យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើអ៊ីរ៉ង់ជារាត្រីទី៣ជាប់ៗគ្នា នៅថ្ងៃចន្ទ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ឡើងវិញនូវការបិទការដឹកជញ្ជូនរបស់អ៊ីរ៉ង់ និងស្នើឱ្យយកកម្រៃ ២០% សម្រាប់ការការពារច្រកសមុទ្រ Hormuz។ បញ្ជាការកណ្តាលអាមេរិក (U.S. Central Command) បានឱ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងតាមបញ្ជារបស់លោក ត្រាំ បន្ទាប់ពីលោកបានថ្លែងក្នុងកម្មវិធីHugh Hewitt Show ថា អ៊ីរ៉ង់នឹងត្រូវ “វាយប្រហារយ៉ាងធ្ងន់ធ្ងរនៅយប់នេះ ហើយយើងនឹងបន្តវាយនៅថ្ងៃស្អែក។ ពួកគេមិនអាចធ្វើអ្វីមកទប់ស្កាត់បានទេ”។ ក្រោយមក លោកក៏បានបញ្ជាក់នៅសេតវិមានថា ការវាយប្រហាររបស់អាមេរិកផ្តោតលើសមត្ថភាពរបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ Hormuz។ ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួម (UAE) បានឱ្យដឹងថា មីស៊ីល Cruise របស់អ៊ីរ៉ង់បានវាយប្រហារលើនាវាដឹកប្រេងរបស់អេមីរ៉ាតចំនួន២ គឺ Mombasa និង Al Bahiyah ខណៈកំពុងឆ្លងកាត់ផ្លូវនាវាភាគខាងត្បូងនៃច្រកសមុទ្រ Hormuz ក្នុងដែនទឹករបស់ប្រទេសអូម៉ង់ បណ្តាលឱ្យសមាជិកនាវិកម្នាក់រងរបួស និងមនុស្ស៨នាក់ទៀតរងរបួសផងដែរ។

Explosions at an unknown location, during what U.S. Central Command (CENTCOM) says are strikes on Iranian military targets

ស្ថាប័នUnited Kingdom Maritime Trade Operations (UKMTO)ក៏បានរាយការណ៍ថា នាវាដឹកប្រេងមួយគ្រឿងត្រូវបានវាយប្រហារដោយវត្ថុមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងធ្វើដំណើរនៅចម្ងាយប្រមាណ ៤០ ម៉ាយល៍សមុទ្រភាគឦសានទីក្រុង Qalhat របស់អូម៉ង់ ប៉ុន្តែនាវិកទាំងអស់មានសុវត្ថិភាព។ Reuters មិនអាចបញ្ជាក់បានភ្លាមៗថា ហេតុការណ៍នេះជាករណីដូចគ្នានឹងការរាយការណ៍របស់ UAE ឬយ៉ាងណាទេ ខណៈអ៊ីរ៉ង់ក៏មិនទាន់ធ្វើអត្ថាធិប្បាយលើការវាយប្រហារថ្មីនេះដែរ។ ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានអះអាងថា បានវាយប្រហារនាវាដឹកប្រេងខ្នាតយក្ស២គ្រឿង ដែលខ្លួនចាត់ទុកថា “រំលោភបំពាន” បន្ទាប់ពីនាវាទាំងនោះមិនអើពើនឹងការព្រមានជាបន្តបន្ទាប់ និងបានបិទប្រព័ន្ធកំណត់ទីតាំង។ ទោះយ៉ាងណា IRGC មិនបានបញ្ជាក់ឈ្មោះនាវា និងមិនបានបញ្ជាក់ថា ជានាវាដូចគ្នានឹងការលើកឡើងរបស់ UAE ឬអត់នោះទេ។ កងកម្លាំងនេះក៏បានចោទប្រកាន់អាមេរិកថា ជំរុញឱ្យនាវាប្រើប្រាស់ផ្លូវដែលខុសច្បាប់ និងព្រមានថា អ្នកណាសហការជាមួយ “សត្រូវឈ្លានពាន” នឹងប្រឈមការខូចខាត ការពន្យារពេលបើកច្រកសមុទ្រឡើងវិញ និងបង្កវិបត្តិថាមពលពិភពលោក។ នៅប្រទេសបារ៉ែន ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់ និងបំផ្លាញការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ នេះបើតាមទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយរបស់ព្រះមហាក្សត្របារ៉ែន លោក Nabeel Alhamer។ មុននេះ លោក ត្រាំ បានសរសេរលើបណ្តាញ Truth Social ថា៖ «ច្រកសមុទ្រ Hormuz បើកចំហ ហើយនឹងបន្តបើក ទោះមានឬគ្មានអ៊ីរ៉ង់ក៏ដោយ។ យើងកំពុងដាក់ឡើងវិញនូវការបិទអ៊ីរ៉ង់»។ លោកបន្ថែមថា សហរដ្ឋអាមេរិកនឹងក្លាយជា «អ្នកការពារច្រកសមុទ្រ Hormuz» ហើយដើម្បីភាពយុត្តិធម៌ នឹងយកកម្រៃ ២០% លើទំនិញទាំងអស់ដែលដឹកជញ្ជូនឆ្លងកាត់។

មេបញ្ជាការយោធារួមកំពូលរបស់អ៊ីរ៉ង់បានឆ្លើយតបថា អាមេរិកគ្មានសិទ្ធិកំណត់អនាគតនៃច្រកសមុទ្រនេះឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ក៏បានសរសេរលើបណ្តាញ X ថា អ៊ីរ៉ង់គឺជាអ្នកការពារច្រកសមុទ្រ Hormuz និងនឹងបន្តធ្វើតួនាទីនេះ «ជារៀងរហូត»។ លោកក៏បានឆ្លើយតបបែបចំអកចំពោះសំណើរបស់លោក ត្រាំថា «២០% គឺច្រើនពេក។ យើងនឹងមានភាពយុត្តិធម៌»។
ក្រោយការវាយប្រហាររបស់អាមេរិក សារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ពីសំឡេងផ្ទុះនៅទីក្រុងកំពង់ផែ Bandar Abbas កោះ Kish កោះ Qeshm និងកោះ Abu Musa ក្នុងឈូងសមុទ្រពែក្ស។ ទីភ្នាក់ងារ Fars ក៏បានឱ្យដឹងថា ប្រជាពលរដ្ឋនៅទីក្រុង Jam ខេត្ត Bushehr ក៏បានឮសំឡេងផ្ទុះជាច្រើនដែរ ប៉ុន្តែមិនទាន់ដឹងទីតាំងពិតប្រាកដនោះទេ ហើយមិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់។
ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា គ្រាប់មីស៊ីលរបស់អាមេរិកបានវាយប្រហារខេត្ត Khuzestan ភាគនិរតីអ៊ីរ៉ង់នៅព្រឹកថ្ងៃអង្គារ បណ្តាលឱ្យមនុស្ស៤នាក់រងរបួស ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ក៏បានអះអាងថា កងទ័ពអ៊ីរ៉ង់បានបាញ់មីស៊ីល Cruise ទៅលើនាវាយោធាអាមេរិកមួយគ្រឿង និងប្រើដ្រូនវាយប្រហារមូលដ្ឋាន និងសម្ភារៈយោធាអាមេរិកនៅប្រទេសគុយវ៉ែត។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ក៏បានអះអាងថា IRGC បានបាញ់ទម្លាក់ដ្រូនអាមេរិកប្រភេទ MQ-1 នៅលើច្រកសមុទ្រ Hormuz ខណៈស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅប្រទេសបារ៉ែន ដែលជាទីតាំងមូលដ្ឋានយោធាអាមេរិកមួយផងដែរ។

ការវាយប្រហារទៅវិញទៅមកនេះ បានបន្តបង្កើនភាពតានតឹង បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz កាលពីចុងសប្តាហ៍កន្លងទៅ ធ្វើឱ្យក្តីសង្ឃឹមចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្នបញ្ឈប់សង្គ្រាមកាន់តែស្រពិចស្រពិល និងជំរុញឱ្យតម្លៃប្រេងពិភពលោកកើនឡើង។ អង្គការសមុទ្ររបស់អង្គការសហប្រជាជាតិបានជំទាស់នឹងសំណើរបស់លោក ត្រាំ ដោយបញ្ជាក់ថា មិនមានមូលដ្ឋានច្បាប់អន្តរជាតិសម្រាប់ការគិតថ្លៃកាតព្វកិច្ចលើការឆ្លងកាត់ច្រកសមុទ្រអន្តរជាតិនោះទេ។

មជ្ឈមណ្ឌលព័ត៌មានសមុទ្ររួម ដែលដឹកនាំដោយកងទ័ពជើងទឹកអាមេរិក បានឱ្យដឹងថា ការបិទនេះនឹងចាប់ផ្តើមអនុវត្តនៅម៉ោង ២០:០០ GMT ថ្ងៃអង្គារ និងអនុវត្តចំពោះនាវាគ្រប់ប្រភេទ ដោយគ្របដណ្តប់ឆ្នេរសមុទ្រអ៊ីរ៉ង់ទាំងមូល រួមទាំងកំពង់ផែ និងស្ថានីយប្រេង។ ទោះជាយ៉ាងណា ការឆ្លងកាត់របស់នាវាអព្យាក្រឹតទៅកាន់ ឬមកពីគោលដៅក្រៅអ៊ីរ៉ង់ នឹងមិនត្រូវរារាំងឡើយ ហើយជំនួយមនុស្សធម៌នឹងត្រូវអនុញ្ញាត បន្ទាប់ពីការត្រួតពិនិត្យ។ ស្ថានទូតអាមេរិកប្រចាំទីក្រុង Abu Dhabi និងស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុង Dubai ក៏បានលុបចោលការណាត់ជួបសេវាកុងស៊ុលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ដោយសារស្ថានភាពសន្តិសុខក្នុងតំបន់។

Vessels at the Strait of Hormuz, as seen from Musandam

មុនពេលជម្លោះផ្ទុះឡើង ប្រហែល ២០% នៃការដឹកជញ្ជូនប្រេង និងឧស្ម័នពិភពលោក ឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ថ្ងៃ ដែលស្មើនឹងជាង ១៥លានបារ៉ែល មានតម្លៃយ៉ាងហោចណាស់ ១,២ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។ ប្រសិនបើអាមេរិកអនុវត្តការគិតថ្លៃ ២០% ដូចការស្នើ នោះវាអាចប្រមូលចំណូលបានប្រមាណ ២៤០លានដុល្លារ ក្នុងមួយថ្ងៃ។ ជម្លោះដែលអាមេរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការតាំងពីខែកុម្ភៈ បានធ្វើឱ្យតំបន់ឈូងសមុទ្រពែក្សកាន់តែមិនមានស្ថិរភាព ហើយបានរាលដាលទៅកាន់ប្រទេសជាច្រើន ដោយអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅបណ្តាប្រទេសមួយចំនួន។ មនុស្សរាប់ពាន់នាក់បានស្លាប់ក្នុងជម្លោះនេះ ភាគច្រើននៅអ៊ីរ៉ង់ និងលីបង់។ 

តម្លៃប្រេងពិភពលោកបានកើនឡើងជាង ៩% នៅថ្ងៃចន្ទ ខណៈប្រេង Brent បានកត់ត្រាការកើនឡើងប្រចាំថ្ងៃខ្លាំងបំផុតគិតចាប់តាំងពីថ្ងៃទី២ ខែមេសា និងបិទទីផ្សារនៅកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា។ ទិន្នន័យពី MarineTraffic ក៏បានបង្ហាញថា សកម្មភាពនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្លាក់ចុះប្រមាណ ៥២% ក្នុងអំឡុងថ្ងៃទី១០ ដល់ទី១២ ខែកក្កដា បើធៀបនឹងសប្តាហ៍មុន។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters