[ឌូបៃ]៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានបញ្ចប់ប្រតិបត្តិការវាយប្រហារតាមអាកាសចំនួន ៨យប់ជាប់ៗគ្នាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីយោធាអាមេរិកយ៉ាងហោចណាស់ ២នាក់បានស្លាប់នៅក្នុងប្រទេសហ្ស៊កដានី ខណៈដែលបណ្តាសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់បានរាយការណ៍ពីការវាយប្រហារបន្ថែមទៀតពីសំណាក់ភាគីអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ។ ជាមួយគ្នានេះ យោធាអាមេរិកក៏បានបញ្ជាក់ពីការបាត់បង់ជីវិតសមាជិកសេវាកម្មទី៣ ផងដែរ ដោយសមាជិកម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ (ជាទីតាំងមូលដ្ឋានយោធាអាមេរិក) ក្នុងអំឡុងពេលប្រតិបត្តិការកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ដែលបានធ្លាក់។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារឆ្លើយតបគ្នាទៅវិញទៅមក យ៉ាងខ្លាំងក្លា បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នដែលបានចុះហត្ថលេខាកាលពីមួយខែមុនត្រូវបានបរាជ័យ។ ការប្រជែងគ្របដណ្តប់លើ ច្រកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរណ៍ពាណិជ្ជកម្មដ៏សំខាន់ បានធ្វើឱ្យជម្លោះកាន់តែស៊ីជម្រៅ និងបង្កជាក្តីបារម្ភពីការផ្ទុះសង្គ្រាមពេញទំហឹង។ មន្ត្រីអ៊ីស្រាអែលបានឱ្យដឹងថា អ៊ីស្រាអែលកំពុងរៀបចំទទួលយន្តហោះចាក់សាំងបន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីត្រៀមលក្ខណៈមុនការវាតទីប្រតិបត្តិការយោធារបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់អាចនឹងកើតឡើង។

ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានថ្លែងថា ការវាយប្រហារតាមអាកាសចុងក្រោយបង្អស់ដែលបានចាប់ផ្តើមនៅម៉ោង ៦:០០ល្ងាច (EDT) កាលពីថ្ងៃសៅរ៍ គឺធ្វើឡើងដើម្បីកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់នាវាពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ព្រមទាំងដើម្បីឆ្លើយតបភ្លាមៗទៅកាន់ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលបានវាយប្រហារលើកងកម្លាំងអាមេរិកនៅហ្ស៊កដានី។ មន្ត្រីអាមេរិកម្នាក់បានបន្ថែមថា អាមេរិកបានចាប់ផ្តើមបញ្ជូនគ្រឿងប្រដាប់អាវុធ និងយន្តហោះចម្បាំងបន្ថែមទៅកាន់មជ្ឈិមបូព៌ាតាំងពីមុនការវាយប្រហារកាលពីថ្ងៃសៅរ៍មកម្ល៉េះ។ ទីបញ្ជាការកណ្តាលបានបញ្ជាក់នៅពេលក្រោយថា រលកនៃការវាយប្រហារត្រូវបានបញ្ចប់ ដោយបានកម្ទេចទីតាំងឃ្លាំមើលឆ្នេរសមុទ្រ និងប្រព័ន្ធការពារដែនអាកាសរបស់យោធាអ៊ីរ៉ង់។

ជម្លោះដែលបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ក្នុងគោលបំណងបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែរ មីស៊ីល និងកាត់បន្ថយឥទ្ធិពលតំបន់របស់អ៊ីរ៉ង់នោះ បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត (ភាគច្រើននៅអ៊ីរ៉ង់ និងលីបង់) ព្រមទាំងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ថាមពល និងបង្កើតក្តីបារម្ភអំពីអតិផរណាសកល។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា អាមេរិកបានវាយប្រហារនៅជិតតំបន់ Sirik (ភាគខាងត្បូងអ៊ីរ៉ង់) និងតំបន់ Shadegan ជិតព្រំដែនអ៊ីរ៉ាក់ បន្ទាប់មកក៏មានរបាយការណ៍អំពីការផ្ទុះនៅក្រុង Abadan (ភាគនិរតីអ៊ីរ៉ង់) ផងដែរ។

ទីភ្នាក់ងារព័ត៌មាន Mehr បានឱ្យដឹងថា អង្គការថាមពលអាតូមិកអ៊ីរ៉ង់បានថ្កោលទោសការវាយប្រហាររបស់អាមេរិកលើទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរដែលកំពុងសាងសង់ក្នុងទីក្រុង Darkhovin។ ចំណែកឯ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឱ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតលើរបាយការណ៍នៃវាយប្រហារនេះ ដោយកត់សម្គាល់ថារោងចក្រនោះស្ថិតក្នុងដំណាក់កាលដំបូងនៃការសាងសង់នៅឡើយ។ ជាការឆ្លើយតប ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យថា អ៊ីរ៉ង់បានបញ្ជូនដ្រូនវាយប្រហារលើបរិក្ខារ និងឧបករណ៍យោធាអាមេរិកនៅជំរំ Al-Adiri និងមូលដ្ឋានអាកាស Ali Al Salem ក្នុងប្រទេសគុយវ៉ែត។

រដ្ឋាភិបាលគុយវ៉ែតបាននិយាយថា រោងចក្របន្សាបជាតិប្រៃក្នុងទឹកសមុទ្រត្រូវចំការវាយប្រហារជាថ្ងៃទី២ បណ្តាលឱ្យកើតមានអគ្គីភ័យ ដែលនេះជា ការវាយប្រហារដោយផ្ទាល់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។កងទ័ពគុយវ៉ែតបានបញ្ជាក់ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ជាថ្មីម្ដងទៀត។ ប្រព័ន្ធការពារដែនអាកាសបារ៉ែន និងហ្ស៊កដានី បានស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ដូចគ្នា ដោយហ្ស៊កដានីបានបាញ់ទម្លាក់មីស៊ីលចំនួន ៣គ្រាប់ និងបានកោះហៅភារធារីអ៊ីរ៉ង់មកតវ៉ា។ យោធាអ៊ីស្រាអែលបានរកឃើញការបាញ់មីស៊ីលពីអ៊ីរ៉ង់សំដៅទៅទីក្រុង Aqaba របស់ហ្ស៊កដានី ដែលស្ថិតនៅជាប់ព្រំដែនអ៊ីស្រាអែល។

ភាគីទាំងពីរបានផ្តោតលើការកាត់ផ្តាច់ផ្លូវដឹកជញ្ជូនតាមសមុទ្រ ដោយអាមេរិកប្រកាសបិទខ្ទប់ផ្លូវទឹកប្រឆាំងនឹងកំពង់ផែអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ប្រកាសបង្រ្កាបនាវាទាំងឡាយណាដែលបំពានច្បាប់នាវាចរណ៍របស់ខ្លួននៅច្រកសមុទ្រ Hormuz (ច្រកផ្លូវសំខាន់ដែលដឹកជញ្ជូនប្រេង ១/៥ នៃប្រេងពាណិជ្ជកម្មពិភពលោក)។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងកាលពីថ្ងៃអាទិត្យថា នាវាចំនួន ៤គ្រឿងបានព្យាយាមឆ្លងកាត់ច្រកសមុទ្រតាម ផ្លូវគ្មានសុវត្ថិភាព ដោយមានការជួយជ្រោមជ្រែងពីអាមេរិក។ ក្នុងនោះ នាវា ២គ្រឿងបានបោះបង់បំណង ហើយ ២គ្រឿងទៀតជាប់ពាក់ព័ន្ធនឹង សកម្មភាពប្រឈមគ្រោះថ្នាក់។

ទីបញ្ជាការកណ្តាលអាមេរិកបានឱ្យដឹងថា ការបាត់បង់ជីវិតរបស់ទាហានខ្លួន ២នាក់បានកើតឡើងកាលពីថ្ងៃសុក្រនៅហ្ស៊កដានី ហើយទាហានទី៣ ម្នាក់ទៀតបានបាត់ខ្លួន។ កាលពីថ្ងៃអាទិត្យ អាមេរិកបានរកឃើញអដ្ឋិធាតុមិនទាន់ស្គាល់អត្តសញ្ញាណនៅកន្លែងកើតហេតុ ហើយកំពុងធ្វើការកោសល្យវិច័យ។ ការរាប់បញ្ចូលនេះ ធ្វើឱ្យចំនួនទាហានអាមេរិកដែលបានស្លាប់ក្នុងសង្គ្រាមនេះកើនដល់ ១៧នាក់ និងរបួសជាង ៤២០នាក់។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបង្ហោះលើបណ្តាញសង្គមថា ការ លះបង់របស់ពួកគេ មានតែរឹតបន្តឹងការតាំងចិត្តរបស់យើងឱ្យកាន់តែរឹងមាំប៉ុណ្ណោះ។

ក្រសួងសុខាភិបាលអ៊ីរ៉ង់បានឱ្យដឹងថា ក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ មនុស្ស ៥០នាក់បានស្លាប់ និងជាង ៥០០នាក់បានរបួសដោយសារការវាយប្រហាររបស់អាមេរិក។ សរុបមក ជម្លោះនេះបានសម្លាប់មនុស្សរាប់ពាន់នាក់ (ភាគច្រើននៅអ៊ីរ៉ង់ និងលីបង់) ដែលជាកន្លែងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធ Hezbollah (សម្ព័ន្ធមិត្តអ៊ីរ៉ង់) កំពុងឆាបឆេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌកិច្ចព្រមព្រៀង។ លោក Aoun គ្រោងនឹងជួបប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអង្គារ ដើម្បីបង្ហាញផែនការលុបបំបាត់អាវុធរបស់ក្រុម Hezbollah និងធានាការដកទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters