ពិភពលោកបានបិទការជួញដូរនៅថ្ងៃអង្គារក្នុងទិសដៅវិជ្ជមាន បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកចេញមកទាបជាងការរំពឹងទុក និងលទ្ធផលហិរញ្ញវត្ថុរឹងមាំពីធនាគារធំៗ ខណៈតម្លៃប្រេងបានបន្តកើនឡើង ដោយសារក្តីបារម្ភអំពីការផ្គត់ផ្គង់ ក្រោយការវាយប្រហារទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) របស់សហរដ្ឋអាមេរិកបានកើនឡើង ៣,៥% ក្នុងរយៈពេល១២ខែគិតត្រឹមខែមិថុនា ដែលទាបជាងការរំពឹងទុក និងធ្លាក់ចុះពី ៤,២% កាលពីខែឧសភា។ ជារៀងរាល់ខែ CPI បានធ្លាក់ចុះ ០,៤% ដោយសារតម្លៃសាំងធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយរវាងអាមេរិក និងអ៊ីរ៉ង់បានចូលជាធរមានក្នុងខែមិថុនា។
បន្ទាប់ពីតម្លៃប្រេងកើនឡើងប្រមាណ ៩% កាលពីថ្ងៃចន្ទ ការកើនឡើងនៅថ្ងៃអង្គារមានល្បឿនយឺតជាងមុន បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដកថយពីគម្រោងយកថ្លៃឆ្លងកាត់ ២០% សម្រាប់នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយបញ្ជាក់ថា នឹងផ្តោតលើការស្វែងរកកិច្ចព្រមព្រៀងវិនិយោគជាមួយបណ្តាប្រទេសឈូងសមុទ្រជំនួសវិញ។ ទោះជាយ៉ាងណា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានថ្លែងថា ច្រកសមុទ្រ Hormuz ជាផ្នែកមួយនៃសន្តិសុខជាតិរបស់អ៊ីរ៉ង់ ហើយប្រទេសរបស់លោកនឹងអនុវត្តអធិបតេយ្យភាពលើតំបន់នេះ «មិនថាត្រូវចំណាយតម្លៃប៉ុនណាក៏ដោយ»។

ក្នុងពេលជាមួយគ្នា យោធាអាមេរិកបានប្រកាសថា ខ្លួនកំពុងបន្តវាយប្រហារលើគោលដៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកទៅកាន់មូលដ្ឋានយោធាអាមេរិកនៅហ្ស៊កដានី។ ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់បានបន្តអស់រយៈពេលបីយប់ជាប់ៗគ្នា។ តម្លៃប្រេងឆៅអាមេរិក (WTI) បានបិទកើនឡើង ១,៥% ដល់ ៧៩,៣៤ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេង Brent កើនឡើង ១,៧% ដល់ ៨៤,៧៣ ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីទាំងពីរបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រហែលមួយខែ។ នៅលើទីផ្សារភាគហ៊ុនអាមេរិក ភាគហ៊ុនធនាគារធំៗបានកើនឡើង បន្ទាប់ពីលទ្ធផលអាជីវកម្មបង្ហាញថា ប្រាក់ចំណូលពីការជួញដូរ និងកិច្ចព្រមព្រៀងសាជីវកម្មបានជួយជំរុញប្រាក់ចំណេញ។ ធនាគារ JPMorgan Chase បានប្រកាសប្រាក់ចំណេញប្រចាំត្រីមាសខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលជំរុញឱ្យតម្លៃភាគហ៊ុនឡើងដល់កម្រិតកំណត់ត្រាថ្មី។ ចំណែក Goldman Sachs, Bank of America និង Citigroup ក៏សុទ្ធតែប្រកាសលទ្ធផលលើសការរំពឹងទុករបស់ Wall Street ផងដែរ។ ផ្ទុយទៅវិញ ភាគហ៊ុន IBM បានធ្លាក់ចុះ ២៥% បន្ទាប់ពីក្រុមហ៊ុនព្រមានថា ប្រាក់ចំណេញត្រីមាសទី២នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារមិនអាចសម្របខ្លួនទាន់ការផ្លាស់ប្តូរចំណាយរបស់អតិថិជនពីកម្មវិធី Software ទៅកាន់ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ (Data Center)។
លោក Tim Ghriskey អ្នកយុទ្ធសាស្ត្រវិនិយោគជាន់ខ្ពស់នៅ Ingalls & Snyder បាននិយាយថា ទោះបីទីផ្សារមិនទាន់បារម្ភខ្លាំងចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែភាពតានតឹងនេះនៅតែជាកត្តាសម្ពាធលើទីផ្សារ។ លោកបានបញ្ជាក់ថា៖ «ទីផ្សារកំពុងមើលរំលងបញ្ហានេះនៅពេលនេះ ប៉ុន្តែវានៅតែជាហានិភ័យដែលរារាំងកម្លាំងកើនឡើងរបស់ទីផ្សារ ទោះបីក្រុមហ៊ុនហិរញ្ញវត្ថុបានប្រកាសលទ្ធផលល្អក៏ដោយ។ លទ្ធផល CPI ល្អនៅខែនេះ អាចនឹងផ្លាស់ប្តូរនៅខែក្រោយ ប្រសិនបើតម្លៃប្រេងបន្តកើនឡើង»។ នៅ Wall Street សន្ទស្សន៍ Dow Jones កើនឡើង ០,០២%, S&P 500 កើន ០,៣៨%, និង Nasdaq Composite កើន ០,៩០%។ សន្ទស្សន៍ភាគហ៊ុនពិភពលោករបស់ MSCI ក៏កើនឡើង ០,៤២% ផងដែរ ខណៈសន្ទស្សន៍ STOXX 600 របស់អឺរ៉ុបបិទកើន ០,១៧%។
នៅទីផ្សាររូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិកបានចុះខ្សោយ បន្ទាប់ពីទិន្នន័យអតិផរណាបន្ថយការរំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។ សន្ទស្សន៍ប្រាក់ដុល្លារធ្លាក់ ០,៣៣% មកនៅ ១០០,៩៤ ខណៈប្រាក់អឺរ៉ូកើនឡើងដល់ ១,១៤១៨ ដុល្លារ និងប្រាក់ដុល្លារធ្លាក់ ០,១១% ធៀបនឹងប្រាក់យ៉េនជប៉ុន។
ទិន្នផលសញ្ញាប័ណ្ណរដ្ឋាភិបាលអាមេរិកក៏បានធ្លាក់ចុះផងដែរ បន្ទាប់ពីទិន្នន័យអតិផរណា ខណៈអ្នកវិភាគមើលឃើញថា វាបានបន្ធូរបន្ថយក្តីបារម្ភនៅក្នុងទីផ្សារមូលបត្រ។ ចំណែកឯមាសវិញ តម្លៃមាស Spot បានកើនឡើង ១,២៩% ដល់ ៤.០៥១,៧៩ ដុល្លារ ក្នុងមួយអោន។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters