[វ៉ាស៊ីនតោន]៖ ការតែងតាំងលោក ថត ប្លែនឆ៍ (Todd Blanche) ឱ្យកាន់តំណែងជាអគ្គរដ្ឋអាជ្ញាជាផ្លូវការរបស់សហរដ្ឋអាមេរិក ដោយប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែប្រឈមមុខនឹងឧបសគ្គ និងការចោទសួរដេញដោលសំខាន់ៗមួយចំនួន ដើម្បីទទួលបានការអនុម័តគាំទ្រ។ លោក ប្លែនឆ៍ ដែលជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ បាននិងកំពុងដឹកនាំក្រសួងយុត្តិធម៌ ក្នុងនាមជាប្រធានស្តីទី បន្ទាប់ពីលោក ត្រាំ បានដកលោកស្រី ផេម ប៊ុនឌី ចេញពីតំណែង។ ទោះបីជាពេលនេះលោក ត្រាំ បានតែងតាំងលោក ប្លែនឆ៍ ឱ្យកាន់តំណែងនេះជាផ្លូវការក៏ដោយ ប៉ុន្តែយោងតាមច្បាប់ គឺត្រូវតែមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីព្រឹទ្ធសភាជាមុនសិន។
លោក ប្លែនឆ៍ គ្រោងនឹងឡើងបកស្រាយចំពោះមុខគណៈកម្មាធិការយុត្តិធម៌ព្រឹទ្ធសភា នៅថ្ងៃទី១៥-១៦ ខែកក្កដា ក្នុងសវនាការសួរដេញដោល។ លោកត្រូវតែទទួលបានសំឡេងគាំទ្រពីគណៈកម្មាធិការនេះ ជាមុនសិន ទើបអាចបញ្ជូនឈ្មោះទៅកាន់អង្គព្រឹទ្ធសភាទាំងមូលដើម្បីបោះឆ្នោតសម្រេចចុងក្រោយ។ទោះជាយ៉ាងណា លោក ប្លែនឆ៍ កំពុងរងសម្ពាធពីបញ្ហាចម្រូងចម្រាសចំនួន ៣ ដែលអាចក្លាយជាឧបសគ្គរារាំង រហូតមានការជំទាស់ពីសមាជិកព្រឹទ្ធសភាទាំងពីរគណបក្ស (ប្រជាធិបតេយ្យ និងសាធារណរដ្ឋ)។

កាលពីថ្ងៃទី១៣ ខែកក្កដា ក្រុមជនរងគ្រោះពីការបំពានផ្លូវភេទរបស់អតីតមហាសេដ្ឋី ជេហ្វ្រី អិបស្តាញ តាមរយៈអង្គការ World Without បានដាក់សម្ពាធឱ្យព្រឹទ្ធសភាបដិសេធការតែងតាំងលោក ប្លែនឆ៍។ ពួកគាត់បានចង្អុលបង្ហាញថា ក្រោមការដឹកនាំរបស់លោក ប្លែនឆ៍ ក្រសួងយុត្តិធម៌បានធ្វើឱ្យលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះ (ដូចជា ឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋានផ្ទះ) នៅពេលផ្សព្វផ្សាយឯកសារស៊ើបអង្កេតជាសាធារណៈ។ ផ្ទុយទៅវិញ ឈ្មោះរបស់អ្នកមានអំណាច និងអ្នកពាក់ព័ន្ធនឹងការបំពានទាំងនោះ ត្រឡប់ជាត្រូវបានបិទបាំងទៅវិញ។ ករណីនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាពជនរងគ្រោះ ហើយសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ បានអញ្ជើញកញ្ញា ដានីញែល បេនស្គី ដែលជាជនរងគ្រោះម្នាក់ ឱ្យឡើងផ្តល់សក្ខីកម្មក្នុងសវនាការដេញដោលនោះផងដែរ។
ក្រុមអ្នកប្រឆាំងការរំលូតកូន (Pro-Life) ក៏បានជំរុញឱ្យលោក ប្លែនឆ៍ ប្តូរជំហររបស់ក្រសួងយុត្តិធម៌លើករណីថ្នាំរំលូតកូន មីហ្វេព្រីស្តូន តាមប្រៃសណីយ៍។ កន្លងមក ក្រសួងយុត្តិធម៌បានព្យាយាមរារាំង និងស្នើឱ្យតុលាការច្រានចោលបណ្តឹងរបស់បណ្តារដ្ឋនានា ដែលចង់បដិសេធគោលនយោបាយសម្រាលការរឹតត្បិតលើថ្នាំរំលូតកូនរបស់រដ្ឋបាលលោក បៃដិន។ ក្រុមគាំទ្រជីវិត រួមទាំងលោកសមាជិកព្រឹទ្ធសភា ចូស ហហ្លី ចង់ដឹងច្បាស់ពីផែនការរបស់លោក ប្លែនឆ៍ ថាតើលោកនឹងដោះស្រាយរឿងនេះយ៉ាងណា មុននឹងពួកគេសម្រេចចិត្តបោះឆ្នោតគាំទ្ររូបលោក។
ការបាត់បង់លោក លីនស៊ី ហ្គ្រេហាម (Lindsey Graham) ដែលជាសមាជិកដ៏សំខាន់ម្នាក់ក្នុងគណៈកម្មាធិការយុត្តិធម៌ និងជាអ្នកគាំទ្រដ៏រឹងមាំរបស់លោក ប្លែនឆ៍ (ដោយសារបញ្ហាសុខភាព ឬអវត្តមានភ្លាមៗ) បានធ្វើឱ្យជោគវាសនារបស់លោក ប្លែនឆ៍ ស្ថិតនៅលើដៃលោក ថម ធីលីស (Thom Tillis) សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋវិញ។ លោក ធីលីស ធ្លាប់បានប្រកាសថា លោកនឹងមិនគាំទ្របេក្ខជនណាដែលយោគយល់ដល់ក្រុមបាតុករសម្រុកចូលវិមានកាពីតូល (ថ្ងៃទី៦ មករា ២០២១) ឬបេក្ខជនដែលគាំទ្រការកាត់កញ្ចប់ថវិការដ្ឋបាលចម្រូងចម្រាសនោះឡើយ។ ទោះជាយ៉ាងណា ក្រោយជំនួបផ្ទាល់ខ្លួន លោក ធីលីស បង្ហាញសញ្ញាវិជ្ជមានខ្លះៗ ប៉ុន្តែលោកនៅតែសង្កត់ធ្ងន់ថា ខ្ញុំចង់ឃើញឯករាជ្យភាពរវាងសេតវិមាន និងក្រសួងយុត្តិធម៌ បើខ្វះឯករាជ្យភាពវានឹងជះឥទ្ធិពលដល់សេចក្តីសម្រេចចិត្តបោះឆ្នោតរបស់ខ្ញុំ។
ប្រសិនបើអាចឆ្លងផុតដំណាក់កាលគណៈកម្មាធិការនេះបាន លោក ប្លែនឆ៍ នឹងត្រូវបន្តទៅតស៊ូដណ្តើមសំឡេងឆ្នោតនៅក្នុងអង្គព្រឹទ្ធសភាទាំងមូល ដែលនៅទីនោះលោកអាចមានលទ្ធភាពបាត់បង់សំឡេងគាំទ្រពីគណបក្សសាធារណរដ្ឋ (GOP) របស់ខ្លួន មិនឱ្យលើសពី ៣ ទៅ ៤ សំឡេងឡើយ ជាពិសេសខណៈពេលដែលសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល គឺលោក មីតឆ៍ ម៉ាកខនណែល (Mitch McConnell) កំពុងឈប់សម្រាកព្យាបាលជំងឺរលាកសួត ដែលធ្វើឱ្យសំឡេងគាំទ្រកាន់តែប្រផិតប្រផើយ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ OSV