សហរដ្ឋអាមេរិកនឹងស្ដារឡើងវិញការបិទផ្លូវសមុទ្រលើកំពង់ផែ ឆ្នេរសមុទ្រ និងនាវារបស់អ៊ីរ៉ង់ នេះបើយោងតាមសេចក្ដីប្រកាសរបស់បញ្ជាការកណ្ដាលសហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃចន្ទ ដែលជាសញ្ញាបង្ហាញថា បទឈប់បាញ់រយៈពេល ៦០ ថ្ងៃរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានបញ្ចប់ហើយ។ អាមេរិកបានដកការបិទផ្លូវសមុទ្រនេះកាលពីថ្ងៃទី១៨ ខែមិថុនា ជាផ្នែកមួយនៃអនុស្សរណៈយោគយល់រវាងប្រទេសទាំងពីរ។ ប៉ុន្តែការបិទផ្លូវនឹងត្រូវអនុវត្តឡើងវិញនៅថ្ងៃអង្គារ មិនទាន់បានមួយខែផងក្រោយការចូលជាធរមាននៃបទឈប់បាញ់ ហើយក្នុងអំឡុងពេលអនុវត្តការបិទផ្លូវលើកមុន បញ្ជាការកណ្ដាលសហរដ្ឋអាមេរិក (CENTCOM) បានបិទដំណើរការនាវាចំនួន ៩ គ្រឿង ដែលខ្លួនអះអាងថាមិនបានគោរពវិធានការបិទផ្លូវ។ នាវាដឹកប្រេង MT Settebello ត្រូវបានបាញ់ឱ្យបាត់សមត្ថភាពកាលពីថ្ងៃទី៩ ខែមិថុនា ដែលបណ្ដាលឱ្យនាវិកជនជាតិឥណ្ឌា ៣ នាក់ស្លាប់។
មេបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក (CENTCOM )បានណែនាំឱ្យនាវាទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ Oman និងចូលទៅកាន់ច្រកសមុទ្រ Hormuz ទាក់ទងកងទ័ពជើងទឹកអាមេរិកតាមបណ្ដាញទំនាក់ទំនង Channel 16។

យោងតាមសេចក្ដីជូនដំណឹងដល់នាវិក នាវាដែលត្រូវបានសង្ស័យថាចូលច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាតពីកងទ័ពជើងទឹកអាមេរិក អាចប្រឈមនឹងការស្ទាក់ចាប់ និងរឹបអូស។
ទោះជាយ៉ាងណា CENTCOM បញ្ជាក់ថា ការបិទផ្លូវនេះនឹងមិនរារាំងការធ្វើដំណើររបស់នាវាអព្យាក្រឹតទៅកាន់ ឬចេញពីគោលដៅដែលមិនមែនជាអ៊ីរ៉ង់ឡើយ។ ប៉ុន្តែនាវាទាំងនោះនៅតែអាចត្រូវបានត្រួតពិនិត្យ ដើម្បីស្វែងរកទំនិញហាមឃាត់ ឬផ្ទៀងផ្ទាត់ថាមិនមានបំណងល្មើសវិធានការបិទផ្លូវ។
អាជ្ញាធរអាមេរិកក៏បានណែនាំឱ្យនាវាបញ្ជាក់គោលបំណងធ្វើដំណើរឱ្យបានច្បាស់ ដើម្បីជៀសវាងការយល់ច្រឡំ ឬបញ្ហាជាមួយកងទ័ពជើងទឹកអាមេរិក។ សេចក្ដីជូនដំណឹងបានព្រមានថា ប្រសិនបើនាវាណាមួយមិនអនុវត្តតាមវិធានការបិទផ្លូវ CENTCOM អាចប្រើប្រាស់អាវុធបាញ់បំផ្លាញ ឬបាញ់ឱ្យនាវាបាត់សមត្ថភាពប្រតិបត្តិការ។ មេនាវាត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នជាពិសេស ដើម្បីកុំឱ្យក្រុមនាវិកស្ថិតក្នុងគ្រោះថ្នាក់អំឡុងពេលអនុវត្តវិធានការនេះ។ ការបិទផ្លូវក៏គ្របដណ្ដប់លើនាវាទាំងអស់ដែលសង្ស័យថាកំពុងដឹកជញ្ជូនទំនិញរត់ពន្ធរបស់អ៊ីរ៉ង់ មិនថាកំពុងធ្វើដំណើរនៅទីតាំងណាក៏ដោយ។ ក្នុងអំឡុងការបិទផ្លូវលើកមុន អាមេរិកធ្លាប់ស្ទាក់ចាប់នាវានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។
នៅមិនទាន់ច្បាស់នៅឡើយទេថា ការអនុវត្តវិធានការថ្មីនេះនឹងប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កម្រិតណា។ ទិន្នន័យរបស់ Lloyd’s List Intelligence បង្ហាញថា កាលពីខែមិថុនា ប្រហែល ៧០% នៃនាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ គឺជានាវាមិនមែនរបស់អ៊ីរ៉ង់។
ទោះបីមានការវាយប្រហារពីអ៊ីរ៉ង់នៅចុងខែមិថុនា និងសប្ដាហ៍មុនក៏ដោយ នាវាពាណិជ្ជកម្មនៅតែបន្តធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះក្នុងចំនួនខ្ពស់ជាងមុនថ្ងៃទី១៨ ខែមិថុនា។ ការវាយប្រហារចុងក្រោយលើនាវា MV GFS Galaxy កាលពីថ្ងៃសៅរ៍ បានបណ្ដាលឱ្យនាវិកម្នាក់បាត់ខ្លួន។
បច្ចុប្បន្ន អាមេរិក និងអ៊ីរ៉ង់កំពុងផ្សព្វផ្សាយផ្លូវធ្វើនាវាចរណ៍ខុសគ្នានៅច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ប្រើផ្លូវដែលខ្លួនហៅថា Tehran toll passage ខណៈអាមេរិកណែនាំឱ្យប្រើផ្លូវនៅជិតប្រទេសអូម៉ង់ ទោះបីមានហានិភ័យនៃការវាយប្រហារពីអ៊ីរ៉ង់ក៏ដោយ។ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបង្ហោះសារលើបណ្ដាញសង្គមរបស់លោក កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យអនុវត្តការបិទផ្លូវឡើងវិញ ហើយអះអាងថា សហរដ្ឋអាមេរិកនឹងទទួលបានការទូទាត់សងវិញចំនួន ២០% លើទំនិញទាំងអស់ដែលដឹកជញ្ជូនឆ្លងកាត់។ ទោះជាយ៉ាងណា សេចក្ដីប្រកាសរបស់ CENTCOM និងសេចក្ដីជូនដំណឹងដល់នាវិក មិនបានលើកឡើងអំពីការទូទាត់សងវិញ ២០% នេះឡើយ។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ USNI NEWS