ប្រធានាធិបតីចិន Xi Jinping ត្រូវបានគេរំពឹងថានឹងបង្ហាញទស្សនវិស័យដ៏មហិច្ឆតារបស់ចិនសម្រាប់តួនាទីក្នុងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ពិភពលោក នៅវេទិកា World Artificial Intelligence Conference (WAIC) នាថ្ងៃសុក្រ ខណៈក្រុមហ៊ុន Huawei Technologies នឹងដាក់បង្ហាញប្រព័ន្ធកុំព្យូទ័រ AI ដ៏ទំនើបបំផុតរបស់ខ្លួន ដែលបង្ហាញពីការខិតខំរបស់ទីក្រុងប៉េកាំងក្នុងការបង្កើតជម្រើសបច្ចេកវិទ្យាក្នុងស្រុកជំនួសបច្ចេកវិទ្យាអាមេរិក។ ការចូលរួមរបស់លោក ស៊ី នៅក្នុងសន្និសីទ WAIC ជាលើកដំបូង បង្ហាញថា រដ្ឋាភិបាលចិនចាត់ទុក AI ជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច និងជាបច្ចេកវិទ្យាយុទ្ធសាស្ត្រសំខាន់មួយក្នុងការប្រកួតប្រជែងសកល។  Huawei នឹងដាក់បង្ហាញជាសាធារណៈនូវប្រព័ន្ធ Atlas 950 SuperPoD ក្នុងអំឡុងវេទិកាដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ ២០ កក្កដា នៅទីក្រុងសៀងហៃ។ ប្រព័ន្ធនេះត្រូវបានរចនាឡើងសម្រាប់ការបណ្តុះបណ្តាល និងដំណើរការម៉ូឌែល AI ទ្រង់ទ្រាយធំ ដោយភ្ជាប់ប្រព័ន្ធដំណើរការ AI ប្រភេទ Ascend រាប់ពាន់គ្រឿងឱ្យដំណើរការជាចង្កោមតែមួយ។

Ceremony devoted to the 105th anniversary of the Communist Party of China, in Beijing

របាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ម៉ូឌែល AI DeepSeek V4 ត្រូវបានកែសម្រួលឱ្យអាចដំណើរការបានទាំងស្រុងលើប្រព័ន្ធដែលប្រើបន្ទះឈីប Ascend របស់ Huawei ដែលបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុនចិនក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី AI ដោយមិនពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក។

ការប្រកួតប្រជែងលើអភិបាលកិច្ច AI វេទិកានេះធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងចិនកំពុងត្រៀមរៀបចំកិច្ចពិភាក្សាផ្លូវការលើកដំបូងអំពី AI ក្រោមរដ្ឋបាលប្រធានាធិបតី Donald Trump ដែលធ្វើឱ្យ WAIC ក្លាយជាសាកល្បងដំបូងមួយនៃការប្រកួតប្រជែងឥទ្ធិពលលើការកំណត់ច្បាប់ និងស្តង់ដារ AI ពិភពលោក។ នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិអំពី AI កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានអះអាងថា ការគ្រប់គ្រងតឹងរ៉ឹងពេកអាចរារាំងការច្នៃប្រឌិតបច្ចេកវិទ្យា ខណៈចិនបានលើកឡើងថា ម៉ូឌែល AI បើកចំហ (Open-source) ដែលមានតម្លៃទាប អាចជួយកាត់បន្ថយគម្លាតបច្ចេកវិទ្យារវាងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍ។ លោក George Chen ប្រធានផ្នែក Digital Practice នៃ Asia Group បាននិយាយថា WAIC មិនមែនជាការតាំងបង្ហាញបច្ចេកវិទ្យាធម្មតាទៀតទេ ប៉ុន្តែបានក្លាយជាវេទិកាភូមិសាស្ត្រនយោបាយ ដែលចិនប្រើប្រាស់ដើម្បីបង្ហាញទស្សនវិស័យរបស់ខ្លួនចំពោះ AI ទាំងជាអាទិភាពជាតិ និងជាឧបករណ៍ការទូត។
ជំរុញ AI Open-source ទីក្រុងប៉េកាំងក៏ត្រូវបានគេរំពឹងថានឹងជំរុញការប្រើប្រាស់ម៉ូឌែល AI បើកចំហរបស់ចិន ជាជម្រើសមានតម្លៃទាបជាងផលិតផលលោកខាងលិច។ អត្ថបទវិចារណកថារបស់កាសែត People’s Daily បានសរសេរថា៖ «ការអភិវឌ្ឍ AI មិនគួរឈានទៅរកភាពផ្តាច់មុខផ្នែកបច្ចេកវិទ្យាដែលបិទខ្លួនឯងនោះទេ ប៉ុន្តែគួរតែផ្តោតលើគោលដៅមូលដ្ឋាននៃការបម្រើមនុស្សជាតិ»។
ក្រៅពីមេដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាចិន វេទិកានេះក៏នឹងមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev និងនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ផងដែរ។ អ្នកជំនាញមួយរូបក្នុងតំបន់អាស៊ីបានប្រាប់ Reuters ថា ចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍តាមរយៈការកសាងសមត្ថភាព AI ហើយព្យាយាមបង្ហាញខ្លួនថាជាតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍ ដែលអាចត្រូវបានទុកចោលនៅក្នុងការប្រណាំង AI សកល។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters