រួមមាន នាវា New Explorer (ទង់ជាតិហុងកុង) ដឹកប្រេងឆៅអារ៉ាប៊ីសាអូឌីត ២ លានបារ៉ែល និងប្រេងឆៅអាល់រ៉ាប់រួម ឆ្ពោះទៅកាន់កំពង់ផែ Ningbo ភាគខាងកើតប្រទេសចិន។ នាវាដឹកប្រេងរុស្ស៊ី ដឹកប្រេងឆៅ ១ លានបារ៉ែល ឆ្ពោះទៅកាន់ប្រទេសចិន។ នាវាដឹកប្រេងអារ៉ាប៊ីសាអូឌីត ដឹកប្រេងឆៅប្រមាណ ៧៥០,០០០ បារ៉ែល ឆ្ពោះទៅកាន់ប្រទេសប៉ាគីស្ថាន។ លើសពីនេះ នាវា New Pearl ដែលមានទង់ជាតិហុងកុងមួយទៀត ដឹកប្រេងឆៅអារ៉ាប៊ីសាអូឌីត ២ លានបារ៉ែល ក៏កំពុងចាកចេញពីសមុទ្រក្រហមតាមច្រក Bab el-Mandeb ទៅកាន់កំពង់ផែ Zhoushan ភាគខាងកើតប្រទេសចិនផងដែរ។ នេះជានាវាចិនទី៤ ដែលបានចាកចេញ ចាប់តាំងពីក្រុមហ៊ូទីប្រកាសបិទផ្លូវនាវាចរណ៍មក។
តំណាងក្រុមហ៊ុន Associated Maritime Hong Kong ដែលជាអ្នកគ្រប់គ្រងនាវា New Explorer និង New Pearl មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ដោយសារជាម៉ោងសម្រាកការងារ។ កាលពីថ្ងៃសៅរ៍ លោក Yahya Saree អ្នកនាំពាក្យយោធាក្រុមហ៊ូទី បានថ្លែងថា កងកម្លាំងរបស់លោកបានវាយប្រហារលើទីតាំងក្រុមហ៊ុនប្រេងរដ្ឋ Aramco របស់អារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុង Jizan និង Yanbu។
ទិន្នន័យដដែលបានចង្អុលបង្ហាញថា មាននាវាដឹកទំនិញតិចជាង ១០ គ្រឿងប៉ុណ្ណោះបានឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងមួយថ្ងៃៗនាចុងសប្តាហ៍កន្លងទៅ ទោះបីជាសហរដ្ឋអាមេរិក និងអុីរ៉ង់បានផ្អាកការវាយប្រហារគ្នានៅតំបន់មជ្ឈិមបូព៌ាក៏ដោយ។ កាលពីថ្ងៃអាទិត្យ មាននាវាចំនួន ៧ គ្រឿងបានឆ្លងកាត់ រួមទាំងនាវាដឹកផលិតផលប្រេង ៣ គ្រឿងដែលមានទំនាក់ទំនងជាមួយអុីរ៉ង់ ដែលបានបើកចេញពីច្រកសមុទ្រនេះ។
កាលពីថ្ងៃសៅរ៍ មាននាវាត្រឹមតែ ៣ គ្រឿងប៉ុណ្ណោះបានឆ្លងកាត់ ដោយពួកគេបានបិទឧបករណ៍ប្រាប់ទីតាំង។ នាវាទាំងនោះរួមមាន នាវា VLCC ឆ្ពោះទៅកាន់ប្រទេសកាតារដើម្បីផ្ទុកប្រេង, នាវាដឹកឧស្ម័នឥន្ធនៈរាវ (LPG) ឆ្ពោះទៅកាន់កំពង់ផែ Ruwais ក្នុងប្រជាជាតិអាល់រ៉ាប់រួម និងនាវាដឹកប្រេងឥន្ធនៈ Qatari naphtha ឆ្ពោះទៅកាន់ប្រទេសជប៉ុន។ ដោយឡែកកាលពីថ្ងៃសុក្រ ទិន្នន័យបង្ហាញថាមាននាវាចំនួន ៧ គ្រឿងបានឆ្លងកាត់ ដែលភាគច្រើនជាការចាកចេញពីតំបន់ឈូងសមុទ្រ រួមមាននាវា VLCC ២ គ្រឿងដឹកប្រេងឆៅចេញពីអុីរ៉ាក់ និងអាល់រ៉ាប់រួម ព្រមទាំងនាវាដឹកប្រេងឥន្ធនៈផ្សេងទៀត។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters