[ឌូបៃ/កែរ]៖ ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានធ្លាក់ចូលទៅក្នុងភាពវឹកវរជាថ្មី បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានដួលរលំកាលពីសប្តាហ៍មុន។ ភាពតានតឹងនេះបានរុញច្រានភាគីទាំងពីរឱ្យឈានទៅរកការសាកល្បងដែនកំណត់នៃសង្គ្រាម ដោយការបើកការវាយប្រហារសងសឹកគ្នាទៅវិញទៅមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ព្រមទាំងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ផ្លូវនាវាចរណ៍អន្តរជាតិ។
ទីបញ្ជាការកណ្តាលយោធាអាមេរិក (CENTCOM) បានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសលើប្រទេសអ៊ីរ៉ង់ជាយប់ទី៧ ជាប់ៗគ្នា កាលពីវេលាម៉ោង ៣ រសៀល (ម៉ោងនៅវ៉ាស៊ីនតោន) ឬត្រូវនឹងម៉ោង ១០:៣០ នាទីយប់ ម៉ោងនៅទីក្រុងតេអេរ៉ង់។ យោធាអាមេរិកបានបញ្ជាក់នៅលើបណ្តាញសង្គម X ថា គោលដៅនៃការវាយប្រហារនេះ គឺសំដៅលើ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារយោធា ដើម្បីបន្តបំផ្លិចបំផ្លាញសមត្ថភាពយោធារបស់អ៊ីរ៉ង់។

បន្ទាប់ពីការប្រកាសនោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាបន្តបន្ទាប់នៅក្នុងតំបន់ Sirik, Ahvaz, Yazd និងខេត្ត Hormozgan ភាគខាងត្បូង។ របាយការណ៍បានឱ្យដឹងថា ស្ពានយ៉ាងហោចណាស់ ៥ និងផ្លូវរូងក្រោមដី ១ ត្រូវបានបំផ្លាញ។ ក្នុងនោះការវាយប្រហារលើស្ពាននៅកំពង់ផែ Bandar Khamir បានបណ្តាលឱ្យមនុស្ស ៧ នាក់ស្លាប់ ឯស្ថានីយរថភ្លើងក្នុងតំបន់ក៏រងការខូចខាតដែរ។ នៅក្នុងខេត្ត Hormozgan មានមនុស្ស ៣ នាក់ស្លាប់ និង ៨ នាក់រងរបួស។ អាកាសយានដ្ឋានមួយកន្លែងនៅក្នុងខេត្ត Iranshahr ជាប់ព្រំដែនប៉ាគីស្ថាន ក៏ត្រូវបានរាយការណ៍ថាបានរងការវាយប្រហារផងដែរ។ លោក Mohsen Rezaei ទីប្រឹក្សាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានចេញមុខព្រមានថា ប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅតែបន្ត ពួកយើងនឹងឈានទៅដល់ដំណាក់កាលនៃប្រតិបត្តិការវាយលុកពេញលេញ។
ជាការឆ្លើយតប អ៊ីរ៉ង់បានបើកការវាយប្រហារលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដែលជាម្ចាស់ផ្ទះទទួលមូលដ្ឋានទ័ពអាកាសអាមេរិក រួមមានបារ៉ែន កាតា និងគុយវ៉ែត ព្រមទាំងបានប្រើប្រាស់ដ្រូន និងមីស៊ីលវាយប្រហារលើកប៉ាល់អាមេរិកនៅភាគខាងជើងមហាសមុទ្រឥណ្ឌា។ អាជ្ញាធរគុយវ៉ែត បានឱ្យដឹងថា ស្ថានីយផលិតថាមពល និងបន្សុទ្ធទឹកមួយកន្លែងបានរងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ បណ្តាលឱ្យកើតមានអគ្គិភ័យ និងរំខានដល់ការផ្គត់ផ្គង់អគ្គិសនី។ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា ខ្លួនបានវាយប្រហារលើឃ្លាំងផ្ទុកយន្តហោះដ្រូនរបស់អាមេរិក និងបានបំផ្លាញមជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត (AI) ដ៏សំខាន់របស់បារ៉ែន ដោយប្រើប្រាស់មីស៊ីលបាលិស្ទីគ និងដ្រូន។ ក្រសួងការពារជាតិស៊ីវិលអារ៉ាប៊ីសាអូឌីត បានចេញការព្រមានជាមុនពីការវាយប្រហារនៅក្នុងតំបន់យ៉ាងហោចណាស់ពីរ ប៉ុន្តែមិនទាន់មានរបាយការណ៍អំពីការខូចខាតនៅឡើយទេ។
ជម្លោះនេះបានរីករាលដាលដល់ច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូនថាមពលសកល។ កងម៉ារីនអាមេរិកបានឡើងជិះត្រួតពិនិត្យកប៉ាល់ដឹកប្រេងមួយគ្រឿងនៅជិតច្រកសមុទ្រ Hormuz។ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា មានកប៉ាល់ដឹកប្រេង ២ គ្រឿងបានផ្ទុះឆេះនៅភាគខាងត្បូងច្រកសមុទ្រ ប៉ុន្តែយោធាអាមេរិកបានច្រានចោលរបាយការណ៍នេះថាជាព័ត៌មានមិនពិត។ ទាហានប្រដាប់អាវុធបានរឹបអូសកប៉ាល់មួយគ្រឿងទៀតនៅឆ្នេរសមុទ្រប្រទេសយេម៉ែន ដែលបង្កើនការព្រួយបារម្ភកាន់តែខ្លាំងនៅសមុទ្រក្រហម។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសបិទផ្លូវទឹក ដោយបញ្ឈប់នាវាចំនួន ៤ គ្រឿងដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ ព្រមទាំងគំរាមថា ដរាបណាការឈ្លានពានរបស់អាមេរិកមិនទាន់បញ្ចប់ អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យមានការនាំចេញជីគីមី ប្រេង ឬឧស្ម័ន សូម្បីតែមួយតំណក់ចេញពីតំបន់នេះឡើយ។
ការកើនឡើងកម្តៅនៃសង្គ្រាមនេះ បានធ្វើឱ្យតម្លៃប្រេងឆៅគោល Brent ហក់ឡើង ៣% ភ្លាមៗ និងកំពុងស្ថិតនៅលើផ្លូវនៃការកើនឡើងប្រចាំសប្តាហ៍ទីបីជាប់ៗគ្នា។ ស្ថានភាពនេះបានដាក់សម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មុនពេលការបោះឆ្នោតសភាខែវិច្ឆិកាមកដល់។
លោក Trump បានព្រមានថានឹងបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធ ឆ្នេរសមុទ្រ ឬកោះនានារបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកបានកត់សម្គាល់ថា សកម្មភាពបែបនេះអាចបង្កហានិភ័យខ្ពស់ ដោយសារអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន (ដូចជាក្រុមហូធីនៅយេម៉ែន) អាចវាយបកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រដ្ឋឈូងសមុទ្រងាយរងគ្រោះ និងរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោកទាំងមូល។
ជុំវិញវិបត្តិនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនៃស្ថានការណ៍ ជាពិសេសការវាយប្រហារដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ និងទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល ដោយលោកបានព្រមានពីផលវិបាកធ្ងន់ធ្ងរនៃវិធានការសងសឹកនេះ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters